News

Check out real estate news updates

Mitsubishi Estate នៅ​តែ​មាន​ទំនុក​ចិត្ត​ចំពោះ​ប្រទេស ​ថៃ

ក្រុង​បាងកកៈ ក្រុមហ៊ុន Mitsubishi Estate Group ដែល​ជា​ក្រុមហ៊ុន​​​អចលនទ្រព្យ​ឈាន​មុខ​គេ​មួយ​របស់​​ប្រទេស ជប៉ុន​ នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​​ប្រទេស ​ថៃ ដោយ​សម្លឹង​មើល​វិស័យ​ឡូជីស្ទិក​នៅ​តំបន់​ខាង​ក្រៅ​​ទីក្រុង​បាងកក​ធ្វើ​ជា​ការវិនិយោគ​បន្ទាប់​មួយ បន្ទាប់​ពី​ការ​វិនិយោគ​រួម​គ្នា​ជាមួយ​​​ក្រុមហ៊ុន​អភិវឌ្ឍន៍​ Raimon Land (RML) របស់​​ថៃ​ ដើម្បី​សាងសង់​អគារ​​​ពាណិជ្ជកម្ម​ខ្ពស់ៗ​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​ឆ្នាំ​នេះ​។​

លោក Shigehiro Ono នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mitsubishi Estate Asia ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Mitsubishi Estate Group បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា ​ក្រុមហ៊ុន​របស់​លោក​​មាន​ទំនុក​ចិត្ត​​ក្នុង​រយៈពេល​មធ្យម​ និង​​រយៈពេល​វែង​ចំពោះ​​ប្រទេស ថៃ ទោះបី​ជា​ក្រុមហ៊ុន​​​មាន​ការ​បារម្ភ​តិច​តួច​​​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ​។​

លោក​ថ្លែង​ថា៖ «​ប្រទេស ថៃ ​គឺ​ជា​ទីតាំង​​យុទ្ធសាស្ដ្រ​មួយ​នៅ​អាស៊ី​»។ លោក​​បន្ត​ថា​៖ «​វិស័យ​ដែល​ទាក់ទាញ​បំផុត​ផ្នែក​អចលនទ្រព្យ​ (ដើម្បី​វិនិយោគ​) គឺ​ការិយាល័យ​កម្រិត A ក្នុង​​ទីក្រុង​បាងកក​ បន្ទាប់​មក​វិស័យ​​ឡូជីស្ទិក​​នៅ​តំបន់​​ខាង​ក្រៅ​ទីក្រុង​នេះ​»។​

លោក Ono បញ្ជាក់​ថា ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស ចិន ​ដែល​កើន​ឡើង​​កាន់តែ​ខ្លាំង​ អាច​ផ្លាស់ប្តូរ​មូលដ្ឋាន​ផលិត​ពី​ប្រទេស ចិន ​ទៅ​ប្រទេស ​ថៃ ជា​ពិសេស​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត (EEC)​ ប៉ុន្តែ​ក្រុមហ៊ុន Mitsubishi នឹង​នៅ​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ទីក្រុង​បាងកក​ដដែល​។

លោក​ថ្លែង​​ថា​៖ «​ នៅ​ពេល​បច្ចុប្បន្ន​ យើង​​​មិន​មាន​ផែនការ​​​​​វិនិយោគ​ក្នុង​រយៈពេល​​ពីរ​ បី ​ឆ្នាំ​​បន្ទាប់​នេះ​ទេ​ ដោយសារ​តែ​យើង​ចង់​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អគារ​​​ការិយាល័យ​ខ្ពស់ៗ​ ដែល​យើង​បាន​វិនិយោគ​រួម​ជាមួយ​​ក្រុមហ៊ុន Raimon Land ​»។​ លោក​​បន្ត​ថា៖ «​បើ​ EEC ទាក់ទាញ​ការ​វិនិយោគ​ថ្មីៗ ទីក្រុង​បាងកក​គួរ​តែ​ទទួល​​បាន​អត្ថ​ប្រយោជន៍​ផង​ដែរ​»។​

យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍ ក្រុមហ៊ុន Mitsubishi Estate បាន​ចូល​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស ​ថៃ កាល​ពី​ឆ្នាំ​ ២០១៣ តាមរយៈ​ការ​វិនិយោគ​រួម​ជាមួយ​​ក្រុមហ៊ុន​អភិវឌ្ឍន៍ AP Thailand Plc របស់​ថៃ​ ​សម្រាប់​ការ​អភិវឌ្ឍ​ខុនដូ​នៅ​ទីក្រុង​បាងកក​។ ក្រុមហ៊ុន​ទាំង​ ២ ​បាន​អភិវឌ្ឍ​​គម្រោង​ចំនួន ​១៧ ដោយ​មាន​ចំនួន​សរុប ១៦ ០០០ យូនីត។​

កាល​ពី​ ពីរ បី ​ឆ្នាំ​មុន ​ក្រុមហ៊ុន Mitsubishi បាន​ស្វែងរក​ការ​វិនិយោគ​រួម​មួយ​ ​ដើម្បី​អភិវឌ្ឍ​អគារ​ការិយាល័យ​​កម្រិត A ក្នុង​តំបន់​ខាង​​ក្នុង​ទីក្រុង​បាងកក ដោយសារ​តែ​វិស័យ​នេះ​មាន​​ភាព​រឹងមាំ ជាមួយ​នឹង​តម្រូវការ​រឹងមាំ និង​ផ្ទៃ​ក្រឡា​ទំនេរ​​ទាប​។ ប៉ុន្តែ​ក្រុមហ៊ុន AP ​មិន​មាន​ចំណាប់​អារម្មណ៍​លើ​​ការអភិវឌ្ឍ​​មិន​មែន​លំនៅឋាន​នោះ​ទេ ដូច្នេះ​​ក្រុមហ៊ុន Mitsubishi បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ Raimon Land សម្រាប់​ការ​សាងសង់​​អគារ​ការិយាល័យ​ខ្ពស់ៗ​​លើ​ផ្លូវ Ploenchit Road​។

លោក Ono ថ្លែង​ថា​៖ «​​ការិយាល័យ​នេះ នឹង​ត្រូវ​បាន​ផ្ដល់​ហិរញ្ញប្បទាន​ជាមួយ​នឹង​មូលនិធិ​ថ្មីៗ បាន​ពី​ប្រទេស ​ជប៉ុន តិច​ជាង ​​១,៧ ​ពាន់​លាន​បាត​ (ប្រហែល ៥៤ លាន​ដុល្លារ)»។

ដីឡូត៍​នេះ​មាន​ទំហំ ​៦ រ៉ៃ ​ហើយ​ក្រុមហ៊ុន Raimon Land បាន​ចុះ​កិច្ច​ព្រមព្រៀង​ជួល​កាល​ពី​ចុង​ឆ្នាំ​ ២០១៦។ ជាមួយ​នឹង​ការ​វិនិយោគ​សរុប​ ៨,៨​ ពាន់​លាន​បាត​ ​ក្រុមហ៊ុន Raimon Land និង​ក្រុមហ៊ុន Mitsubishi គ្រោង​​​អភិវឌ្ឍ​អគារ​ខ្ពស់​​កម្ពស់ ​៦១​ ជាន់​ ​ដែល​អាច​មាន​ផ្ទៃ​ក្រឡា​​​ជួល​​ទំហំ​ ៦១​ ០០០ ម៉ែត្រ​ក្រឡា​។​​

លោក​ Lionel Lee ប្រធាន​​ប្រតិបត្តិ​ក្រុមហ៊ុន Raimon Land បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​អគារ​មជ្ឈមណ្ឌល​ One City Centre នេះ​គ្រោង​នឹង​បញ្ចប់​​នៅ​ចុង​ឆ្នាំ ២០២២៕​ LA​

Source From: https://www.postkhmer.com/

Leave a Reply

Your email address will not be published. Required fields are marked *