News

Check out real estate news updates

‘Golden age’ អ្នកជំនាញថា ៩០% នៃអ្នកទិញខុនដូជាជនជាតិខ្មែរ

ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅតំបន់អាស៊ី។ គ្មានអ្វីត្រូវសង្ស័យនោះទេកំណើននេះគឺបានកំពុងជំរុញវិស័យអចលនទ្រព្យឱ្យមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។

ខុនដូដែលជានិន្នាការថ្មីមួយនៃការរស់នៅសម្រាប់កម្ពុជាកំពុងមានការកើនឡើង ហើយក៏កំពុងចាប់យកអ្នកទិញក្នុងស្រុកជាច្រើន។ ពិតណាស់ការទិញខុនដូជាឱកាសវិនិយោគល្អបំផុត។ លំនៅដ្ឋានប្រភេទនេះអាចបង្កើតប្រាក់ចំណូលដ៏រឹងមាំចំណែកតម្លៃវិញនឹងកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំបន្ទាប់។

ក្នុងឆ្នាំកន្លងមកការអភិវឌ្ឍថ្មីៗភាគច្រើនត្រូវបានគេផ្តោតលើតំប​ន់សំខាន់នៅកណ្តាលក្រុង ឬតាមបណ្តោយមហាវិថីសំខាន់ៗដូចជាមហាវិថីព្រះនរោត្តម ឬមហាវិថីព្រះសីហនុ។​ ទិដ្ឋភាពបែបនេះត្រូវបានផ្លាស់ប្តូរចាប់តាំងពីពាក់កណ្តាលឆ្នាំមុន។ តំបន់រីកចម្រើនថ្មីៗដូចជា៖ ខណ្ឌសែន សុខ ទួលគោក និងតំបន់ជ្រោយចង្វារ មើលឃើញថាមានសកម្មភាពសាងសង់ជាច្រើន។

លោក សុត វីរៈ អគ្គនាយកក្រុមហ៊ុន Huttons CPL បាននិយាយថាបច្ចុប្បន្នកម្ពុជាកំពុងស្ថិតក្នុង “យុគសម័យមាស”​ ឬ ‘Golden age’ នៃទីផ្សារអចលនទ្រព្យហើយកំពុងផ្តល់នូវផលចំណេញខ្ពស់ត្រលប់វិញ បើប្រៀបធៀបទៅនឹងប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី។​ លោកថាទីផ្សារទាំងនេះមានភាពចាស់ទុំ ប៉ុន្តែកំពុងរីកចម្រើនក្នុងល្បឿនយឺតហើយតម្លៃអចលនទ្រព្យកើនឡើងតិចតួចប៉ុណ្ណោះ។

លោក វីរៈ បានសង្កត់ធ្ងន់លើកត្តាពីរដែលធ្វើអោយប្រទេសកម្ពុជាមានលក្ខណៈពិសេសដោយឡែកនៅក្នុងតំបន់គឺកត្តាតម្លៃសមរម្យ និងភាពជាម្ចាស់កម្មសិទ្ធិ។

លោក វីរៈ បន្តថា «ទីក្រុងភ្នំពេញបច្ចុប្បន្ននេះស្រដៀងនឹងទីក្រុងហុងកុងក្នុងទសវត្សរ៍ឆ្នាំ១៩៨០»។ លោកបានបន្ថែមថាក្រុមហ៊ុន Knight Frank និងក្រុមហ៊ុនអភិវឌ្ឍន៍អន្តរជាតិល្បីៗដទៃទៀតមានសុទិដ្ឋិនិយមចំពោះអនាគតទីផ្សារអចលនទ្រព្យកម្ពុជា។

យោងតាមរបាយការណ៍ប្រចាំត្រីមាសទី៣ របស់ក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាបានបង្ហាញថាគម្រោងខុនដូថ្មីចំនួន៦គម្រោងបានប្រកាសសាងសង់នៅ ត្រឹមត្រីមាសទី៣​នេះ។ ភាគច្រើននៃគម្រោងទាំងនេះស្ថិតនៅក្នុងតំបន់រីកចម្រើនថ្មី។

គម្រោងថ្មីនេះគ្រោងនឹងបន្ថែមខុនដូចំនួន ២,៣៧៤ យូនីតសម្រាប់ផ្គត់ផ្គង់នៅក្នុងទីផ្សារហើយចំនួននេះនឹងកើនឡើង៥,២%បើប្រៀបធៀបទៅនឹងត្រីមាសមុន។ ចំណុចនេះបង្ហាញថាអ្នកអភិវឌ្ឍន៍កំពុងមានទំនុកចិត្តច្រើននៅក្នុងវិស័យនេះ ហើយកំពុងធ្វើការវិនិយោគយ៉ាងច្រើនបន្ថែមទៀត។

លោក ខន គង្គា ជានាយកប្រតិបត្តិនៃក្រុមហ៊ុ​ន ERA Cambodia បានបង្ហាញពីឱកាសទទួល​បានផលចំណេញពីការវិនិយោគខុនដូ។ ទី១អ្នកទិញនឹងទទួលបានផលចំណេញនៅពេលទិញមុនគម្រោង​ ហើយគម្រោងនឹងកើនឡើងតម្លៃតាមការសាងសង់គម្រោងផ្សេងទៀតនៅជុំវិញ។ ទី២ករណីទិញគម្រោងដែលបញ្ចប់ការសាងសង់ អ្នកទិញនឹងអាចទទួល​បានផលចំណេញខ្ពស់ពីការជួលត្រលប់វិញនៅក្នុងឆ្នាំបន្ទាប់។

បន្ថែមលើសពីនេះទៀត លោក គង្គា បាននិយាយការវិនិយោគជាមួយខុនដូ មិនថាទិញមុនគម្រោងពាក់កណ្តាលគម្រោង ឬក្រោយបញ្ចប់ការសាងសង់ក៏ដោយអ្នកទិញមានលទ្ធភាពចំណេញច្រើនបើធៀបនឹងការយកប្រាក់នៅក្នុងធនាគារ។

លោក គង្គា និយាយថា “ពីមុន៨០%នៃអតិថិជនរបស់ខ្ញុំគឺជាជនបរទេសប៉ុន្តែឥឡូវនេះភាគច្រើនជាប្រជាជនកម្ពុជា”។ លោកបានបញ្ជាក់ថា “តម្លៃខុនដូនៅកម្ពុជានៅមានកម្រិតទាប ទើបធ្វើឱ្យទីផ្សារកំពុងមានភាពទាក់ទាញខ្លាំង។

លោកបញ្ជាក់ដែរថាយូនីតខុនដូលំដាប់ផ្កាយ៥នៅកម្ពុជាអាចលក់ក្នុងតម្លៃចាប់ពី២,៥០០​ដុល្លារទៅ៣,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែខុនដូលំដាប់ផ្កាយ៥ស្រដៀងគ្នានេះនៅសិង្ហបុរី មានតម្លៃខ្ទង់ ១៨,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

បន្ថែមលើលោក គង្គា លោក វីរៈ បានលើកឡើងថា៩០%នៃអ្នកទិញខុនដូរបស់លោកនាពេលបច្ចុប្បន្នគឺជាជនជាតិខ្មែរ។ លោកបានបញ្ជាក់ថា “ក្នុងមួយគម្រោងតាមធម្មតាយើងអាចលក់បាន៥ទៅ៦យូនីតក្នុងមួយខែទៅឲ្យអតិថិជនក្នុងស្រុក”។

លោកបានបញ្ជាក់ថា ទីតាំងងាយស្រួលសេវាកម្ម និងបរិយាកាសល្អ ការរស់នៅបែប​សហគមន៍ និងភាពបត់បែន គឺជាកត្តាសំខាន់ដែលទាក់ទាញអ្នកទិញខុនដូ។ លោកបានបន្ថែមទៀតថា ប្រសិនបើ ម្ចាស់ខុនដូចង់ដាក់ជួល ពួកគេអាចទទួលបានចំណូល ចាប់ពី៨%ក្នុងមួយឆ្នាំ។

ពាក់ព័ន្ធនឹងការលក់នេះដែរ លោក គង្គា បាននិយាយថាការលក់របស់ក្រុមហ៊ុ​ន ERA Cambodia បានកើនឡើងបន្តបន្ទាប់​ ហើយបច្ចុប្បន្នតាមរយៈ ERA Cambodia  ខុនដូរាប់រយយូនីតបានលក់អោយជនជាតិខ្មែរជារៀងរាល់ខែ។

លោក Felix Calimbo Jr នាយកផ្នែកលក់ និងទីផ្សារនៃគម្រោង Bel Air​​ បានលើកឡើងអំពីលក្ខណៈពិសេសនៃភាពបត់បែនរបស់គម្រោងខុនដូ។

លោកបាននិយាយថា «[ខុនដូ]អាចកើនឡើងតម្លៃបានខ្ពស់។ ខុនដូអាចផ្លាស់ប្តូរទៅជាអាផាតមេន ឬសណ្ឋាគារបានចំណែកការវិនិយោគអចលនទ្រព្យប្រភេទផ្សេងទៀតមិនអាចធ្វើបានទេ។

លោក Calimbo បានរំលឹកថាការទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អមួយមិនមែនតែងតែមានន័យថាទទួលបានអចលនទ្រព្យមួយដែលមានគុណភាពល្អនោះទេ។ លោកបានណែនាំឲ្យ អតិថិជនយកចិត្តទុកត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហាផ្នែកច្បាប់មុនពេលធ្វើការសម្រេចចិត្តណាមួយ។

ទោះជាយ៉ាងណាសម្រាប់ការរំពឹងទុកចំពោះទីផ្សារនៅពេលអនាគតលោក Calimbo  រំពឹងថាខុនដូនឹងកាន់តែមានលក្ខណៈពិសេសហើយសម្រាប់ទីក្រុងរីកចម្រើនថ្មីដូចជាទីក្រុងភ្នំពេញនឹងមានអគារខ្ពស់ៗច្រើនថែមទៀត។

Source From: https://business-cambodia.com/2018/11/04/90-buyer-condo-cambodian/

Leave a Reply

Your email address will not be published. Required fields are marked *