News

Check out real estate news updates

FTA វៀតណាម-អឺរ៉ុប ​ជំរុញ​អចលនទ្រព្យ​ឧស្សាហកម្ម​វៀតណាម

ក្រុង​ហាណូយៈ ក្រុម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​ និង​វៀតណាម (EVFTA) នឹង​មាន​ផល​ប៉ះពាល់​វិជ្ជមាន​លើ​ទីផ្សារ​​អចលនទ្រព្យ​របស់​វៀតណាម ជា​ពិសេស​អចលនទ្រព្យ​​​ឧស្សហកម្ម​។

EVFTA គឺ​ជា​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​មួយ​ដែល​ជំរុញ​វិស័យ​ឧស្សាហកម្ម និង​ការ​នាំចេញ​របស់​​​វៀតណាម តាមរយៈ​ការ​លុប​ចោល​ពន្ធ​នាំចូល​ ៩៩ ភាគរយ ​លើ​ទំនិញ​របស់​​ភាគី​ទាំង ​២។​

តំបន់​ឧស្សាហកម្ម​របស់​វៀតណាម​កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ក្រុម​វិនិយោគិន ជា​ពិសេស​អ្នក​ដែល​មក​ពី​អឺរ៉ុប​។​

លោក Troy Griffiths នាយក​រង​ផ្នែក​គ្រប់គ្រង​​នៅ​​ក្រុមហ៊ុន Savills Vietnam បាន​ឲ្យ​ដឹង​ថា ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​ប្រែ​ក្លាយ​ប្រទេស​នេះ​ទៅ​​ជា​ទិសដៅ​​ផលិតកម្ម​មួយ​ឈាន​មុខ​គេ​នៅ​អាស៊ី​។

យោង​តាម​លោក Griffiths ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​​ប្រទេស ​​វៀតណាម និង​ EU នឹង​កើន​​ឡើង​ដោយសារ​តែ​កិច្ច​ព្រមព្រៀង​នេះ ដែល​ធ្វើ​ឲ្យ​មាន​កំណើន​​​​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និង​ការងារ​ និង​ការ​ផ្ដល់​ឱកាស​កាន់​តែ​ច្រើន​​​ក្នុង​ផ្នែក​​អចលនទ្រព្យ​ទាំង​អស់​។​

តាម​រយៈ​ការ​ជួយ​សម្រួល​ដល់​​ការ​អនុវត្ត​បច្ចេកវិទ្យា​​ផលិតកម្ម​ចុង​ក្រោយ​ និង​ការ​ពង្រឹង​ការ​បណ្ដុះបណ្ដាល​​កម្មករ រដ្ឋាភិបាល​​វៀតណាម​បាន​លុប​ចោល​​ជា​បណ្ដើរៗ​នូវ​ក្តី​​បារម្ភ​ដែល​កើត​​មាន​​ក្នុង​ចំណោម​​​​ក្រុមហ៊ុន​បរទេស​ជុំវិញ​​លទ្ធភាព​ កង្វះ​ធនធាន​មនុស្ស​ជំនាញ និង​ការ​បង្កើន​ការ​ចំណាយ។​

ការ​កែ​លម្អ​តម្លាភាព​នៃ​បរិយាកាស​អាជីវកម្ម​នឹង​ជួយ​កាត់​បន្ថយ​ក្តី​​បារម្ភ​របស់​​ក្រុម​វិនិយោគិន ​និង​បង្កើន​ស្ដង់ដា​គុណភាព​​​​​ផលិតកម្ម​នៅ​​​វៀតណាម​។​

របាយការណ៍​មួយ​ផ្សេង​ទៀត​របស់​​​ក្រុមហ៊ុន VNDirect ក៏​បាន​បង្ហាញ​ដែរ​ថា អចលនទ្រព្យ​​ឧស្សាហកម្ម​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ផ្លាស់ប្តូរ​រោងចក្រ​ពី​​​​​ប្រទេស​ផ្សេង​ទៀត​​​មក​​​វៀតណាម​ ដោយសារ​​ក្រុម​វិនិយោគិន​ស្វែងរក​គោល​នយោបាយ​អនុគ្រោះ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ដែល​រួម​ទាំង​​ EVFTA ផង​ដែរ​។​

អចលនទ្រព្យ​ឧស្សាហកម្ម​ត្រូវ​បាន​ចាត់​ទុក​ជា​ឆ្អឹង​ខ្នង​សម្រាប់​​សេដ្ឋកិច្ច​​ផលិតកម្ម​ដែល​កំពុង​អភិវឌ្ឍន៍​ណា​មួយ​។​

ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលនទ្រព្យ​បរទេស CBRE បាន​ឲ្យ​ដឹង​ថា សួន​ឧស្សាហកម្ម (IP) នឹង​បន្ត​កើន​ឡើង។ អត្រា​កាន់​កាប់​ (occupancy rate) ស្ដង់ដា​ប្រហែល​ពី​ ៧០​ ទៅ​ ៩០ ភាគរយ នឹង​ត្រូវ​រក្សា​បាន ​ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​នឹង​ដើរ​តួនាទី​ដ៏​សំខាន់​​​ក្នុង​ជម្រើស​នៃ​ទីតាំង​ជួល​។

សួន​ឧស្សាហកម្ម​ថ្មី​គ្រោង​នឹង​​បង្កើត​ឡើង​ទាំង​នៅ​​ភាគ​ខាង​ជើង និង​ខាង​ត្បូង​ប្រទេស ​វៀតណាម​។​

លោក Nguyen Tran Nam អតីត​អនុ​រដ្ឋមន្ដ្រី​ក្រសួង​សំណង់​វៀតណាម បាន​ឲ្យ​ដឹង​ថា អចលនទ្រព្យ​ឧស្សាហកម្ម​មាន​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​រយៈពេល​ខ្លី មធ្យម និង​វែង​ បើ​​ក្រុម​វិនិយោគិន​ទទួល​បាន​ឱកាស និង​អត្ថប្រយោជន៍​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ លោក​បន្តថា រដ្ឋាភិបាល​គួរ​តែ​បន្ត​វិធី​គ្រប់គ្រង​របស់​ខ្លួន​​ជា​ថ្មី​ ដើម្បី​ជួយ​អភិវឌ្ឍ​អចលនទ្រព្យ​ឧស្សាហកម្ម​។​

លោក​បាន​​ឲ្យ​ដឹង​ថា អាទិភាព​គួរ​តែ​ត្រូវ​បាន​ផ្ដល់​ ដើម្បី​កែ​លម្អ​ការ​គ្រប់គ្រង​រដ្ឋ​ទៅ​លើ​​​ទីផ្សារ​អចលនទ្រព្យ​ ជា​ពិសេស​ទីផ្សារ​អចលនទ្រព្យ​ឧស្សាហកម្ម​ ព្រម​ទាំង​អនុវត្ត​តាម​ស្ដង់ដា​​អន្តរជាតិ​ផង​ដែរ។ តំបន់​ជា​ច្រើន​គួរ​តែ​ចាប់​អារម្មណ៍​​ចំពោះ ការ​​រៀបចំ​ផែនការ​​លើ​ដី​ឧស្សាហកម្ម ដោយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អចលនទ្រព្យ​ឧស្សាហកម្ម​ដែល​​ស្អាត និង​មិន​ប៉ះពាល់​​ដល់​បរិស្ថាន។​

លោក​ថ្លែង​ថា តម្លាភាព​គឺ​ជា​លក្ខខណ្ឌ​តម្រូវ​​មួយ នៅ​ពេល​​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មីៗ។ ការ​រៀបចំ​ផែនការ​គោល​នយោបាយ គួរ​​កាត់​បន្ថយ​ហានិភ័យ​​ ដើម្បី​​​ទាក់ទាញ​ក្រុម​វិនិយោគិន​បរទេស ហើយ​រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សម្រួល​​នីតិវិធី​រដ្ឋបាល​។​

លោក Nguyen Dinh Cung ប្រធាន​វិទ្យាស្ថាន​គ្រប់គ្រង​​សេដ្ឋកិច្ច​មជ្ឈិម (CIEM) បាន​ឲ្យ​ដឹង​ថា អចលនទ្រព្យ​ឧស្សាហកម្ម​របស់​ប្រទេស ​វៀតណាម​ មាន​ភាព​ទាក់ទាញ​ជាង​បណ្ដា​ប្រទេស​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​។ ការ​ចំណាយ​លើ​កម្លាំង​ពលកម្ម​ទាប និង​អត្រា​​ពន្ធ​សាជីវកម្ម​អនុគ្រោះ នឹង​បន្ត​បង្ហាញ​ផល​ប្រយោជន៍​សម្រាប់​វិស័យ​នេះ​។​

នៅ​ត្រឹម​ឆ្នាំ​ ២០២០ ប្រទេស ​វៀតណាម ​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​សួន​ឧស្សាហកម្ម​​ប្រហែល​ ៥០០ ដោយ​មាន​ផ្ទៃ​ក្រឡា​​សរុប​​ចំនួន ៥០០ ០០០ ​ហិកតា​៕​ ANN/LA

 More information visit: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *