News

Check out real estate news updates

CDC អនុម័ត​គម្រោង​សួន​ទឹក​ដ៏​ធំ​នៅ​ជ្រោយចង្វារ និង​សណ្ឋាគារ​ផ្កាយ​៥​ពីរ​កន្លែង​នៅ​ព្រះសីហនុ

ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​ធំៗ​ចំនួន​៤ ទាក់ទិន​នឹង​ការបង្កើត​សួន​ទឹក​កម្សាន្ត សណ្ឋាគារ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទំហំ​វិនិយោគ​សរុប​ជាង ៥០០ លាន​ដុល្លារ​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ CDC នៅ​ថ្ងៃទី​៦​ខែមិថុនា​។​

សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ក្រុមហ៊ុន​ចំនួន​៤​។ ក្នុងនោះ រដ្ឋាភិបាល​បានអនុម័ត​គម្រោង​សាងសង់​សួន​ទឹក​កម្សាន្ត នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ របស់​ក្រុមហ៊ុន PHAT PHNOM PENH CO., LTD លើ​ទុនវិនិយោគ ៥៥​លាន​ដុល្លារ ដែល​បង្កើត​ការងារ ៧១៥​កន្លែង​។​
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន LYP Group បានប្រកាស​ពី​គម្រោង​បង្កើត​សួន​ទឹក​កម្សាន្ត​ដ៏​ធំ​នេះ ក្នុង​តំបន់​អភិវឌ្ឍន៍​របស់លោក លី យ៉ុង​ផាត់ កាលពី​ឆ្នាំ​២០១៨ ។
​ក្រៅពី​គម្រោង​ខាងលើនេះ គម្រោង​សណ្ឋាគារ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន​៣​គម្រោង ត្រូវបាន CDC អនុម័ត​ផងដែរ​។ CDC  បាន​យល់ព្រម​លើ​គម្រោង​សាងសង់​សណ្ឋាគារ​ផ្កាយ​៥ ដែលមាន ១៩៣​បន្ទប់ លើ​ទីតាំង​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ របស់​ក្រុមហ៊ុន​ZHI XU INVESTMENT CO., LTD ក្រោម​ទុនវិនិយោគ ៦២,៨​លាន​ដុល្លារ​។ គម្រោង​នេះ​បង្កើត​ការងារ​ចំនួន ៨៣៩​កន្លែង​។​
​គម្រោង​មួយទៀត គឺ​របស់​ក្រុមហ៊ុន ZHI XIN INVESTMENT CO., LTD ដែល​នឹង​សាងសង់​សណ្ឋាគារ​ផ្កាយ​៤ ចំនួន​៣២៤​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។ គម្រោង​នេះ​ស្ថិតនៅក្រោម​ទុនវិនិយោគ ១១១ លាន​ដុល្លារ និង​អាចបង្កើត​ការងារ ៤៩៦០​កន្លែង​។​
​ចុងក្រោយ គឺ​គម្រោង​សណ្ឋាគារ​ផ្កាយ​៥ ចំនួន​៣៩៣​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។ ក្រុមហ៊ុន​គ្រោង​បោះទុន​វិនិយោគ​ទំហំ ៣០៥​លាន​ដុល្លារ និង​បង្កើត​ការងារ ៤៨៦០​កន្លែង​៕
Source From: https://www.thmeythmey.com/?page=detail&id=79073

Leave a Reply

Your email address will not be published. Required fields are marked *