News

Check out real estate news updates

CBRE: បម្រែបម្រួលអចលនទ្រព្យសំខាន់ៗនៅរាជធានីភ្នំពេញសម្រាប់ឆមាសទី១ឆ្នាំ២០១៩

ភ្នាក់ងារអចលនទ្រព្យអន្ដរជាតិ CBRE Cambodia កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៩ បានចេញផ្សាយរបាយការណ៍ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ ដែលបង្ហាញពីបម្រែបម្រួលរបស់ទីផ្សារ ការិយាល័យ លំនៅដ្ឋាន ទីផ្សារលក់រាយ និងលំនៅដ្ឋានបូករួមទាំងដី។

ដោយសារទីផ្សារអចលនទ្រព្យបច្ចុប្បន្នកំពុងផ្តោតសំខាន់លើវិស័យការិយាល័យ របាយការណ៍បានគូសបញ្ជាក់ថា ក្នុងរយៈពេលបីខែ ការផ្គត់ផ្គង់ការិយាល័យដែលគ្រប់គ្រងដោយម្ចាស់តែមួយបានកើនឡើង ៩,១៨០ ម៉ែត្រការ៉េ ខណៈពេលដែលការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់ច្រើនបានកើនឡើង ១៩,៨១២  ម៉ែត្រការ៉េ ដោយសារតែការបញ្ចប់គម្រោង Diamond Twin Tower។ អត្រាការដែលការិយាល័យត្រូវបានជួលបានកើនឡើង ០,៦ ភាគរយ ត្រីមាស-លើ-ត្រីមាស សម្រាប់ការិយាល័យគ្រប់គ្រងដោយម្ចាស់តែមួយ។

បម្រែបម្រួលបន្ទាប់គឺ វិស័យលំនៅដ្ឋាន ជាមួយនឹងខុនដូរមានការកើនឡើងនៃការផ្គត់ផ្គង់ ៧,៦៩ ភាគរយ ត្រីមាស-លើ-ត្រីមាស ដែលនេះ គឺបន្ថែមខុនដូរចំនួន ១,០៩១ យូនីតទៅក្នុងទីផ្សារ ដែលភាគច្រើនគឺត្រូវបានជំរុញដោយខុនដូរតម្លៃសមរម្យប្រមាណជា ៨៩,៣ ភាគរយក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៩ ។ លើសពីនេះទៀត គម្រោងថ្មីចំនួន៥ ត្រូវបានដាក់ឲ្យដំណើរការក្នុងអំឡុងពេលដូចគ្នា ដែលក្នុងនោះ ៤គម្រោងគឺជាខុនដូរតម្លៃសមរម្យ។  គម្រោង Phnom Penh Star បានបន្ថែមខុនដូរចំនួន ១,១៦៩ យូនីត ចូលទៅក្នុងការផ្គត់ផ្គង់នាពេលអនាគត។

សម្រាប់វិស័យលក់រាយ ក្រុមហ៊ុន CBRE បានគូសបញ្ជាក់ថា ការផ្គត់ផ្គង់ត្រូវបានរំខានដោយសារតែការពន្យារពេលនៃគម្រោងចំនួនពីរដែលមានទំហំផ្ទៃក្រឡាសរុប ១៩,៩៦៥ ម៉ែត្រការ៉េ ខណៈដែលតម្លៃជួលទៅតាមប្រភេទនៃផ្សារនីមួយៗមានការប្រែប្រួលចុះក្រោម ដោយក្នុងនោះ តម្លៃជួលសម្រាប់ទីតាំងល្អនៅត្រឹមត្រីមាសទី ១គឺមានតម្លៃ ២៩.៤ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ អត្រាការជួលពេញស្ថិតក្នុងកម្រិតទាបរយៈពេល ១០ ឆ្នាំ។ វិស័យនេះ ក៏ឃើញមានការបើកគម្រោងថ្មីដែលមានទំហំផ្ទៃក្រឡាសម្រាប់ទីផ្សារលក់រាយប្រមាណជា ១,៨៧០ ម៉ែត្រការ៉េពីគម្រោង Chief Tower។

ទន្ទឹមនឹងនេះដែរ លំនៅដ្ឋានបូករួមទាំងដី (landed property) ដែលក្រុមហ៊ុនទើបតែសិក្សា បានបង្ហាញថា ខណ្ឌសែន សុខ មានគម្រោងលំនៅដ្ឋានបែបបុរីច្រើនជាងគេរហូតដល់ទៅ ៤៥ គម្រោង ស្របពេលដែលខណ្ឌជ្រោយចង្វារក៏កំពុងមានការទាក់ទាញខ្លាំងណាស់ដែរសម្រាប់អ្នកអភិវឌ្ឍន៍កម្រិតកណ្តាលនិងខ្ពស់នាពេលអនាគត។ ផ្ទះល្វែង និងវិឡាកូនកាត់ (linkhouse) ជាប្រភេទផ្ទះដែលពេញនិយមបំផុតក្នុងចំណោមប្រភេទផ្ទះទាំងប្រាំ ដែលក្នុងនោះ ផ្ទះល្វែងមានតម្លៃជាមធ្យមគឺ ១០១,១៤៤ ដុល្លារអាមេរិកសម្រាប់មួយយូនីត និងវិឡាកូនកាត់មានតម្លៃ ១០៨, ៥០៥ ដុល្លារអាមេរិកក្នុងមួយយូនីត។

Source From: https://www.construction-property.com/khread-news-1825/

Leave a Reply

Your email address will not be published. Required fields are marked *