News

Check out real estate news updates

ACU: ជម្លោះដី​នៅ​កោះរ៉ុង ​គឺជា​ឆាក​ល្ខោន​លេង​ដើម្បី​វាត​យក​ដី​របស់​រដ្ឋ

ភ្នំពេញៈ ​លោក​ ឱម​ យ៊ិនទៀង​ ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​ថ្លែង​ថា​ ការ​ព្យាយាម​​យក​ដី​រដ្ឋ​ ៥​២៥​ ហិកតា​ នៅ​កោះរ៉ុង​ គឺ​ជា​ឆាក​ល្ខោន​ដែល​គេ​រៀបចំ​ ហើយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​កំពុង​បន្ត​ជំហានទី​៣ គឺ​ការ​​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​​ចៅ​​សង្កាត់​ និង​ក្រុម​ប្រឹក្សា​សង្កាត់​ពាក់​ព័ន្ធ​នឹង​ ការ​លាង​លុយ​កខ្វក់​។​

​កាល​ពីថ្ងៃ​ចន្ទ​ សប្ដាហ៍​មុន​ ​តុលា​ការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​មនុស្ស​ ៦​ នាក់ ​រួម​មាន​ លោក​ សុខ​ ប៊ុន និង​​មន្ត្រី​សង្កាត់​កោះរ៉ុង​ ៤​ នាក់​ និង​មេភូមិ​ម្នាក់​ លើ​បទ​ចោទ​ ក្លែង​ឯក​សារ​ ប្រើ​ប្រាស់​ឯក​សារ​ក្លែង​ វីតិ​ក្រម បំផ្លាញ​ដោយ​ចេតនា​ និង​គៃ​បំបាត់​ដោយ​ទុច្ចរិត។​

អ្នក​ទាំង​នោះ​រួម​មាន​ ឈ្មោះ ​សុខ ​ប៊ុន ​អគ្គ​នាយក​ក្រុមហ៊ុន សុខ ប៊ុន​ គ្រុប​ ឈ្មោះ ​អ៊ុង និត ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង​កោះរ៉ុ​ង​ ឈ្មោះ ​សេង​ ហួលាង​ ចៅ​សង្កាត់​កោះរ៉ុង​ ឈ្មោះ ហែម សា​ឡេះ ​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​កោះរ៉ុង​ ឈ្មោះ ​កែវ ​សោម​ ចៅ​សង្កាត់​រង​ទី២ ​និង​ឈ្មោះ ​កែវ​ ពៅ មេភូមិ​ព្រែក​ស្វាយ​ សង្កាត់​កោះរ៉ុង។​

​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​ ២៨​ ខែ​ មិថុនា ​កន្លង​ទៅ​បាន​ធ្វើ​សន្និ​សីទ​សារព័ត៌​មាន​មួយ​បង្ហាញ​សំណុំ​រឿង​ចាប់​ខ្លួន​លោក ​សុខ​ ប៊ុន​ និង​មន្ត្រី​ទាំង​​ ៥ ​នាក់។ ​ACU ​​ថ្លែង​ថា​ ករណី​ជម្លោះ​​ដី​ធ្លី​នៅ​កោះ​រ៉ុង ដែល​ពលរដ្ឋ​អះអាង​ថា ​ពួក​គេ​មាន​ទំហំ​ជាង​ ៥០០ ​ហិកតា​នោះ ​គឺ​ជា​ឆាក​ល្ខោន​ដើម្បី​យក​ដី​រដ្ឋ​ ខណៈ​ដែល​ទាំង​លោក​ សុខ​ ប៊ុន​ និង​ពល​រដ្ឋ​ទាំង​នោះ​ មិន​មាន​អ្នក​ណា​មាន​ដី​សូម្បី​ ១ ​ហិកតា។ ​លោក​ចាត់ទុក​ករណី​ដី​ធ្លី​នេះ​ជា​ឆាក​ល្ខោន​រៀប​ចំឡើង​ ​ហើយ​មន្ត្រី​ទាំង​ ៥​ នាក់​ ជា​អ្នក​ក្លែង​ឯក​សារ​ មិន​មែន​ សុខ ប៊ុន ទេ។​

​​លោក​ថ្លែង​ថា៖​ ​«​យើង​ខ្ញុំ​សុំ​ផ្ដាំ​ផ្ញើ ​យើង​ខ្ញុំ​ធ្វើ​ត្រឹម​ ៥ ​នាក់​ និង​ឯក​ជន​ម្នាក់​ ហើយ​សុំ​កុំ​និយាយ​ថា​ធ្វើ​ សុខ​ ប៊ុន និង​បក្ខ​ពួក​គាត់​ មិន​មែន​ទេ​ យើង​ខ្ញុំ​ធ្វើ​មន្ត្រី​សាធារ​ណៈ ​មន្ត្រី​រាជ​ការ​ មន្ត្រី​ដែល​មាន​អា​ណត្តិ​ដោយ​ការ​បោះ​ឆ្នោត​ ៥ ​នាក់ ​ដែល​តែង​បង្កើត​ទំនាស់​ដី​ធ្លី​គ្រប់​បែប​យ៉ាង​តាម​រយៈ​ការ​កេង​បំបាត់​ដោយ​ទុច្ចរិត​ ដោយ​ក្លែង​ឯក​សារ​បំបាត់​ដី​របស់​​រដ្ឋ​ ​ហើយ​បង្កើត​វិបត្តិ​សង្គម។​ ឯ​ សុខ​ ប៊ុន​ ជា​មនុស្ស​ម្នាក់​ចូលរួម​ក្លែង​ជា​មួយ​គេ ​គាត់​ជា​អ្នក​ឯក​ជន​ជាប់​ជា​សហ ​ជាប់​ជា ​(អ្នក​)​ សម​គំនិត​ជាមួយ​គ្នា»។​

​​លោក​បាន​បន្ត​ថា​ ការ​ក្លែង​ឯក​សារ​ដើម្បី​យក​ដី​រដ្ឋ​នេះ ​ប្រព្រឹត្តកាល​ពី​ថ្ងៃ​ទី​ ១៩​ ខែ​ ធ្នូ ​ឆ្នាំ​ ២០១៦ ​ដោយ​លោក សុខ​ ​ប៊ុន​ ​បាន​ទៅ​ស្នាក់​នៅ​កោះ​រ៉ុង​ប្រមាណ​ ៥ ​ថ្ងៃ ​ហើយ​ព្យាយាម​ធ្វើ​ឯកសារ​ដើម្បី​ឲ្យ​មន្ត្រី​សង្កាត់​ការពារ​ដី​​ដែល​អះ​អាង​ថា​ មាន​ ៥២៥​ ហិកតា ​ដែល​បាន​ទិញ​ពី​ឈ្មោះ ​ម៉ាទី។​

​​លោក​ថា​តាម​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ​ឈ្មោះ ​ អ៊ួង ​​និត​ បាន​ក្លែង​ឯក​សារ​ចំនួន ​៣០​ មេភូមិ​ព្រែក​ស្វាយ​ កែវ ពៅ​ បាន​ក្លែង​ចំនួន ​៣៨​ ​ឈ្មោះ ​ហែម​ ​សា​ឡេះ ​បាន​ក្លែង​ ១៧​ និង​ឈ្មោះ​ កែវ​ សោម​ បាន​ក្លែង​ ៤​ ឯកសារ។

​លោក​ ​ឱម​ យុិន​ទៀង ​ពន្យល់​ថា​ មាន​ឯក​សារមួយ​ច្បាប់​ដែល​ចុះ​កាលបរិច្ឆេទ​ ១៩៩​៧ ​ប៉ុន្តែ​ជាក់​ស្ដែង​ត្រូវ​បាន​សរសេរ​លើ​ក្រដាស​សម្រាប់​ឯកសារ​ក្រោយ​​ឆ្នាំ ​២០០០។​ ​បន្ទាប់​មក​ឯ​ក​សារ​ដដែល​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ចៅ​សង្កាត់​បណ្ដោះ​អាសន្ន​ ​និង​បញ្ជូន​ទៅ​កា​រិយា​ល័យ​រៀប​ចំដែន​ដី​នគ​រូប​នី​យ​កម្ម ​សំណង់​ និង​ភូមិ​បាល​ខណ្ឌ​មិត្តភាព។​ ​លោក​ថា ​ជាក់​ស្ដែង​នៅ​ពេល​នោះ ​មិនមាន​ចៅ​សង្កាត់​បណ្ដោះ​អា​សន្ន​ទេ​ ​ហើយ​​ក្រសួង​រៀបចំ​ដែនដី នគរូប​នី​យកម្ម​ និងសំណង់ ​ទើប​តែ​បង្កើត​ឆ្នាំ​ ១៩៩៩ ​ប៉ុណ្ណោះ។​

​​លោ​ក​ យិុន​ទៀង ​បន្ត​ថា​៖​ «​ឧក​ញ៉ា​ សុខ ប៊ុន​ ឈ្លោះ​ជា​មួយ​ប្រជា​ជន ​៤២ ​គ្រួសា​រ អំពី​ថា​គាត់​មាន​ដី​ ៥២៥ ហិកតា។ ឯ​ប្រជា​ជន​ប្រកែក​ហើយ​ប្រកែក​ទៀត​ទទួល​ស្គាល់​ថា​ សុខ​ ប៊ុន​ មាន​តែ​ ៥ ​ហិកតា​ទេ ​សល់​ប៉ុន្មាន​របស់​គាត់​ ៤២ ​(គ្រួសារ)។​ ​អ៊ីចឹង​នៅ​ពេល​ដែល​ ៤២​ អត់​មាន​ដី​ សុខ​ ប៊ុន​ អត់​មាន​ដី​ នាំ​គ្នា​ឈ្លោះ​គ្នា​ទៅ​ សុខ​ ប៊ុន​បាន​ដី​ ​៥ ​ហិកតា ​សុខ​ ប៊ុន​ បន្តិច​ទៀត​ធ្វើ​ជា​ចាញ់​ប្រជាជន​ហើយ»។​

លោក​បន្ត​ថា​៖ ​«​អ្នក​ណា​អ្នក​បាត់​ដី?​ រដ្ឋ ៥២៥​ ហិកតា។​ ​អា​នេះ​ចំណង​ជើង​នៃ​សាច់​រឿង​ល្ខោន​វា​ចេញ​អ៊ីចឹង »។​

​លោក​ ​ឱម​ យុិន​ទៀង ​បាន​ថ្លែង​ថា​ ក្នុង​ចំណោម​ពលរដ្ឋ​ ៤២​ ដែល​អះអាង​ទាម​ទារ​ដី​ជាង ​៥០០ ​ហិកតា​ អ្ន​កខ្លះ​ផ្ដិត​មេដៃ​រហូត​ដល់​ ១០ ​ឈ្មោះ​ ហើយ​ជាក់ស្ដែង​មាន​​គ្រួសារ​ប្រមាណ​តែ​ ៦ ​ប៉ុណ្ណោះ។ ​

ដោយ​ឡែក​ឈ្មោះ​​ ហែម​ ​សាឡេះ​ ជា​សមា​ជិក​ក្រុម​ប្រឹក្សា​សង្កាត់​ ក៏​ជា​អ្នក​ប្ដឹង​លោក ​​សុខ​ ប៊ុន​ ផង​ដែរ។​ តែ​ទោះ​យ៉ាង​ណា លោក​ថា​ អ្នក​ដែល​នៅ​សេស​សល់​មិន​បាច់​ភ័យ​បារម្ភ​ទេ ​បើ​សិន​ពួកគេ​មិន​ចេញ​មុខ​តវ៉ា​ បើ​មិន​ដូច្នោះ​ទេ ​លោក​នឹង​បញ្ចេញ​ឯកសារ​បន្ថែម​ដើម្បី​ដាក់​បន្ទុក។​

​​លោក​ពន្យល់​ថា​៖​ ​«​ហែម​ ​សាឡេះ ​ដី​ ១ ​ដុំ​ ក្នុង​ចំណោម​ដី ៣ ​ដុំ គាត់​បាន​ទំហំ​ ១ ៧០០​ ហិកតា ​លេខ​​ប័ណ្ណ​ក្បា​ល​ដី​ ២៦៦​ ​គាត់​គ្រាន់​តែ​បញ្ចាំ​បាន​ ៣,៥​ លាន​ដុល្លារ។​ អ៊ីចឹង​លោក​ ហែម​ សាឡេះ ​កាល​ពី​មុន​គាត់​នៅ​បក្ស​ប្រឆាំង ក៏​​មិន​អាច​រក​លុយ​បាន​ប៉ុណ្ណេះ​ដែរ។​ ​កុំ​ ១ ​ម៉ាត់​ណា ​ខ្ញុំ ​CPPៗ»។​

​​លោក​ ឱម​ យុិន​ទៀត​ ថ្លែង​ថា អ្នកដែល​សកម្ម​ក្នុង​ការ​ញុះ​ញង់​ឲ្យ​ពលរដ្ឋ​តវ៉ា គឺ​​កូន​របស់​ ហែម​ ​សាឡេះ ឈ្មោះ ​ហែម​ ​ឡាយ​ ​ហើយ​ឈ្មោះ​នេះ​ជា​ជំនួយ​ការ​របស់​ចៅ​សង្កាត់​ សេង​ ហួ​លា​ង​ ​ព្រម​ទាំង​ជា​អ្នក​រៀបចំ​កម្លាំង​ចង់​ប្រើ​ហិង្សា​លើ​ក្រុម​ ACU។​

លោក​ថា​ ​ឈ្មោះ ​អ៊ួង​ និត ​មាន​ឋានៈ​​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង​កោះ​រ៉ុង ​ប៉ុ​ន្តែ​ត្រូវ​បាន​​ចាប់​ខ្លួន​ក្រោយ​ពេល​ប្រកាស​ចូល​កាន់​តំណែង​បាន ​១​ ថ្ងៃ។ ​តែ​ក្នុ​ង​ករណី​នេះ ​អ៊ួង​ និត ​មាន​នា​​ទី​តូច​ជាង​​​ចៅ​សង្កាត់​​ សេង​ ហួ​លា​ង ដែល​សព្វថ្ងៃ​ជា​សមាជិក​ អេ​កូ​សុខ ​មាន​ឋានៈ​ស្មើ​រដ្ឋ​លេខា​ធិការ​នៅ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី។

លោក​ ឱម យុិន​ទៀង​ ​បញ្ជាក់​ថា​ កាល​ពី​កន្លង​ទៅ​រដ្ឋាភិ​បាល​បាន​កាត់​ដី​ចំនួន​ ៦៣៧ ​ក្បាល​ដី​ សម្រាប់​ប្រជា​ជន​ ២៩​៨ ​គ្រួសារ ដែល​មាន​ដី​ទំហំ​ ៥២៨ ​ហិកតា។ ​លោក ​ហួលាង​ បាន​ដី​ ២៥ ​ប្លង់​ ស្មើ ២៨ ​ហិកតា​ ខណៈ​ដែល​ប្រជា​ជន​ជាក់​​ស្ដែង​បាន​ប្រ​ហែល​ ២​ ប្លង់​គឺ​ផ្ទះ​សម្រាប់​រស់​នៅ និង​ចម្ការ។

លោក ​ឱម​ យុិន​ទៀ​ង​ ថ្លែង​​ថា​ កាលពី​ឆ្នាំ ​២០១៨​ លោក​ សេង​ ហួលាង​ បាន​ធ្វើ​ហ៊ីប៉ូ​តែក​ដាក់​បញ្ចាំ​ដី​​ ២ ​កន្លែង​ ដើម្បី​ខ្ចី​ប្រាក់​ពី​ធនាការ​ក្នុង​តម្លៃ ១ ​លាន​ដុល្លារ​ក្នុង​ ១​ ប្លង់ ក្នុង​ការ​លក់​ដី​ទៅ​ឲ្យ​មនុស្ស​ម្នាក់។ ​

ចំណែក​ ហែម​ ​សាឡេះ ​បាន​យក​ប្លង់​ដី​ទៅ​ដាក់​ហ៊ីប៉ូ​តែក​នៅ​ធនាគារ​ ដើម្បី​​ខ្ចី​លុយ​ធនា​គារ​ជាង ​៣ លាន​ដុល្លារ ​ក្នុង​ការ​លក់​ដី​របស់​គាត់​។​ ​​ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ទាំង ​៦ នាក់ ​ពលរដ្ឋ​ប្រមាណ​ ៥​០០ នាក់​ មក​ពី​ភូមិ​ចំនួន​ ៣ ​នៅ​លើ​កោះ​រ៉ុង បាន​ជួប​ជុំ​គ្នា​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​សង្កាត់​ និង​មេភូមិ​​ព្រែក​ស្វាយ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ដោយ​ពួក​គេ​អះអាង​ថា ​លោក ​ហួលាង ​ជា​មន្ត្រី ​និង​ចៅ​សង្កាត់​ល្អ​របស់​ពួកគេ។​

​លោក​ ​ឱម​ យិុន​ទៀង ​ថ្លែង​ថា​ ក្រោយ​ពេល​មាន​ការ​តវ៉ា​ពី​សំណាក់​ពលរដ្ឋ​ដូច្នេះ ​លោក​សម្រេច​បន្ត​ទៅ​ជំហាន​ទី​៣​ ​ក្នុង​ជំហាន​ទាំង​ ១០ ​របស់​លោក​ គឺ​ការ​រឹប​​អូស​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ ហែម​ សាឡេះ​ និង​ សេង ហួលាង​ ​ដោយ​ចោទ​ប្រកាន់​ពួក​គេ​ពីបទ​ ​«​លាង​សម្អាត​ប្រាក់»។​

អ្នក​ស្រី ​ស៊ុយ ​ស្រីម៉ុម​ ​បាន​អះអាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា​ អ្ន​ក​ស្រី​បាន​ទៅ​រស់​នៅ​ទី​នោះ​តាំង​ពី​ឆ្នាំ​ ២០១៣ ​មក​ម្ល៉េះដោយ​បាន​ដាំ​ដំណាំ​នៅ​លើ​ដី​ដែល​អ្នក​ស្រីមិន​ដឹង​ទំហំពិត​ប្រាកដ។ ​នៅ​ពេល​សួរ​ថា តើ​អ្នក​ស្រី​ធ្វើ​យ៉ាង​ណា​ទៀត​ពេល​រដ្ឋា​ភិបាល​ប្រកាស​ថា ដី​ទាំង​នោះ​ជា​ដី​របស់​រដ្ឋ​?

អ្នក​ស្រី​ថ្លែង​ថា​៖​ «​មិន​ដឹង​ដែរ នៅ​លើ​អាជ្ញា​ធរ ​នៅ​លើ​រាជ​រដ្ឋាភិ​បាល​។ ​ខ្ញុំ​អត់​ដឹង​ទេ។ ខ្ញុំ​មាន​ដំណាំ​ដាំ​ដុះ​តិចតួច​នៅលើ​ហ្នឹង ​បើ​រដ្ឋាភិបាល​ថា​ អត់​មាន​ អាហ្នឹ​ង​ទៅ​តាម​នោះ​ទៅ​ ព្រោះ​មិន​ដឹង​ថា​ម៉េច​ដែរ»៕​

Source From: https://www.postkhmer.com/

Leave a Reply

Your email address will not be published. Required fields are marked *