News

Check out real estate news updates

៥ឆ្នាំទៀត វិស័យអចលនទ្រព្យកម្ពុជានៅតែបន្តការរីកចម្រើន

វិស័យអចលនទ្រព្យនៅកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត បាវិត កែប និងត​ំបន់់ផ្សេងៗទៀតមើលឃើញពីកំណើនឥតឈប់ឈរនៃការសាងសង់ដែលកំពុងដំណើរការស្របពេលដែលការវិនិយោគធំៗភាគច្រើនមកពីប្រទេសចិនដែលបានជួយជំរុញឲ្យមានភាពរីកចំរើនយ៉ាងខ្លាំង។

ជាក់ស្តែងនៅក្នុងទីក្រុងភ្នំពេញមានគម្រោងអភិវឌ្ឍន៍ជាច្រើនទាំងលំនៅដ្ឋាន ពាណិជ្ជកម្ម និងគម្រោងអភិវឌ្ឍន៍ចម្រុះ ដែលបានបញ្ចប់ការសាងសង់ក្នុងពេលថ្មីៗកំពុងដំណើរ និងស្ថិតនៅក្នុងផែនការសាងសង់ជាដើម។​

ជាលទ្ធផលការផ្គត់ផ្គង់ខុនដូ អាផាតមេន និងបុរី និងលំនៅដ្ឋានផ្សេងៗទៀតមានការកើនឡើង។ ប្រជាជនកម្ពុជាកាន់តែច្រើនបានងើបចេញពីភាពក្រីក្រដោយសារកម្ពុជាបានក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយតម្រូវការអចលនទ្រព្យក៏កំពុងមានកំណើនច្រើនផងដែរ។

តម្លៃអចលនទ្រព្យជាពិសេសនៅក្នុងតំបន់អភិវឌ្ឍន៍បំផុតនៅក្នុងប្រទេសមានការកើនឡើងខ្លាំងប៉ុន្តែនៅតែមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងតម្លៃអចលនទ្រព្យនៅក្នុងប្រទេសជិតខាង។

ទោះបីជាមានការព្យាករណ៍ពីការធ្លាក់ចុះទីផ្សារអចលនទ្រព្យនាពេលអនាគតក៏ដោយ តែការឯកភាព ជាទូទៅក្នុងចំណោមអ្នកជំនាញអចលនទ្រព្យក្នុងស្រុកគឺបានបង្ហាញថាវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងដើរតាមទិសដៅត្រឹមត្រូវ។ ក្នុងរយៈពេល៥ឆ្នាំខាងមុខកំណើននៃវិស័យអចលនទ្រព្យនៅកម្ពុជាត្រូវបានគេរំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំងចំពោះការអភិវឌ្ឍ ខុនដូ និងបុរី ការវិនិយោគផ្ទាល់ពីបរទេសតម្លៃដីតម្រូវការនិងការផ្គត់ផ្គង់។

លោក សុត វីរៈ នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ស៊ីភីអិល បាននិយាយថាកម្ពុជាទទួលបានផល​ចំណេញច្រើនពីស្ថិរភាពនយោបាយ និងទំនុកចិត្តវិនិយោពីវិនិគិនបរទេស។

លោកបាននិយាយថា «ខ្ញុំគិតថាវិស័យអចលនទ្រព្យនៅកម្ពុជានឹងបន្តរីកចម្រើនទៅមុខទៀតក្នុងរយៈ ពេល ៥ ឆ្នាំខាងមុខ»។ លោក វីរៈ បានពន្យល់ថា អ្នកអភិវឌ្ឍន៍ជារឿយៗសម្លឹងមើលពីស្ថានភាព សេដ្ឋកិច្ច និងបច្ចេកវិទ្យា សង្គម និងស្ថិរភាពនយោបាយ នៅពេលវិនិយោគលើទីផ្សារអចលនទ្រព្យ។ លោកបានសង្កត់ធ្ងន់ថា «ស្ថិរភាពនយោបាយគឺជាកត្តាសំខាន់ដែលវិនិយោគិនត្រូវពិនិត្យមើល»។

លោក James Hodge នាយករងនៅក្រុមហ៊ុន CBRE Cambodia បាននិយាយថា «រយៈពេលប៉ុន្មានឆ្នាំខាងមុខទីផ្សារអចលនទ្រព្យនឹងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់គ្រប់លំដាប់នៃអចលនទ្រព្យទាំង អស់ ហើយដែលនឹងអាចប្រកួតប្រជែងគុណភាពជាមួយគម្រោងក្នុងតំបន់លំនៅដ្ឋានផ្សេងៗទៀតនៅទូទាំងតំបន់អាស៊ាន»។

លោកបានសង្កត់ធ្ងន់ថា «ក្រុមហ៊ុនផ្តល់សេវាកម្មអាផាតមិនលំដាប់អន្តរជាតិនឹងកាន់តែមានប្រជា ប្រិយភាពច្រើន ហើយក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកនឹងពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្លាំង ថែមទៀតដើម្បីឈរនៅក្នុងទីផ្សារ»។

ចំពោះការផ្គត់ផ្គង់ លោក វីរៈ បាននិយាយថាលោករំពឹងថានិន្នាការនៃកំណើននាពេលបច្ចុប្បន្ននឹងបន្ត នៅពេលអនាគត។ លោកបានមានប្រសាសន៍ថា «ការផ្គត់ផ្គង់នឹងបន្តកើនឡើងជានិច្ចដែលមានប្រហែលជាង ១០ លានម៉ែត្រការ៉េ ដែលនឹងដាក់បញ្ចូលទៅក្នុងទីផ្សារជារៀងរាល់ឆ្នាំ»។

លោក James Hodge បានយល់ស្របតាមការព្យាកររបស់លោក វីរៈ។ លោកបាននិយាយថា «ការផ្គត់ ផ្គង់កំពុងកើនឡើងនៅគ្រប់វិស័យ ហើយយើងមិនឃើញមានការធ្លាក់ចុះនៃនិន្នាការនេះទេ ដរាបណាសេដ្ឋកិច្ចនៅតែបន្តកំណើនដូចពេលបច្ចុប្បន្ន»។

លោក James បានបន្ថែមថា «គម្រោងអាចមានចំនួនតិចតួចប៉ុន្តែទំហំនៃគម្រោងនឹងកើនឡើងជាពិសេសនៅពេលដែលអ្នកអភិវឌ្ឍន៍ចិនបានចូលមក និងបង្កើតម៉ាកយីហោគម្រោងរបស់ពួកគេ នៅក្នុងទីផ្សារកម្ពុជា»។

ដូចគ្នានេះដែរអ្នកជំនាញទាំងពីរយល់ស្របដូចគ្នាដោយលើកឡើងថាតម្រូវការនឹងមិនធ្លាក់ចុះនោះទេក្នុងពេលឆាប់ៗខាងមុខនេះ។ លោក វីរៈ បាននិយាយថាទាំងអ្នកក្នុងស្រុក និងក្រៅស្រុក នឹងបន្តទិញអចលនទ្រព្យនៅកម្ពុជាក្នុងនោះគម្រោងលំនៅដ្ឋានកម្រិតទាបទៅមធ្យមដែលផ្តល់ជូនអត្រាការប្រាក់ទាប ឬគ្មានការប្រាក់នឹងក្លាយជាទីផ្សារដ៏ធំ។

យោងតាមលោក James ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះទាំងតម្រូវការ និងការផ្គត់ផ្គង់ដែលគាំទ្រដោយអ្នកក្នុងស្រុក និងជនជាតិចិនទំនងជាកត្តាដ៏មានឥទ្ធិពលបំផុតលើវិស័យអចលនទ្រព្យនៅកម្ពុជា។

លោក James និយាយថាទស្សនវិស័យនៃការវិនិយោគរបស់បរទេសសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាក៏មានលក្ខណៈល្អប្រសើរដែរ។ លោកបានកត់សម្គាល់ថា «ការវិនិយោគលើវិស័យផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធនឹងនៅតែត្រូវបានគ្របដណ្ដប់យ៉ាងភាគច្រើនដោយភាគីបរទេស»។

គាំទ្រលើទស្សនៈនេះដែរលោកវីរៈដែលបាននិយាយថាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ លោករំពឹងថាប្រទេសចិននឹងនៅតែបន្តធ្វើជាវិនិយោគិនឈានមុខគេនៅក្នុងប្រទេសកម្ពុជាហើយឈរបន្ទាប់ដោយប្រទេសជប៉ុន កូរ៉េ ម៉ាឡេស៊ី និងវៀតណាម៕

Source From: https://business-cambodia.com/2018/11/12/cambodia-property-sector-next-5-years/

Leave a Reply

Your email address will not be published. Required fields are marked *