News

Check out real estate news updates

ឱកាសល្អ!!ក្រុមហ៊ុនទាំងតូច-ទាំងធំរបស់ជប៉ុននឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត

ក្រុមហ៊ុនជប៉ុនជាច្រើនធ្លាប់បានធ្វើការបណ្តាក់ទុនវិនិយោគលើគម្រោងយ៉ាងច្រើននៅកម្ពុជាដែលបានរួមចំណែកធ្វើឱ្យកម្ពុជាមានការរីកចម្រើនថែមមួយកម្រិតទៀត។

បើយោងតាមរយៈការផ្សព្វផ្សាយនៅបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងផងដែរថាជប៉ុនបាននិងកំពុងគាំទ្រលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការកសាងស្ពានគីហ្សូណា, ស្ពានត្សឺបាសា, ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥, ការអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ, និងការធ្វើឱ្យប្រសើរឡើងនូវការការពារទឹកជំនន់រាជធានីភ្នំពេញជំហានទី៤។

ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥ បាន និង នឹងធ្វើឱ្យផ្លូវទាំងនេះក្លាយជាផ្លូវយុទ្ធសាស្រ្ត ដ៏មានសារៈសំខាន់នៃរបៀងសេដ្ឋកិច្ចភាគខាងត្បូងតភ្ជាប់ប៉ូលសេដ្ឋកិច្ចធំពីរនៃមហាអនុតំបន់មេគង្គ គឺរវាងទីក្រុងហូជីមិញ និងទីក្រុងបាងកក។

ជាក់ស្ដែងរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងក្លាយជាទីក្រុងប្រមូលផ្តុំកណ្តាលដ៏សំខាន់ស្ថិតនៅតាមបណ្ដោយរបៀងសេដ្ឋកិច្ចនេះ ហើយនឹងកាន់តែជំរុញឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុន ជប៉ុនទាំងធំ ទាំងតូច មកបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកនូវផលប្រយោជន៍ជាអតិបរមាពីយុទ្ធសាស្រ្តថៃ+១ និងវៀតណាម+១។

គួរជម្រាបផងដែរថា ស្ពានគីហ្សូណា និងស្ពានត្សឺបាសាដែលជាស្ពានដ៏វែងជាងគេឆ្លងកាត់ទន្លេមេគង្គកម្ពុជានេះ មិនត្រឹមតែបានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងសម្រួលពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម-ឡាវប៉ុណ្ណោះទេ តែក៏បានក្លាយជាទីកន្លែងទេសចរណ៍សម្រាប់ប្រជាជនកម្ពុជាប្រកប ដោយភាពទាក់ទាញផងដែរ។

លើសពីនេះទៅទៀត ការផ្តល់ហិរញ្ញប្បទានសហប្រតិបតិ្តការលើគម្រោងអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានទំហំហិរញ្ញប្បទាន រហូតដល់ប្រមាណជា ២៣ពាន់លានយ៉េន នឹង ជួយប្រែក្លាយកម្ពុជាទៅជាកន្លែងប្រមូលផ្តុំទំនិញឆ្លងកាត់នៅក្នុងតំបន់អាស៊ាន ជាមួយនឹងការបង្កើនសមត្ថភាព គ្រប់គ្រងទំនិញបានដល់៩០ម៉ឺនកុងតឺន័រប្រភេទ ២០ហ្វីត (TEUs) ក្នុងមួយឆ្នាំដែលមានសមត្ថភាពបន្ថែមលើសពីពេលបច្ចុប្បន្ន ២ដង។

ទាំងអស់នេះហើយដែលបង្ហាញពីការយកចិត្តទុកដាក់របស់ជប៉ុនមកលើកម្ពុជាក្នុងការជួយធ្វើឱ្យកម្ពុជាកាន់តែមានការរីកចម្រើនបន្ថែមទៀត ជាមួយនឹងការជំរុញឱ្យមានការវិនិយោគយ៉ាងច្រើនបន្ថែមពីសំណាក់ក្រុមហ៊ុនទាំងធំ ទាំងតូចរបស់ជប៉ុនមកកាន់កម្ពុជា។

More information visit: https://www.business-cambodia.com/public/article/japanese-companies-will-invest-more-in-cambodia

Leave a Reply

Your email address will not be published. Required fields are marked *