News

Check out real estate news updates

ឯកឧត្តមយន្ត មីន អនុញ្ញាតក្រុមហ៊ុនសំណង់ចិនសិក្សាគម្រោងកសាងផ្លូវខេត្តព្រះសីហនុជាផ្លូវការហើយ

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិស្ថានរវាងខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន ឌីអូវើស៊ី ក្រុម ហ៊ុន ឆៃណារេលវេទី១០ អ៊ីនជីនៀរីងគ្រុប ខូអិលធីឌ នៅសាលាខេត្តព្រះសីហនុ។ នេះបើយោងតាមការប្រកាសព័ត៌មានផ្លូវការពីរដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកស្រី Dai Jiayi តំណាងក្រុមហ៊ុន CHINA Railway Hi-Tech Industry Corporation Limited មានប្រសាសន៍ថា ក្រុមហ៊ុនលោកស្រីជាក្រុមហ៊ុនលំដាប់ពិភពលោក ដែលបានសាងសង់សំណង់ធំនៅប្រទេសជាច្រើនលើពិភពលោក ។ ក្រុមហ៊ុនមាន គោលបំណងមកសិក្សាលើគម្រោង ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាននៅខេត្តព្រះសីហនុ ។ តាមការគ្រោងទុកក្រុមហ៊ុនសិក្សារយៈពេលពី៣ ទៅ៦ខែ និងត្រូវបញ្ចប់ ដាក់ជូនឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពិនិត្យ និងសម្រេច ។

ចំណែកឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះក្រុមហ៊ុនមកពីប្រទេសចិន ដែលមានបំណងមកសិក្សាអំពីប្រពន្ធ័ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិស្ថាននៅខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តគាំទ្រ និងផ្តល់សិទ្ធិឱ្យក្រុមហ៊ុនធ្វើការសិក្សាគម្រោងហេដ្ឋរចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិ ស្ថាននៅខេត្តព្រះសីហនុ។

ក្រោយបញ្ចប់ការសិក្សា ក្រុមហ៊ុននឹង ដាក់ជូនទៅរដ្ឋាភិបាលនៃប្រទេសទាំងពីរសម្រេច ដើម្បីរកថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិស្ថាននៅខេត្ដព្រះសីហនុ ឱ្យមានសោភណភាព បរិស្ថានល្អ សមជាទីក្រុងទេសចរណ៏ប្រណីត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ មានក្រុមហ៊ុនចិនធំៗចំនួន​ ៦​ កំពុងសិក្សាគម្រោង​សង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ​ នៅក្រុងព្រះសីហនុ​ បន្ទាប់ពីបានរងការខូចខាតស្ទើរតែទាំងស្រុង​ នារយៈពេលចុងក្រោយនេះ​ ទាក់ទងនឹងគម្រោងសិក្សាក្នុងការកសាងផ្លូវ និងលូ នៅក្រុងព្រះសីហនុ បន្ទាប់ពីរងការខូចខាតស្ទើរតែទាំងស្រុង​។ ក្រុមហ៊ុនចិនដែលមានបំណងក្នុងគម្រោងការស្តារហេដ្ឋារចនាសម្ពន័្ធផ្លូវ លូក្នុងខេត្ត​។ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានរំពឹងថា ក្រុមហ៊ុនចិន​ នឹងអាចធ្វើការជាមួយរដ្ឋបាលខេត្ត​ រួមទាំងមន្ទីរពាក់ព័ន្ធ ក្នុងការស្តារវិស័យហេដ្ឋារចនាសម្ពន័្ធនៅខេត្តព្រះសីហនុ អោយបានល្អប្រសើរ៕

Source From: https://business-cambodia.com/2018/09/30/chines-company-construction-road-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *