News

Check out real estate news updates

ឯកឧត្តមយន្ត មីន ប្តេជ្ញាប្រែក្លាយខេត្តព្រះសីហនុទៅជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” នៅកម្ពុជា

ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុក និងប្រកាសប្រែក្លាយ ខេត្តព្រះសីហនុទៅជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ។ ប្រាក់ចំណូលរបស់​​​ប្រជាពលរដ្ឋម្នាក់ៗទទួលបាន ២,៣៧៣ ដុល្លា អាមេរិក ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ច ​៧.៩% និងកាត់បន្ថយអត្រាភាពក្រីក្រចុះមកត្រឹម ១១.៧២%។​ នេះបើតាមការ របស់ឯកឧត្តមយន្ត មីន អភិបាលខេត្តលើកឡើងក្នុងឱកាសនៃទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៨ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារព្រីនស៍ ថែម កាលពីម្សិលមិញនេះ។

ឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុបានបន្តថា៖ វិស័យទេសចរណ៍ខេត្តព្រះសីហនុ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជម្រុញវិស័យសេដ្ឋកិច្ច ឱ្យកាន់តែមានភាពរីកចម្រើនឈានឡើងជាលំដាប់។

ដោយឡែកចំពោះសេវាកម្មសម្បទាទេសចរណ៍វិញ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ទាំងសណ្ឋាគារកំរិតជាតិ និងកំរិតអន្តជាតិ ដែលបច្ចុប្បន្ននេះ ខេត្តមានមូលដ្ឋានអាជីវកម្មសរុបចំនួន៨៧០ទីតាំង កើនឡើង៨៣ទីតាំង ស្មើនឹង ១០.៥៥% បើប្រៀបធៀបនឹង ៩ខែ ក្នុងឆ្នាំ២០១៧ ខេត្តមានសណ្ឋាគារត្រឹមតែចំនួន ៨៨ ផ្ទះសំណាក់ចំនួន ៣១១ បឹងហ្គាឡូ ១០ ភោជនីយដ្ឋាន និងអាហារដ្ឋាន ២៩១ និងបណ្តាមូលដ្ឋានអាជីវកម្មផ្សេងៗទៀតជាច្រើនកន្លែង។

ឯកឧត្តមបន្ថែមថា រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តខិតខំប្រឹងប្រែងបង្កើតរមណីយដ្ឋានថ្មីៗ កែលម្អឆ្នេរខ្សាច់កម្សាន្ត កែលម្អសោភ័ណភាពទីក្រុង ដាំដើមឈើក្នុងទីក្រុង និងបង្កើតសកម្មភាពទេសចរណ៍ដទៃៗទៀត ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់បំពេញតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនា និងសំរាកលំហែរ នៅខេត្តព្រះសីហនុ។ តែទន្ទឹមនេះរដ្ឋបាលខេត្តក៏នៅតែជួបនូវបញ្ហាប្រឈមធំៗមួយចំនួនដូចជាបញ្ហាសំណល់រឹង(សំរាម)សំណល់រាវហូរចូលសមុទ្រនិងបញ្ហាផ្លូវដែលកំពុងរងការខូចខាតជាដើម។​

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ កំពុងត្រូវបានអភិវឌ្ឍយ៉ាងគំហុក មានអគារពាណិជ្ជកម្ម ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ និងសំណង់ផ្សេងៗជាច្រើននាពេលបច្ចុប្បន្ន​ មានការកើនឡើងយ៉ាងឆាប់រហ័សរយៈពេល ២ឆ្នាំចុងក្រោយនេះ ដែលវិនិយោគភាគច្រើនជាវិនិយោគិនចិន៕

Source From: https://business-cambodia.com

Leave a Reply

Your email address will not be published. Required fields are marked *