News

Check out real estate news updates

ឧកញ៉ា សុខ ប៊ុន​ និង​មន្ត្រី​សង្កាត់​កោះរ៉ុង ៤ រូប​​ ត្រូវ​តុលាការ​ចោទ​រឿង​ក្លែង​ឯកសារ​បន្លំ​យក​ដី​

ព្រះ​សីហនុៈ លោកឧកញ៉ា សុខ ប៊ុន ដែល​ធ្លាប់​​ជាប់​ពន្ធនាគារ​ ​មន្ត្រី​សង្កាត់​កោះ​រ៉ុង​ ៤ នាក់​ និង​មេភូមិ​ម្នាក់​ ត្រូវ​បាន​អង្គភាពប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​ ហើយ​ត្រូវ​តុលាការ​ចោទប្រកាន់​ជា​ច្រើន​បទ​ល្មើស​កាល​ពីម្សិល​មិញ ពាក់​ព័ន្ធ​នឹង​​​ការ​ក្លែង​ឯក​សារ ​ដើម្បី​​បន្លំ​យក​ដី​ទំហំជាង ​៥០០ ​ហិកតា​ ​នៅ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ។

លោក គុជ គឹមឡុង ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​ បាន​បញ្ជាក់កាល​ពី​រសៀល​​ម្សិល​មិញ​ថា លោក​បាន​ទទួល​មនុស្ស​ចំនួន​ ៦​ នាក់ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ដែល​ត្រូវ​បាន​បញ្ជូន​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU ដើម្បី​បន្ត​នីតិវិធី​សាក​សួរពាក់​ព័ន្ធនឹង​រឿង​ដីធ្លី​នៅ​កោះរ៉ុង។

មនុស្ស​​ទាំង ​៦ ​នាក់​រួម​មាន ១-ឧកញ៉ា សុខ ប៊ុន ២-ឈ្មោះ អ៊ុង និត ប្រធាន​ក្រុម​ប្រឹក្សា​សង្កាត់​កោះ​រ៉ុង ៣-ឈ្មោះ សេង ហួលាង ចៅសង្កាត់កោះ​រ៉ុ​​ង​ ៤-ឈ្មោះ ហែម សាឡេះ សមា​ជិក​ក្រុម​ប្រឹក្សា​សង្កាត់​កោះ​រ៉ុង ៥-​ឈ្មោះ កែវ សោម ចៅសង្កាត់រងទី​២ ​នៃ​សង្កាត់​កោះរ៉ុង និង៦-​ឈ្មោះ កែវ ពៅ មេ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង។

លោក គឹម​ឡុង បញ្ជាក់​ថា ឧកញ៉ា សុខ ប៊ុន ត្រូវ​បាន​ចោ​ទ​ពីបទ ក្លែង​បន្លំ​ឯកសារ​សាធា​​រណៈប្រើ​ប្រាស់​ឯកសារ​សាធា​រណៈ​ក្លែង ផ្តើម​គំនិត​ក្នុង​អំពើ​បំផ្លាញ​ដោយ​ចេតនា និង​គៃ​បំបាត់​ដោយ​ទុច្ចរិត ប្រព្រឹត្ត​នៅ​សង្កាត់​កោះ​រ៉ុង ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ ២០១៦ ដ​ល់​ឆ្នាំ​ ២០១៩ តា​​ម​បញ្ញត្តិ​មាត្រា ៦២៩, ៦៣​០ និ​ង​២៨ (៦០១) នៃ​ក្រម​ព្រហ្មទណ្ឌ។

ចំណែក​​ឈ្មោះ អ៊ុង និត ត្រូវ​បាន​ចោទប្រ​កាន់​ពីបទ បំផ្លាញ​ដោយ​ចេតនា និង​គៃ​បំបាត់​ដោយ​ទុច្ចរិត វីតិក្រម ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​តាម​បញ្ញ​ត្តិ​មាត្រា ៦០១,៥៩២,៥៩៣,៦២៩​​ និង ៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ។

ចំណែក​ឈ្មោះ សេង ហូលា​ង​, ឈ្មោះ ហែម សាឡេះ, ឈ្មោះ កែវ សោម, និង​ឈ្មោះ កែវ ពៅ ត្រូវ​បាន​ចោទ​ពីបទ បំផ្លាញ​ដោ​យ​​ចេតនា និង​គៃ​បំបាត់​ដោយ​ទុច្ចរិត ក្លែង​បន្លំ​ឯក​សារ​សាធា​​រណៈ និង​ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង តាម​បញ្ញត្តិ​មាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង ៦៣០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។ លោក គឹមឡុង ថ្លែង​ថា​ លោក​មិន​ទាន់​អាច​លម្អិត​ពី​រឿង​នេះបាន​ទេ​ ដោយសារ​វា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ស៊ើបសួរ​ដោយ​ចៅក្រម​ស៊ើប។

លោក នួន ប៊ុនថុល អភិបា​ល​​ក្រុង​កោះ​រ៉ុងដែល​ទើប​ចូល​កា​ន់​​តំណែង​បាន​ ៥ ​ថ្ងៃ​ ​ថ្លែង​ថា​លោ​ក​​​មិន​បាន​ដឹង​ព័ត៌មាន​ពាក់​ព័ន្ធ​រឿ​ង​​នេះ​ទេដោយ​បាន​ត្រឹម​ដឹង​ថា កា​​ល​ពី​ ២​ សប្ដាហ៍​មុនមន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ដល់​មូលដ្ឋាន។

លោក ឃាង ភារម្យ អ្នក​នាំ​​ពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ ថ្លែង​​ថា​ លោក​មិន​មាន​​ព័ត៌មាន​ច្បាស់​ការ​ទេ ដោយ​ស្នើ​ឲ្យ​ទាក់ទងទៅ​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយនិង​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​វិញ។

ពលរដ្ឋ​មួយ​ចំនួនដែល​ភ្នំពេញប៉ុស្តិ៍​សម្ភាស​កាល​ពី​ខែ​មុនបា​ន​​បញ្ជាក់​ថា កាល​ពី​កន្លង​ទៅ លោ​​កឧក​ញ៉ា​ សុខ ប៊ុន ​បាន​យក​​ឯកសារ​ផ្ទេរ​​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​មួយ​ច្បាប់​ ទៅ​ឲ្យ​អាជ្ញាធរ​ភូមិ​ សង្កាត់​ដើម្បី​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​តាមផ្លូវ​​ច្បាប់ ​ដោយ​ក្នុង​ឯកសារ​នោះ​ បញ្ជាក់ថា​ ដីទំ​ហំ​ជាង​ ៥០០ ហិកតា ជា​របស់​លោក សុខ​ ប៊ុន ដែល​​បាន​មកពី​ការទិញ​ពី​បុរស​ម្នាក់​ឈ្មោះ​ ម៉ា ស៊ី ​ជាអ្នក​រស់​នៅ​ក្នុង​ភូមិ​ព្រៃស្វាយ ​សង្កា​ត់​​កោះរ៉ុង​នេះ​តាំង​ពី​ឆ្នាំ ២០០២​។​ ប៉ុន្តែ​អាជ្ញាធរ​ ភូមិ-សង្កាត់ ចាត់ទុក​ឯកសារ​នោះ​ជាឯកសារ​មិ​ន​​ប្រ​ក្រ​តី ​និង ​បដិសេធ​ការចុះ​ហត្ថ​លេ​ខា​​ទទួល​ស្គាល់​លើ​ឯកសារ​នោះ។

ពលរដ្ឋ​​​​ម្នាក់​ឈ្មោះ ហាន សុខខៃ អះអាង​កាល​ពី​ពេល​នោះ​ថា អ្នក​ស្រី​​និង​ពល​រដ្ឋ​​ជាង​ ៤០ គ្រួសារ​ផ្សេង​ទៀតបានរស់នៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​ ២០​១​២ ប៉ុន្តែ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន លោក សុខ ប៊ុន និង​បក្ខ​ពួក​បាន​ចុះ​ទៅវាស់​វែង​ដី​នោះ​ម្ដង​។ ទោះ​យ៉ាង​ណា​ការ​វាស់​វែង​មិន​បាន​សម្រេច​ទេ​ ដោយសារ​​ពលរដ្ឋ​បាន​រារាំង។

អ្នក​ស្រី សុខខៃ​ ថ្លែង​​កាល​ពី​ខែ​មុន​ថា​៖ «​ប្រមុខ​រដ្ឋាភិបាល​ បានផ្ដល់​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី​ស្រប​​ច្បាប់​ជា​លក្ខណៈ​ប្រព័ន្ធ​ ដល់​គ្រួសារ​ខ្ញុំ​ និង​ប្រជា​ពល​រដ្ឋ​ជាង ​៤០​ គ្រួសារ​ទៀត​នៅ​ទីនេះ​តាំ​ង​ពី​ឆ្នាំ​ ២០១៥ ​មក​ម្ល៉េះ។ ប៉ុន្តែ​មិនដឹងថា​ ហេតុអ្វី​បាន​ជា​លោ​ក​ឧកញ៉ា​នោះ​គាត់​ហ៊ាន​ធ្វើ​ឯក​សារ​ក្លែង​បន្លំ​ គ្របដណ្ដប់​យក​ដី​យើង​ខ្ញុំ​បែប​នេះ»។ ប៉ុន្តែ​នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិល​មិ​ញ អ្នក​ស្រី សុខខៃ ស្នើ​សុំ​​មិន​អត្ថាធិប្បាយ​រឿង​នេះ​ទេ។

​លោក​ ​សេង ហួលាង ​ចៅ​​សង្កាត់​កោះរ៉ុងដែល​ត្រូវ​ចាប់​ខ្លួន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ខែ​មុន​ថា ​លោក​ទទួល​ស្គាល់​ថា ​ឧកញ៉ា សុខ ប៊ុន ​​មា​ន​ដី​នៅ​ទីនេះ ​ប៉ុន្តែ​ដី​នោះ ​មាន​ត្រឹមតែ​ជាង​ ៥ ហិកតា​ប៉ុណ្ណោះ ហើយ​ពលរដ្ឋ​បាន​ស្នើ​ទៅ​ថ្នាក់​ខេត្ត​ ដើម្បី​សុំ​អន្តរាគមន៍​រក​ដំណោះ​ស្រាយ​មិន​ឲ្យ​លោក សុខ ប៊ុន​ រំលោភ​យក។​

ចំណែក​លោក​ កែវ ពៅ​ មេភូ​មិ​​ព្រៃស្វាយ ​បាន​និយាយ​ថា​ ​​អ្នក​ភូមិ​របស់​លោក​មិន​មាន​​នរណា​​ម្នាក់​​មាន​​ដី​​ធំ​​ដល់​ ៥០០ ហិក​តាទេ​ ​សូម្បី​តែ​ ១០ ហិកតា ​ក៏​គ្មាន​ដែរ។ ដូច្នេះ​លោក​​បដិសេ​ធ​ចុះហត្ថលេខា​ទទួល​ស្គាល់​លើ​ឯក​សារ​ផ្ទេរ​សិទ្ធិ​នោះ​ ព្រោះ​វា​មាន​ភាព​មិន​ប្រក្រតី។

គួរ​រំឭក​ផង​ដែរ លោក សុខ ប៊ុន ធ្លាប់​ត្រូវ​បានតុលាការ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ ៣​ ឆ្នាំ ម្ដង​​រួច​មក​ហើយ​កាល​ពី ខែ កុម្ភៈ​ ​ឆ្នាំ​​​ ២០​១​៦ ប៉ុន្តែ​ឲ្យ​អនុវត្ត​ទោស​តែ​ ១០​ ខែ ពាក់ព័ន្ធ​នឹង​ហិង្សា​ទៅ​លើ​ពិធី​ការិនី​ទូរទស្សន៍ ឯក សុជាតា ហៅ សា សា កាល​ពី​ខែ ​កក្កដា ឆ្នាំ ២០១៥៕

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *