News

Check out real estate news updates

ឧកញ៉ា​ពុង ឃាវ​សែ៖ ផលិតផល​សំណង់ ៦០០ប្រភេទ បានបង្ហាញ​ក្នុង​ពិព័រណ៍ឧស្សាហកម្ម សំណង់២០១៨

ភ្នំពេញ៖ លោក​ឧកញ៉ា​ពុង ឃាវ​សែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​ថ្លែងថា ពិព័រណ៍​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា​ក្នុងឆ្នាំនេះ មាន​ក្រុមហ៊ុន​ចូលរួម​ចំនួន១៨៦ក្រុមហ៊ុន និង​មាន​ផលិតផល​ប្រមាណ៦០០ប្រភេទ​ត្រូវបាន​ដាក់តាំង​បង្ហាញ។

លោក​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង ពិធី​បើក​មហាសន្និបាត​បូកសរុប​សកម្មភាព​ការងារ​លើក​ទី៧របស់​សមាគម និង​ព្រឹត្តិការណ៍​ការតាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា២០១៨ ដែល​រៀបចំ​ដោយ​សមាគម អ្នក​សាងសង់​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី២៩ វិច្ឆិកា​នេះ​ថា

នេះ​គឺជា​ឆ្នាំ៧ហើយ ដែល​សមាគមន៍​បានរៀបចំ​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់​សមាគមន៍ ហើយក៏​ជា​លើក​ទី៥ នៃ​ការរៀបចំ​តាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ជា​លក្ខណៈ​អន្តរជាតិ​ធំជាងគេ ដែលមាន​ស្តង់​ប្រមាណ៣១០ស្តង់ និង​ផលិតផល​ប្រមាណ៦០០ ប្រភេទ ដែល​ផលិតផល​ទាំងនេះ មាន​ខ្លះ​ជា​ផលិតផល​ក្នុងស្រុក និង​មាន​ខ្លះ​ជា​ផលិតផល ដែល​នាំចូល​មកពី​បណ្តា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ហើយ​ឆ្នាំនេះ សង្កេតឃើញ​មានការ​ចូលរួម ដាក់តាំង​ផលិតផលផ្សេងៗសរុប១៨៦ក្រុមហ៊ុន។

លោក​បន្ថែមថា “ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​គឺ​ចង់បង្ហាញ​ពី​ការអភិវឌ្ឍ ការរីកចំរើន និង​សត្តា​នុព​ល​នៃ​ការវិនិយោគ​លើ​វិស័យ​សំណង់ នៅលើ​ទីផ្សារ​កម្ពុជា​ទាំងមូល។

ជាក់ស្តែង​នៅក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​សំណង់​អគារខ្ពស់ៗ ទំនើបៗ ធំ​ស្កឹ​ង​ស្កៃ​បាន​រីកដុះដាល​គួរអោយ​មាន​ភាព​ស្ងប់​ស្ងែ​ង ដូចជា មាន​សំណង់​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ការិយាល័យ ធានា​គារ ផ្សារ​ទំនើប សណ្ឋាគារ អគារ​ស្នាក់នៅ​រួម និង​បុរី​លំនៅដ្ឋាន​បាន​សាងសង់​ឡើងជា​បន្តបន្ទាប់ ដែល​សំណង់​ទាំង​មាន​លក្ខណៈទំនើបៗ ទាន់សម័យ ហើយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា និង​សម្ភារៈ បរិក្ខារ ឧបករណ៍​ក្នុងការ​សាងសង់​ទាំងអស់​សុទ្ធសឹង​មានគុណ​ភាពល្អ និង​លក្ខណៈ​បច្ចេកទេស​ទំនើប និង​មាន​ស្តង់ដារ​ត្រឹមត្រូវ ពុំ​ចាញ់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដទៃទៀត នៅលើ​ពិភពលោក​ឡើយ ហើយ​សំណង់​ទាំងនេះ បានប្រែក្លាយ​ទិដ្ឋភាព​ទីក្រុង​ភ្នំពេញ​អោយ​ស្រស់បំព្រង។

លោក​ឧកញ៉ា​ពុង ឃាវ​សែ​បាន​បន្តថា សមាគម​អ្នក​សាងសង់​កម្ពុជា​បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្តល់​ឪ​កាស​អោយ​សមាជិកសមាគម ដែល​បច្ចុប្បន្ន​មាន១៤៨ក្រុមហ៊ុន និង​ធុរកិច្ច​ជនផ្សេងៗទៀត ដែលមាន​មុខរបរ​ជំនួញ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា និង​អ្នក​ដែល​នៅក្រៅ​ប្រទេស​មាន​ឪ​កាស បានមក​ធ្វើការ​ទំនាក់ទំនង​ពិភាក្សា អំពី​កិច្ចការជំនួញ​ពាណិជ្ជកម្ម​ជាមួយគ្នា​ដោយផ្ទាល់ និង​យ៉ាង​ជិតស្និត​បំផុត ដើម្បីអោយ​ដឹង​ច្បាស់​ពី​តម្រូវការ និង​ការផ្គត់ផ្គង់​សម្ភារៈ ឧបករណ៍ និង​គ្រឿងចក្រ​សំណង់​លើ​ទីផ្សារ​កម្ពុជា៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *