News

Check out real estate news updates

អ្នក​ជំនាញ​អចលន​ទ្រព្យ​ ជំរុញ​ឲ្យ​ក្រុមហ៊ុន​ឡាវ​អភិវឌ្ឍ​គម្រោង​អាផាតមិន

ក្រុង​វៀងចន្ទន៍ៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ក្នុង​ប្រទេស​ ឡាវ ចាំ​បាច់​ត្រូវ​​​វិនិយោគ​លើ​ការ​សាងសង់​អាផាតមិន​​ជា​ជាង​វិនិយោគ​តែ​លើ​គម្រោង​ខុនដូ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​អ្នក​វាយ​តម្លៃ​អចលន​ទ្រព្យ​ប្រចាំ​តំបន់​នា​ពេល​ថ្មី​ៗ​នេះ។

លោក Sopon Pornchokchai អ្នក​វាយ​តម្លៃ​ និង​ជា​អ្នក​ស្រាវ​ជ្រាវ​អចលន​ទ្រព្យ​ល្បី​ឈ្មោះ​មួយ​រូប​​របស់​ប្រទេស​ ថៃ ដែល​​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​ដីធ្លី និង​លំនៅឋាន​នៅ​ក្នុង​តំបន់​អាស៊ាន អា្រហ្វិក និង​អាមេរិក​ខាង​ត្បូង បាន​ថ្លែង​​ថា ទីក្រុង​នានា​របស់​ប្រទេស​ ឡាវ មាន​ទំហំ​តូច ហើយ​កំណើន​ប្រជាជន​ទាប។

លោក​មាន​ប្រសាសន៍​ថា៖ «គម្រោង​​លំនៅឋាន​ធំ​ៗ​ក្នុង​ទីក្រុង​វៀងចន្ទន៍ ទំនង​ជា​ទទួល​រង​ការ​ខក​ចិត្ត​ ពី​ព្រោះ​គម្រោង​ទាំង​នោះ​មិន​ស័ក្តិសម​សម្រាប់​ទីក្រុង​តូច​បែប​នេះ​ទេ ប៉ុន្តែ​គម្រោង​អាផាតមិន នឹង​រីកចម្រើន»។

លោក Sopon ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា អ្នក​ទិញ​ធំ​ៗ​នូវ​​​អាផាតមិន នឹង​ជា​បុគ្គលិក​រដ្ឋាភិបាល និង​បុគ្គលិក​​ការិយាល័យ។

ក្នុង​អំឡុង​វគ្គ​បណ្តុះបណ្តាល​​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​​នា​ពេល​ថ្មី​ៗ​នេះ​​​សម្រាប់​វិនិយោគិន​ឡាវ​ ដែល​មាន​សក្តានុពល លោក Sopon បាន​ឲ្យ​ដឹង​ទៀត​ថា ឧបករណ៍​វិភាគ​ប្រកប​ដោយ​ប្រសិទ្ធភាព ​គួរ​ត្រូវ​បាន​យក​មក​ប្រើប្រាស់ ដើម្បី​វាយ​តម្លៃ​អចលន​ទ្រព្យ​សម្រាប់​គោល​បំណង​វិនិយោគ ហើយការណ៍​នេះ​គួរ​តែ​ធ្វើ​ឡើង​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។

វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​រួម​គ្នា​ដោយ​ក្រុមហ៊ុន​វាយ​តម្លៃ​អចលន​ទ្រព្យ​ Lao Property Valuation Sole Co Ltd និង​ទីភ្នាក់ងារ​កិច្ច​ការ​អចលន​ទ្រព្យ (AREA)។

ក្រុមហ៊ុន​ទាំង​ ២​​ ​បាន​ចុះ​ហត្ថលេខា​​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​មួយ ដើម្បី​នាំ​យក​អ្នក​វាយ​តម្លៃ​អចលន​ទ្រព្យ​ថៃ​ និង​ជា​សាស្រ្តាចារ្យ​រូប​នេះ ឲ្យ​មក​បណ្តុះ​បណ្តាល​ស្តីពី​នីតិ​វិធី​អចលន​ទ្រព្យ និង​ការ​កំណត់​តម្លៃ​ទ្រព្យ​សម្បត្តិ។

វគ្គ​បណ្តុះបណ្តាល​នេះ​​មាន​ការ​ចូល​រួម​ពី​អ្នក​ប្រកប​វិជ្ជាជីវៈ​ វិនិយោគិន និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​​​ក្នុង​​វិស័យ​អចលន​ទ្រព្យ​មួយ​ចំនួន ដើម្បី​មក​​រៀន​សូត្រ​អំពី​ការ​កំណត់​តម្លៃ​អចលន​ទ្រព្យ​ដោយ​មាន​ទំនុក​ចិត្ត មុន​ពេល​ដាក់​លក់​ទៅ​ក្នុង​ទីផ្សារ។

ភ្នាក់ងារ​អចលន​ទ្រព្យ ឈ្មួញ​ជើងសារ ធនាគារិក និង​អ្នក​វាយ​តម្លៃ​អចលន​ទ្រព្យ ក៏​​បាន​រៀន​សូត្រ​អំពី​របៀប​​វាយ​តម្លៃ​អចលន​ទ្រព្យ​ផង​ដែរ៕ ANN/KC

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *