News

Check out real estate news updates

អ្នកវិនិយោគិនចិនកំពុងពន្លឿនការសាងសង់ផ្លូវជាតិលេខ៣ ខណៈគ្រោងដាក់គ្រឿងចក្រដើម្បីធ្វើនៅខែកញ្ញា​​

ផ្លូវជាតិលេខ៣ ជាផ្លូវដ៏សំខាន់​មួយរបស់​កម្ពុជាក្នុង​ការដឹកជញ្ចូន​ទំនិញ​ទៅកំពង់ផែ​ទឹកជ្រៅនៅពេលអនាគតដ៏ខ្លីខាងមុននេះ ស្របពេលខេត្តកំពត​គ្រោងសាងសង់​កំពង់ផែទឹក​ជ្រៅដែល​មានសមត្ថភាពអនុញ្ញាឲ្យនាវាសមុទ្រធុនធំផ្ទុកទំនិញពី១ម៉ឺនតោន ដល់៣ម៉ឺនតោន អាចចូលចត​ផ្ទេរ និងផ្ទុកទំនិញបាន។

ម៉្យងវិញទៀត ផ្លូវជាតិលេខ៣ ​នឹងមានការពង្រីកឱ្យបានធំទូលាយជាងមុនទៅកាន់ខេត្តកំពត ដែល​នឹងកាត់​បន្ថយ​ការចំណាយ​ពេលវេលាយូរសម្រាប់ដឹកជញ្ជូនទំនិញពីខេត្តកំពតមកកាន់រាជធានីភ្នំពេញ ខណៈអម​សង​ខាង​​តំបន់ផ្លូវជាតិលេខ៣នេះ មាន​រោងចក្រ និងបណ្ដាញវារីអគ្គីសនី សំរាប់ផ្គត់ផ្គង់ប្រើប្រាស់ទៀតផង ដែល​នេះជាអំណោយផល នៅក្នុងការធ្វើ​ជាច្រករ​បៀង​សេដ្ឋកិច្ច​មួយបន្ថែមទៀត។

បើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា ឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំជាមួយ អ្នកវិនិយោគិនចិន សាងសង់ផ្លូវជាតិលេខ៣ ដើម្បីពន្លឿន​ការ​សាង​​ផ្លូវ ចាប់ពីក្រុងកំពតទៅដល់ចំណុចរូបសំណាក លោកយាយម៉ៅ។

ក្នុងនោះ កិច្ចប្រជុំនេះ អ្នកវិនិយោគិនចិនបាន ឯកភាពសន្យា ដូចខាងក្រោម៖

– ដាក់ផ្លាកសញ្ញាចរាចរណ៍ ៤០km/h

– ទទួលខុសត្រូវលើការ កៀរផ្លូវឲ្យស្មើ និងស្រោចទឹក។

– ក្រុមហ៊ុននឹងចាប់ផ្តើមដាក់គ្រឿងចក្រ ទាំងអស់មកធ្វើ នៅថ្ងៃទី១៥ ខែកញ្ញា។

– នៅចន្លោះដើមខែតុលា បើមិនមានភ្លៀងទេ ក្រុមហ៊ុននឹងក្រាលថ្មមិច កម្រាស់៣តឹក និងក្រាលកៅស៊ូកុំឲ្យហុយ។

– នៅដើមខែមករា ឆ្នាំ២០២០ ក្រុមហ៊ុននឹងអ៊ុតកៅស៊ូ ១ជាន់ កម្រាស់៤ហ៊ុន ជាជំហានទី១

-ព្រមទាំងបន្តសកម្មភាព ធ្វើយ៉ាងណាឲ្យ កំណាត់ផ្លូវ ចាប់ពីក្រុងកំពតទៅដល់ចំណុចរូបសំណាកលោកយាយម៉ៅ បានប្រសើរមុនគេ។

គួរជម្រាបផងដែរ កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ ដោយយោងតាមលទ្ធផល​នៃការត្រួតពិនិត្យគុណភាព​ផ្លូវចាប់ពីទី​រួម​ខេត្ត​​កំពតដល់រង្វង់មូលវាលរេញ ដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន​ បានឲ្យដឹងថា បន្ទាប់ពីធ្វើការជួសជុលនិងកែលម្អឡើងវិញអស់រយៈពេលជាងមួយឆ្នាំមក ផ្លូវជាតិលេខ៣សម្រេចការ​សាងសង់​បានជិត៧០ភាគរយហើយ តែក្រសួងសាធារណការ និងដឹកជញ្ជូនបដិសេធមិនទទួលយកបើផ្លូវមួយខ្សែនេះ មិនទាន់​មានគុណភាពល្អគ្រប់គ្រាន់ និងបានដាក់បញ្ជាយ៉ាងកំហិតឲ្យក្រុមហ៊ុនសាងសង់ធ្វើការកែលម្អឡើងវិញ។ហេតុនេះហើយសង្ឃឹម​ថា​ការ​ស្ថាបនាផ្លូវជាតិទាំងអស់នឹងមានគុណភាព និងប្រសិទ្ធភាពខ្ពស់ អាចប្រើប្រាស់បានរយៈពេលវែង និងមិនមានផលប៉ះពាល់។

More information visit: https://www.business-cambodia.com/public/article/chinese-investors-are-speeding-the-construction-of-national-highway-3-as-scheduled-for-september

Leave a Reply

Your email address will not be published. Required fields are marked *