News

Check out real estate news updates

អ្នកជំនាញ ប្រាប់របៀបទិញផ្ទះបាននៅ បើអ្នកជាបុគ្គលិកប្រាក់ខែមិនច្រើន

ទោះបីជាអភិវឌ្ឍន៍លំនៅឋានប្រឹងប្រែងសាងសង់លំនៅឋានសម្រាប់អ្នកមានចំណូលមិនសូវច្រើនក្តី តែលទ្ធភាពរបស់បុគ្គលិកដែលធ្វើការនៅក្រុមហ៊ុនស្រុកខ្មែរយើងសព្វថ្ងៃ ហាក់ពិបាកសល់លុយទិញផ្ទះសម្រាប់ខ្លួនឯងណាស់ ព្រោះបើធៀបប្រាក់ខែ និងតម្លៃផ្ទះមិនស៊ីគ្នានោះទេ។ បើចង់បានផ្ទះនៅ លុះត្រាតែយុវជន ឬបុគ្គលិកចេះបង្កើនចំណូលបន្ថែម កុំរំពឹងតែប្រាក់ខែ។

បុគ្គលិកអាចមានប្រាក់បៀវត្សខុសៗគ្នា តែបុគ្គលិកមួយចំនួនកំពុងបម្រើការងារក្នុងក្រុមហ៊ុនអាចមានប្រាក់ខែចន្លោះពី៣០០ដុល្លារ ទៅ៥០០ដុល្លារ។ ហើយបើចង់បានផ្ទះផ្ទាល់ខ្លួន ហាក់មិនសូវលំបាកពេកនោះទេ ព្រោះតែគម្រោងអភិវឌ្ឍន៍លំនៅឋានមានច្រើន លក្ខខណ្ឌទិញផ្ទះមានលក្ខណៈងាយស្រួល។ ក៏ប៉ុន្តែនៅមានចម្ងល់មួយ តើបើប្រាក់ខែត្រឹម៥០០ដុល្លារ តើបុគ្គលិកអាចមានលទ្ធភាពទិញផ្ទះបានដែលឬទេ?

បណ្ឌិតគីម ហ៊ាង បានថ្លែងប្រាប់ Business Cambodiaថា ខ្ញុំអាចនិយាយទូទៅថា ឲ្យតែប្រទេសកំពុងអភិវឌ្ឍន៍ មិនថាកម្ពុជាទេ កម្រមានក្រុមហ៊ុនណា ឲ្យប្រាក់ខែបុគ្គលិកសល់លុយទិញផ្ទះណាស់ វាមិនអាចនោះទេ។ ដូច្នេះបើចង់បានផ្ទះនៅ បើធ្វើការត្រូវតែប្រាក់ខែច្រើន និងប្រឡូកក្នុងវិស័យជំនួញ បើយើងមានសំណាងជោគជ័យអាចសល់លុយទិញផ្ទះ ហើយបើមិនហ៊ានចេញរកស៊ី កុំរំពឹងប្រាក់ខែមិនអាចទៅរួចទេ។

លោកបន្តថា សម្រាប់បុគ្គលិកមួយចំនួនធ្វើការនៅក្រុមហ៊ុនអលចនទ្រព្យដែលធ្វើការយកប្រាក់ខែ តែទៅមុខទៀតនឹងធ្វើការបែប self-employed មានន័យថា ធ្វើការឲ្យខ្លួនឯង ធ្វើចឹងទើបយើងមានលុយ។ ហើយពេលអនាគតនឹងរៀបចំឲ្យបុគ្គលិកធ្វើការឲ្យខ្លួនឯង មានប្រាក់ចំណូលអាចមានលទ្ធភាពទិញផ្ទះដោយខ្លួនឯងបាន។ ព្រោះសព្វថ្ងៃបើបុគ្គលិកធ្វើការយកប្រាក់ខែ១០នាក់ មាន១អាចសល់លុយទិញផ្ទះនៅ។ បើធ្វើការរបៀបនេះ ក្រុមហ៊ុនគ្រាន់តែដំបូលទេ តែការងារធ្វើជារបស់គាត់ ពេលនោះ៧ ក្នុងចំណោម១០នាក់នឹងមានផ្ទះនៅ។

លោកបានបញ្ជាក់ថា យើងអាចឧទាហរណ៍ថា បើយើងប្រណាំងទូកនៅក្នុងអាងទឹក ចឹងហានិភ័យមិនសូវមានទេ ហើយអត្ថប្រយោជន៍មិនសូវមានទេ។ តែបើយើងប្រណាំងនៅទន្លេ ឬសមុទ្រ មហាសមុទ្រ គឺមានហានិភ័័យខ្ពស់ តែអត្ថប្រយោជន៍ក៏ខ្ពស់ទៅតាមនោះដែល។

សម្រាប់លោកសុត វីរៈ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ CPL បានថ្លែងថា មាន៣ចំណុច ដែលធ្វើឲ្យបុគ្គលិកមានប្រាក់ខែរង្វង់៥០០ដុល្លារ មានលទ្ធភាពទិញផ្ទះបាន។ ហើយវាចំណុចល្អ ដែលយុវជន ឬបុគ្គលិកក្មេងៗ ចាប់អារម្មណ៍បានផ្ទះនៅដោយខ្លួនឯង មិនពឹងអាស្រ័យនៅជាមួយឪពុកម្តាយខ្លួន ចង់ឯករាជ្យម្ចាស់នៃវាសនា និងការរស់នៅ។

យើងត្រូវតែខិតខំប្រឹងប្រែងធ្វើការឲ្យអស់លទ្ធភាព និងលើលទ្ធភាពនៅក្នុងក្រុមហ៊ុនដែលកំពុងបម្រើការងារ ដើម្បីមានឱកាសឡើងប្រាក់ខែ និងសុំក្រុមហ៊ុនតម្លើងប្រាក់ខែ ព្រោះបើយើងខិតខំប្រឹងប្រែងធ្វើការមានលទ្ធផលល្អ ក៏ក្រុមហ៊ុននឹងមើលឃើញស្នាដៃយើងដែរ។

ក្រៅពីការសុំឡើងប្រាក់ខែ បុគ្គលិកត្រូវតែយកពេលទំនេរពីការងារ មានពេលយប់ និងចុងសប្តាហ៍ កុំពឹងតែប្រាក់ខែប៉ុណ្ណឹង ត្រូវពង្រឹងជំនាញ ហើយរៀនជំនាញថ្មីៗបន្ថែមទៀត ដែលយើងស្រឡាញ់ ហើយអាចទាញចំណូលពីវាបាន។

បើយើងរស់នៅជាជីវិតគ្រួសារថ្មីថ្មើងវិញ ប្តីប្រពន្ធមានប្រាក់ខែរៀងៗខ្លួន អាចជួយសម្រួលយើងក្នុងការទិញផ្ទះ តែត្រូវថែរក្សាកុំអាលមានកូនកំឡុងពេលនេះ ព្រោះប្រាក់ចំណូលទាប បើមាននឹងកាន់តែលំបាក។ តែបើប្តីប្រពន្ធមានចំណូល អាចសហការគ្នាទិញផ្ទះបាន ដោយផ្តោតសំខាន់លើចំណុច២ខាងលើនេះ។

បន្ថែមពីលើនេះ ត្រូវចេះសន្សំ និងឆ្លាតវៃក្នុងការទិញសម្ភារៈនានា ព្រោះមនុស្សជួនកាលទិញរបស់ដែលយើងចង់បាន មិនមែនតម្រូវការចាំបាច់នោះទេ ជាការខ្ជះខ្ជាយមួយ ដែលយើងមិនអាចសន្សំ ហើយបានធ្វើឲ្យយើងអាចមានបញ្ហាហរិញ្ញវត្ថុ។ ហើយសម្ភារៈដែលយើងចង់បាន តែមានចាំបាច់ មាន៖សម្លៀកបំពាក់ថ្លៃៗ ឡានសេរីទំនើប ឧបករណ៍អេឡេចត្រូនិកថ្លៃៗ ដំណើរកម្សាន្តមិនចាំបាច់ជាដើម។

ហើយត្រូវចេះសន្សំលុយបន្ទាប់ពីកាត់បន្ថយចំណាយមិនចាំបាច់។ យើងត្រូវដកពី២០ទៅ៤០ភាគរយនៃប្រាក់ចំណូលប្តីប្រពន្ធ ឬសង្សារ(ចុះសំបុត្ររៀបការ)ក៏អាចធ្វើបាន វានឹងជំរុញឲ្យយើងអាចទិញផ្ទះបាន៕

More Information visit: https://www.business-cambodia.com/public/article/how-to-buy-house-with-low-salary

Leave a Reply

Your email address will not be published. Required fields are marked *