News

Check out real estate news updates

អ្នកជំនាញ​ណែនាំ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​សាងសង់​សណ្ឋាគារ​បន្ថែម ខណៈ​ភ្ញៀវ​ទេសចរ​ហាក់​ធ្លាក់​ចុះ

រាជធានី​ភ្នំពេញ ៖ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​បាន​សម្រុក​មក​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​ប៉ុន្មាន ៥ ឆ្នាំ​ចុង​ក្រោយ​មាន​សន្ទុះ​កើន​ច្រើន​ខ្លាំង បាន​បណ្តាល​ឲ្យ​ការ​ផ្គត់ផ្គង់​សណ្ឋាគារ​សម្រាប់​ស្នាក់​នៅ​ជូន​ភ្ញៀវ​បរទេស​ស្នាក់​នៅ​មិន​គ្រប់គ្រាន់​និង​បាន​ទាមទារ​ឲ្យ​មានការ​សាងសង់​បន្ថែម ។ តែ​សម្រាប់​ដើមឆ្នាំ​នេះ​វិញ​ការ​ផ្គត់ផ្គង់​សណ្ឋាគារ​ហាក់​មាន​ចំនួន​គ្រប់ តែ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ហាក់​ស្ងាត់​បន្តិច ពោល​គឺ​មាន​ទៅ​តាម​រដូវ​កាល​។

ហេតុ​ដូច្នេះ​ហើយ​អ្នក​ប្រតិបត្តិ​ទេសចរណ៍ ជា​ពិសេស​ក្នុង​វិស័យ​សណ្ឋាគារ​នេះ ផ្ទាល់​បាន​ផ្ដល់​ជា​មតិយោបល់​ដល់​វិនិយោគិន​ដែល​ចង់​អភិវឌ្ឍន៍​សណ្ឋាគារ​ថា​គួរ​មានការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​ពិនិត្យ​ឲ្យ​ម៉ត់ចត់​ពី​តម្រូវការ​ភ្ញៀវ​ទៅ​លើ​សណ្ឋាគារ​ប្រភេទ​ណា​ដែល​ចាំបាច់​ត្រូវ​សាងសង់​នោះ​។

​បើ​តាម​លោកស្រី Clais Chenda ( ក្លេ ខៃ ចិន្ដា ) ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ការ​ផ្គត់ផ្គង់​បន្ទប់​សណ្ឋាគារ ទៅ​កាន់​ភ្ញៀវ​ទេសចរ បរទេស​ដែល​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មានការ​ឆ្លើយ​តប​បាន​ល្អ មាន​ន័យ​ថា​មិន​ខ្វៈ​ការ​ផ្គត់ផ្គង់​នោះ​ទេ តែ​ទន្ទឹម​នឹង​នេះ ក៏​គេ​សង្កេត​ឃើញ​តម្រូវការ​ហាក់​មានការ​ធ្លាក់​ចុះ ដែល​ពេល​ខ្លះ​សណ្ឋាគារ​មួយ​ចំនួន​រកតែ​ភ្ញៀវ​ស្នាក់​នៅ​មិន​បាន​ផង ។ ដូច្នេះ​អ្នក​ដែល​ចង់​វិនិយោគ សណ្ឋាគារ​បន្ថែម គួរតែ​គិតគូរ​អោយ​ច្បាស់​មុន​នឹង​សម្រេចចិត្ត ហើយ​ត្រូវ​គិត​ថា​តើ​ទីតាំង​ណា​ដែល​គួរ​វិនិយោគ​សណ្ឋាគារ ហើយ​សណ្ឋាគារ​ប្រភេទ​ណា ដែល​គួរ​វិនិយោគ ។

លោកស្រី​បាន​បន្ត​ថា ដំណាក់​កាលនោះ យើង​មិន​ហាម​អ្នក​វិនិយោគ ដាក់​ទុន​វិនិយោគ​ក្នុង​វិស័យ​សណ្ឋាគារ​នោះ​ទេ តែ​យក​ល្អ​គួរតែ​ផ្អាក​បន្តិច​សិន​រង់ចាំ​មើល តែ​បើសិនជា​សន្ទុះ​ភ្ញៀវ​ទេសចរ​ច្រើន​ឡើង​វិញ ពេល​នេះ​ចាប់ផ្ដើម​ដាក់​ទុន​វិនិយោគ​ចុះ ។ ​លោកស្រី​បាន​បញ្ជាក់​បន្ត​ថា « ដំណាក់កាល​នេះ គួរតែ​ផ្អាក​បន្តិច​សិន​លើ​ការ​ដាក់​ទុន​វិនិយោគ​សណ្ឋាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​តាម​តួលេខ​និង​ភាព​ជាក់ស្ដែង ភ្ញៀវ​ទេសចរ​បរទេស មក​លេង​ស្រុក​ខ្មែរ​រាង​ស្ងាត់​បន្តិច​និង​ស្ងាត់​ជាង​មុន​ៗ​បន្តិច ។ ក្នុង​នោះ​ដែរ​ដូច​បានឃើញ​តួលេខ​ថ្មី​ៗ​របស់​គ្រឹះស្ថាន​អង្គរ ដែល​លក់​សំបុត្រ​ជូន​ភ្ញៀវ​បរទេស​នោះ បាន​ធ្លាក់​ចុះ​ទាំង​ចំនួន​ប័ណ្ណ​និង​ទឹកប្រាក់ »​។ ​

លោកស្រី Clais Chenda បាន​បន្ត​ថា បើ​តាម​ជា​យោបល់​លោកស្រី​សម្រាប់​ពេល​នេះ​ការ​វិនិយោគ គួរតែ​បែរ​តម្រង់​ទៅ​តំបន់​ណា​ដែល​មិន​ទាន់​មាន​សណ្ឋាគារ និង​ជា​តំបន់​គោលដៅ​ទេសចរណ៍ នៅ​ពេល​អនាគត ដូច​ជា​ខេត្តមណ្ឌលគិរី រតនគីរី និង​ខេត្តក្រចេះ ជាដើម ព្រោះ​ខេត្ត​ទាំងនោះ មើលទៅ​មិន​ទាន់​មាន​សណ្ឋាគារ​ច្រើន​ប៉ុន្មាន​ទេ ខណៈ​ដែល​បណ្តា​ខេត្ត​ទាំងនោះ​មាន​សក្តា​នុ ពល​តំបន់​ទេសចរណ៍ធម្មជាតិ​ច្រើន និង​ជាទី​ដែល​ភ្ញៀវ​បរទេស ពិសេស​មក​ពី​អឺរ៉ុប​ចូល​ចិត្តខ្លាំង​ណាស់​។ ​លោកស្រី​បាន​និយាយ​បន្ត​ថា «​ក្នុង​ករណី​ដែល​មហាសេដ្ឋី ឬ​អ្នកមាន​ប្រាក់​ចង់​វិនិយោគលើ​សណ្ឋាគារ គួរតែ​អភិវឌ្ឍន៍​ឱ្យ​មាន​បែបផែន​ប្លែក​ពី​សណ្ឋាគារ​នៅ​ពេល​បច្ចុប្បន្ន ព្រោះ​ភ្ញៀវ​បរទេស​ដែល​មាន​លុយ គេ​ក៏​ចង់បាន​និង​ចង់​ស្នាក់​នៅ​កន្លែង​ប្លែក​ៗ​ដែរ ហើយ​បើសិនជា​យើង​នៅ​តែ​សាងសង់​សណ្ឋាគារ​បែប​ដដែល​នោះ វា​មិន​ទាក់ទាញ​ដល់​វិនិយោគិន​បន្ថែម​ទៀត​នោះ​ទេ ។ តាម​ធម្មតា ទេសចរ​ចង់បាន​អ្វី​ដែល​ប្លែក​ៗ​និង​ថ្មី​»​។

​ជា​ទស្សនៈ​ប្រធាន​សមាគម​សណ្ឋាគារ​ថ្មី​នេះ​ដែរ លោកស្រី​ក្លេ​ខៃ ចិន្ដា បាន​ស្នើរ​ដល់
រដ្ឋាភិបាល​បន្ថែម​ការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទាំង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បី​អោយ​បាន​ដល់​ភ្ញៀវ​ទេសចរណ៍​បរទេស ជា​ពិសេស​លោកស្រី​ចង់​ទាក់ទាញ​ភ្ញៀវ​អឺរ៉ុប​មក​លេង​នៅ​កម្ពុជា​អោយ​បាន​ច្រើន​ឡើង​វិញ បន្ទាប់​ពី​បាន​ថយ​ចុះ មួយ​រយៈ​កន្លង​ទៅ​នោះ ។

​អ្នកគ្រប់គ្រង​សណ្ឋាគារ​មួយ​រូប​ក្នុង​ខេត្តសៀមរាប សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​រដូវវស្សា​បែប​នេះ​មិនសូវ​មាន​ភ្ញៀវ​ច្រើន​នោះ​ទេ ។ ម្យ៉ាងទៀត​ភ្ញៀវ​ដែល​មក​លេង​នៅ​ពេល​បច្ចុប្បន្ន​នេះ ពួក​គេ​មក​ជា​ក្រុម ដោយ​មាន​ភ្នាក់ងារទេសចរណ៍​ស្រាប់ ដូច្នេះ​សណ្ឋាគារ
ល្មម​ៗ​មិន​អាច​ទាក់ទាញ​ភ្ញៀវ​ទាំងនោះ​មក​ទេ គឺ​មាន​តែ​សណ្ឋាគារ​ធំ​ៗ ដែល​មាន​ទំនាក់ទំនង
ជាមួយ​ក្រុមហ៊ុន​ទេសចរ​ក្នុង​និង​ក្រៅ​ស្រុក ទើប​មាន​ភ្ញៀវ តែ​សម្រាប់​សណ្ឋាគារ​លក្ខណៈ​តូច​ៗ​គឺ​មាន​តិចតួច ។

​គួរ​បញ្ជាក់​ថា​ក្នុង​រយៈពេល​៥​ខែ​ដំបូង​ក្នុង​ឆ្នាំ ២០១៩​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ជិត​៣​លាន​នាក់ ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ដែល​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​មាន​ជាង​មួយ​១​លាន​នាក់​ហើយ ។ ប្រតិបត្តិ​ករ​ទេសចរណ៍​ចង់អោយ​ភ្ញៀវ​ទេសចរ​មក​ពី​អឺរ៉ុប​មាន​កំណើន​ឡើង​វិញ ពីព្រោះ​ភ្ញៀវ​អឺរ៉ុប​បើ​មក​លេង​ហើយ​គឺ​គេ​ស្នាក់​នៅ​យូរ​និង​ចាយ​លុយ​ច្រើន​ជាង​ភ្ញៀវ​នៅ​តំបន់​អាស៊ី ដែល​ហោះ​មក​មើល​តំបន់​ណាមួយ​ហើយ គេ​នឹង​ហោះ​ត្រលប់​ទៅ​វិញ​មិន​ស្នាក់​នៅ​យូរ​នោះ​ទេ ៕ កែសម្រួលដោយ ៖ សុឃាក់

More information visit: https://kohsantepheapdaily.com.kh/article/891530.html

Leave a Reply

Your email address will not be published. Required fields are marked *