News

Check out real estate news updates

អ្នកជំនាញ៖ ដីនៅតំបន់ផ្លូវ៦០ម៉ែត្រឡើងថ្លៃ រហូតបង្ករផលលំបាកដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន

ការអភិវឌ្ឍន៍យ៉ាងកុះករនៅតាមតំបន់ផ្លូវ៦០ម៉ែត្រនៃភាគខាងត្បូងរាជធានីភ្នំពេញ បានធ្វើឲ្យតម្លៃដីធ្លីនៅក្នុងតំបន់នោះមានការឡើងថ្លៃយ៉ាងគំហុក ដែលនេះបានធ្វើឲ្យមានការលំបាកដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន នេះបើយោងតាមការយល់ឃើញរបស់អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា។

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំកាលពីដើមខែមេសា កន្លងទៅនេះអ្នកនាង អាន សុធីតា ប្រធានភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានឲ្យដឹងថា ការឡើងថ្លៃនៃតម្លៃដីធ្លីយ៉ាងគំហុកនៅតំបន់ផ្លូវ៦០ម៉ែត្រគឺបានបង្កផលលំបាកជាខ្លាំងដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋានក្នុងការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាននានាដែលបច្ចុប្បន្នតំបន់នេះកំពុងមានតម្រូវច្រើន។

អ្នកនាងយល់ថា៖«អ្វីដែលយើងបារម្មណ៍នៅផ្លូវ៦០ម៉ែត្រគឺឥឡូវវាមាន Commercial [គម្រោងបែបពាណិជ្ជកម្ម] វាអត់ទាន់មាន Residential [គម្រោងលំនៅដ្ឋាន] កុះករនៅឡើយទេ ហើយគម្រោងបែបពាណិជ្ជកម្មដើរបានលុះត្រាតែមានគម្រោងលំនៅដ្ឋានច្រើន ដោយឡែកបច្ចុប្បន្នដីវាឡើងថ្លៃជ្រុលពេក!»។

«វាឡើងរហូតដល់អ្នកអភិវឌ្ឍន៍មិនអាចអភិវឌ្ឍទៅជា គម្រោងលំនៅដ្ឋានបាន។ ក្នុងនាមជាអ្នកអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍន៍លំនៅដ្ឋានបាន លុះត្រាតែដីនឹងវាមានតម្លៃសមរម្យដែរ» អ្នកនាង បានសង្កត់ធ្ងន់យ៉ាងដូច្នេះ។

ជាមួយគ្នានេះដែរ លោក សន សៀប ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា Key Real Estate ក៏បានឲ្យដឹងដែរថា ដីនៅតាមតំបន់ផ្លូវ៦០ម៉ែត្រពិតជាឡើងថ្លៃច្រើនមែន។

«តម្លៃដីនៅទីហ្នឹង ឥឡូវនឹងគឺវាឡើងថ្លៃច្រើនហើយ ទីមួយវាមានការអភិវឌ្ឍន៍ផ្លូវ ទីពីរវាមានផ្សារទំនើបត្រូវធ្វើនៅទីហ្នឹង។ និយាយទៅ ដីឡើងថ្លៃវាជាផលលំបាកមួយសម្រាប់អ្នកអភិវឌ្ឍន៍ដើម្បីគាត់ទៅអភិវឌ្ឍន៍ឲ្យទៅជាតំបន់មួយដែលល្អ» លោក សន សៀប បានមានប្រសាសន៍យ៉ាងដូច្នេះ។

ទោះជាយ៉ាងនេះក្តី លោក សន សៀប បានបញ្ជាក់ទៀតថា «ធម្មតាតែតម្លៃដីធូរថ្លៃ ងាយស្រួលធ្វើជាង ហើយលទ្ធផលចេញមកក៏មានតម្លៃ សម្បូរទីផ្សារច្រើន។ សំខាន់មើលទៅលើការអភិវឌ្ឍន៍ជាក់ស្តែង ទីផ្សារគឺវាមានឡើង វាមានចុះ តែអត់អ្នកធ្វើគឺវាមិនឡើងទៀតទេ»។

តាមការបញ្ជាក់របស់លោក ដីនៅតាមបណ្តោយផ្លូវប្រវែង៩គីឡូម៉ែត្រនេះ គេបែកចែកជា៣កំណាត់ ហើយមានតម្លៃខុសៗគ្នា។ គិតមកទល់នឹងបច្ចុប្បន្ននេះ តម្លៃសម្រាប់កំណាត់ទី១ ចាប់ពីផ្លូវព្រះមុន្នីវង្ស ដល់គម្រោងប៉ែង ហ៊ួតគឺចន្លោះ ១៥០០ ទៅ ២០០០ដុល្លារអាមេរិក ក្នុងមួយម៉ែតការ៉េ ហើយកំណាត់ទី២ គឺ ៣គីឡូម៉ែត្របន្ទាប់ ចាប់ពីប៉ែង​ ហ៊ួតទៅគឺចន្លោះ ៨០០ ទៅ ១២០០ ដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េ ដោយឡែកសម្រាប់កំណាត់ ៣គីឡូម៉ែត្រចុងក្រោយដល់ផ្លូវជាតិលេខ២ គឺចន្លោះ៥០០ ទៅ ៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េ។

Source From: https://www.construction-property.com/khread-news-1770/

Leave a Reply

Your email address will not be published. Required fields are marked *