News

Check out real estate news updates

អូស្រ្តាលីផ្តល់ជំនួយរាប់លានដុល្លារលើក កម្ពស់ហេដ្ឋារចនាសម្ព័ន្ធខេត្តព្រៃវែង

រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា កាវ៉ាក់(CAVAC) ផ្តល់ជំនួយទឹកប្រាក់ ៧ លានដុល្លារអាមេរិច ដើម្បីសាងសង់ប្រព័ន្ធធារាសាស្រ្តស្តង់ដាអូស្រ្តាលីចំនួន៤ខ្សែ ក្នុងខេត្តព្រៃវែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ស្ថាតទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា។

ប្រព័ន្ធធារាសាស្រ្ត ទាំង ៤ នឹងមានទីតាំងនៅក្នុង ស្រុកព្រះស្តេច ស្រុកពាមជរ ស្រុកពាមរក៍ និងស្រុកកំពង់ត្របែក ដែលនឹងជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ជាង ១៥០០ គ្រួសារ។

ប្រព័ន្ធធារាសាស្រ្តនេះនឹងសាងសង់ពីបេតុង ដែលនឹងរួមមានស្ថានីយ៍បូមទឹករួម ប្រព័ន្ធបង្ហូរទឹកដោយផ្ទាល់ ប្រឡាយមេ និង ប្រឡាយរងជាច្រើ​ន។  គម្រោងនេះនឹងមានសមត្ថភាពផ្តល់ទឹកជូនដល់ប្រជាពលរដ្ឋអាចប្រើប្រាស់បង្កបង្កើនផល និងធ្វើស្រែបានពីរទៅបីដងក្នុងមួយឆ្នាំ។ ប្រព័ន្ធធារាស្រ្តមួយនេះជាគំរូល្អជាងគេមួយក្នុងចំណោមប្រព័ន្ធធារាសាស្រ្តដែលមានស្រាប់ហើយ។

ក្រៅពីការជួយបង្កើតប្រព័ន្ធធារាសាស្រ្ត កាវ៉ាក់ ក៏បានបង្កើតជាវគ្គបណ្តុះបណ្តាលដល់សហគមន៍កសិករ ឱ្យចេះប្រើប្រាស់ទឹក ដើម្បីប្រតិបត្តិ និងថែទាំប្រព័ន្ធធារាសាស្រ្តឱ្យបានល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា តាំងពីឆ្នាំ ២០១០មក កាវ៉ាក់បានសាងសង់និងជួសជុលកែលំអប្រព័ន្ធធារាសាស្ត្រជាច្រើនរួមប្រមាណជាង ៣០ កន្លែង​ នៅតាមខេត្តនានាក្នុងប្រទេសកម្ពុជា រួមមាន នៅខេត្ដកំពង់ធំ កំពត តាកែវ ព្រៃវែង និងកណ្តាល ។ កាវ៉ាក់ គឺជាកម្មវិធីជំនួយធំបំផុតរបស់រដ្ឋាភិបាលអូស្ត្រាលីនៅកម្ពុជាដោយមានទឹកប្រាក់សរុបចំនួន ១៣០ លានដុល្លារអូស្រ្តាលី (៩២ លានដុល្លារអាមេរិក) សម្រាប់គម្រោងពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០២១។

 
Source From: https://www.construction-property.com/khread-news-1682/

Leave a Reply

Your email address will not be published. Required fields are marked *