News

Check out real estate news updates

អាជ្ញាធរ​ខេត្ត​រតនគិរី​ ​ប្រកាស​មោឃភាព​លិខិត​លក់-ទិញ​ដី​ព្រៃ

រតនគិរីៈ រដ្ឋបាលខេត្ត​រតនគិរី​បាន​ប្រកាស​មិន​ទទួល​ស្គាល់ និង​ធ្វើ​មោឃភាព​រាល់​លិខិត​បញ្ជាក់​លើ​ការលក់-ទិញ និង​ការផ្ទេរ​ដីព្រៃ​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ធ្វើឲ្យ​អង្គការ​ការពារ​ព្រៃឈើ សត្វព្រៃ និង​ធនធាន​ធម្មជាតិ​ស្វាគមន៍​ចំពោះ​ចំណាត់ការ​នេះ​តែ​ថា វិធានការ​នេះ​អាច​នឹង​គ្មាន​ប្រសិទ្ធភាព ខណៈ​ដែល​បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើតឡើង​។

សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​រតនគិរី​ចុះ​ថ្ងៃទី ១៩ ខែ​តុលា​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​រិះគន់​ច្បាប់​ព្រៃឈើ និង​ស្តីបន្ទោស​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ចំពោះ​ការ​បណ្តោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ និង​ការប្រើ​លេស​សម្អាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ដើម្បី​បន្ត​កាប់​ឈើ និង​ដឹកឈើ​។

សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​រតនគិរី​បាន​ព្រមាន​ថា រាល់​លិខិត​លើ​ការលក់-ទិញ និង​ផ្ទេរ​ដីព្រៃ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែល​ខុស​ច្បាប់​ត្រូវ​ប្រគល់​ជូន​មក​រដ្ឋបាល​ខេត្ត​រតនគិរី​ដើម្បី​មោឃភាព ឬ​កម្ទេចចោល​តាម​នីតិវិធី និង​បាន​ប្រកាស​មិន​ទទួល​ស្គាល់ និង​ធ្វើ​មោឃភាព​រាល់​លិខិត​បញ្ជាក់​លើ​ការលក់-​ទិញ និង​ការផ្ទេរ​ដីព្រៃ​ដោយ​ខុស​ច្បាប់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​។

សេចក្តី​ជូន​ដំណឹង​នោះ​ក៏​បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ ចំពោះ​ការ​នៅ​បន្ត​កាប់​គាស់ រុករាន ឆ្ការ ដុត ឈូសឆាយ​ដីព្រៃ ការសង់​ផ្ទះ សង់​តូប សង់រោង ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ដូចជា​ឧទ្យាន​ជាតិ​វីរជ័យ ដែន​ជម្រក​សត្វព្រៃ​លំផាត់ ឧទ្យាន​ជាតិ​អូរយ៉ាដាវ ឧទ្យាន​ជាតិ​វើនសៃសៀមប៉ាង និង​តំបន់​ការពារ​ធម្មជាតិ​បឹង​យក្សឡោម​។

សេចក្តី​ជូន​ដំណឹង​នោះ​បាន​ព្រមាន​ដូច្នេះ​ថា​៖ «​ការកាប់​គាស់ រុករាន ឆ្ការ ដុត ឈូសឆាយ​ដី​ព្រៃ ការសង់​ផ្ទះ​សង់​តូប សង់រោង ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ក្នុង​តំបន់​ការពារ​ធម្មជាតិ​ជា​អំពើ​ល្មើសច្បាប់ និង​ត្រូវ​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​»​។

លោក​ ទូច នរ៉ា ប្រធាន​អង្គការ​ការពារ​ព្រៃឈើ សត្វព្រៃ​ និង​ធនធាន​ធម្មជាតិ បាន​ស្វាគមន៍​ការប្រកាស​របស់​រដ្ឋបាល​ខេត្ត រតនគិរី ដែល​ធ្វើ​មោឃភាព​រាល់​លិខិត​ទាំង​នោះ​តែ​លោក​ថា វិធានការ​នេះ​នឹង​គ្មាន​ប្រសិទ្ធភាព​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​ឃើញ​ថា​ការកាប់​បំផ្លាញ​ព្រៃឈើ​គឺ​គ្មាន​ការថយចុះ​ទេ​ហើយ​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​តែ​បន្ត​កើតឡើង​នៅ​តាម​តំបន់​មួយ​ចំនួន ដូចជា​នៅ​ខេត្ត​មណ្ឌលគិរី​កើតឡើង​កាន់តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត ដូច្នេះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ ដោយសារ​ថ្នាក់​ក្រោម​មាន​ការ​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ជាមួយ​ឈ្មួញ និង​អ្នក​មាន​អំណាច​»​។

លោក​បន្ថែម​ថា​ប្រសិន​បើ​ការប្រកាស​នេះ​មាន​ប្រសិទ្ធភាព​វា​អាច​ជួយ​ថែរក្សា ការពារ អភិរក្ស​ធនធាន​ធម្មជាតិ​ថែទាំ​ទីជម្រក​សត្វព្រៃ ថែរក្សា​លំនឹង​បរិស្ថាន កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ផង​ដែរ​។

កាលពី​ចុង​ខែ​សីហា​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ស្ទឹងត្រែង ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​៕

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *