News

Check out real estate news updates

អាកាសចរសុីវិល៖ កាលបរិច្ចេទនៃការបញ្ចប់ការសាងសង់ព្រលានយន្តហោះ២នៅកោះកុងនៅមិនទាន់អាចកំណត់ទេ

រដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិល បានឲ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង នៅមិនទាន់អាចកំណត់ថ្ងៃបញ្ចប់ការសាងសង់នៅឡើយទេ ខណៈការស្តារឡើងវិញនៃអាកាសយានដ្ឋានកោះកុង សម្រាប់អាកាសចរណ៍ក្នុងស្រុក មិនទាន់មានដំណើរការ។

លោក ជា អូន រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការអភិវឌ្ឍន៍នៃគម្រោងសាងសង់អាកាសយានដ្ឋានតារាសាគរ ស្ថិតនៅក្នុងដំណាក់កាល រៀបចំនៅឡើយទេ។

«នៅមិនទាន់អាចកំណត់បាននៅឡើយទេ ព្រោះស្ថិតក្នុងដំណាក់កាលរៀបចំប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធ Master plan» លោក ជា អូន បញ្ជាក់នៅពេលទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំសួរថា គម្រោងអាកាសយានដ្នានតារាសាគរ គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២០ ខាងមុខឬយ៉ាងណា។

មានទីតាំងស្ថិតនៅស្រុកបទុមសាគរ គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន Union Development Group ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាលក្នុងឆ្នាំ២០១៨ ដើម្បីធ្វើការអភិវឌ្ឍន៍ស្រុកបទុមសាគរ និងស្រុកគីរីសាគរនៃខេត្តកោះកុង។

តាមផែនការ ក្រុមហ៊ុនបោះទុនវិនិយោគសរុបចំនួន ២០០លានដុល្លារ រួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ។

តាមព័ត៌មានរបស់ក្រុមហ៊ុន ក្រោយការសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងអនុញ្ញាតឲ្យយន្តហោះធុនយក្ស ប្រភេទ ប៊ូអីង ៧៧៧ ប្រភេទ និងអ៊ែរបើស A៣៤០ ចុះចតបាន។

សម្រាប់ការស្តារឡើងវិញ អតីតអាកាសយានដ្ឋានកោះកុង ស្ថិតនៅក្នុងទីក្រុងខេមរភូមិន្ទ ត្រូវបានលោក ជា អូន បញ្ជាក់ថា នៅមិនទាន់មានការវិវត្តន៍នៅឡើយទេ។ លោកបញ្ជាក់ថា៖ «ព្រលានកោះកុង សម្រាប់អ្នកដំណើរក្នុងស្រុក រង់ចាំពេលមានតម្រូវការធ្វើដំណើរច្រើន» ។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោរ ហ៊ុន សែន បានថ្លែងនៅក្នុងបុណ្យសមុទ្រកាលពីចុងខែធ្នូ ២០០៨ ថាអាកាសយានដ្ឋាន នឹងធ្វើឲ្យខេត្តកោះកុងក្លាយជាទិសដៅទាក់ទាញភ្ញៀវទេសចរធំបំផុតមួយនៅក្នុងប្រទេស៕

Source From: https://www.construction-property.com/khread-news-1769/

Leave a Reply

Your email address will not be published. Required fields are marked *