News

Check out real estate news updates

អភិបាលខេត្តប្រាប់ពីវិធានការណ៍ដោះស្រាយបញ្ហាការលិចលង់នៅខេត្តព្រះសីហនុ

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន កាលពីថ្ងៃទី ៥ ខែ សីហា បានអំពាវនាវឲ្យប្រជាពលរដ្ឋបញ្ឈប់ការរំលោភប្រឡាយដើម្បីកុំឲ្យខេត្តព្រះសីហនុមានការលិចទឹកកាន់តែខ្លាំង ក្រោយពីមានការបង្ហោះរូបភាព និងវីដេអូអំពីសកម្មភាពនៃការលិចលង់ទឹកយ៉ាងខ្លាំងនៅតាមតំបន់នានាក្នុងខេត្តមួយនេះ ។

យោងតាមរូបភាព និងវីដេអូបង្ហោះដោយគណនីហ្វ៊េសប៊ុករបស់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងខេត្តព្រះសីហនុ  កាលពីយប់ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៩ មានការជន់លិចលង់ទឹកយ៉ាងខ្លាំងចាប់ពីម៉ោង ១០យប់ រហូតដល់ម៉ោង ៧ ព្រឹក ដែលបង្កផលលំបាកជាច្រើន និងប៉ះពាល់ដល់ទ្រព្យសម្បត្តិក្នុងគេហដ្ឋានមួយចំនួន ដូចជា សម្ភារប្រើប្រាស់ក្នុងផ្ទះ និងម៉ូតូជាដើម។

ពាក់ពន្ធ័ទៅនឹងបញ្ហាខាងលើ ឯកឧត្តម គួច ចំរើន បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំតាមតេឡេក្រាមកាលពីថ្ងៃទី ០៥ ខែ សីហានេះថា រដ្ឋបាលខេត្តបាននិងកំពុងធ្វើការដោះស្រាយបញ្ហានេះ ហើយបានប្រាប់ប្រជាជនឲ្យបញ្ឈប់ការរំលោភប្រឡាយ ដើម្បីឲ្យទឹកអាចរំដោះបានទាន់។

ការរំដោះទឹកក្នុងតំបន់ខ្លះក្នុងខេត្តព្រះសីហនុគឺ រំពឹងទៅលើប្រឡាយឬអូរ ដែលជាផ្លូវសម្រាប់នាំយកទឹកពីទីក្រុងចូលទៅក្នុងសមុទ្រ។

ឯកឧត្តម គួច ចំរើនថ្លែងថា៖ «កុំឲ្យប្រជាពលរដ្ឋមានការរំលោភបំពានយកប្រឡាយតទៅទៀត  នាំគ្នាចេះតែយកប្រឡាយអស់ទៅ បានជាអត់មានផ្លូវទឹកហូរ។ ចាប់ពីម្តុំ LV ទៅខាងក្រោមហ្អឹង [យើង] មើលមកប្រឡាយឃើញថាមានការរំលោភច្រើន ប្រឡាយដែលគេកាត់ទុក១០ម៉ែត្រជាង កន្លែងខ្លះនៅសល់តែជាង ២ ម៉ែត្រ ដូចនេះ ទឹកហូរអត់ទាន់»។

ក្រៅពីសំណូមពរឲ្យប្រជាពលរដ្ឋបញ្ឈប់ការរំលោភប្រឡាយ ឯកឧត្តម គួច ចំរើន ក៏បានឲ្យដឹងថា រដ្ឋបាលនឹងមានការស្តារប្រឡាយខាងលើនៅពេលខាងមុខ។

ឯកឧត្តម គួច ចំរើនបានឲ្យដឹងថា៖«ត្រូវតែស្តារហើយនៅពេលខាងមុខ បើមិនស្តារ ក្រុងយើងគឺវាត្រូវតែលិចអញ្ជឹង ប៉ុន្តែស្តារឯណា កន្លែងខ្លះវាមានផ្ទះមានសំបែងដែលយើងត្រូវគិតឲ្យបានល្អជាងនេះបន្តិច»។

ឯកឧត្តមបន្តថា៖ «ស្តារបានតែមួយមុខ ហើយម្នាក់ទៀតឈឺចាប់វាក៏មិនល្អដែរ ព្រោះផ្ទះអស់ទាំងហ្អឹង គាត់បានសាងសង់លើប្រឡាយទាំងហ្អឹងហើយ អញ្ចឹងវាត្រូវមានការគិតគួរធ្វើការសម្របសម្រួល និងដោះស្រាយឲ្យស្របគ្នាទើបធ្វើបាន»។

More information visit: https://www.construction-property.com/khread-news-1980/

Leave a Reply

Your email address will not be published. Required fields are marked *