News

Check out real estate news updates

អចលនទ្រព្យនៅតំបន់ផ្លូវជាតិលេខ៤ ឬផ្លូវសេដ្ឋកិច្ចកំពុងរីកចម្រើនស្ងាត់ៗ

អចលនទ្រព្យបានរីកចម្រើនស្ងាត់ៗ តែចេះតែបន្តទៅមុខឥតឈប់ បើទោះបីគម្រោងធំៗនៅមិនទាន់មានវត្តមានដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងក្តី។ ស្របពេលដែលផ្លូវជាតិលេខ៤ ជាផ្លូវចរន្តឈាមសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់ពីភ្នំពេញទៅកាន់កំពង់ផែព្រះសីហនុ ដែលនឹងត្រូវពង្រីកឱ្យកាន់តែធំជាង ដើម្បីឆ្លើយតបកំណើននៃការធ្វើចរាចរណ៍ ជាពិសេសការដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួល និងបានលឿនជាងមុន។

បើយើងពិនិត្រមើលតំបន់ផ្សារបែកចាន ស្រុកអង្គស្រួលខេត្តកណ្តាល ប្រហែលជា ៤ ទៅ៥ឆ្នាំមុន គេសង្កេតឃើញថា វិស័យអចលនទ្រព្យមានសូវជាផុសផុលប៉ុន្មាននោះទេ មានត្រឹមជារោងចក្រ ឬឃ្លាំងជួល។ តែមួយរយៈចុងក្រោយនេះសន្ទុះនៃការអភិវឌ្ឍនវិស័យចលនទ្រព្យកំពុងកើតឡើងគួរឲ្យកត់សំគាល់ ដោយសារសំណង់ផ្ទះល្វេង សួនឧស្សហកម្ម ទីក្រុងចិន និងភាពរីកចម្រើននៃអគាររោងចក្រ ត្រូវបានរីកដុះដាលយ៉ាងខ្លាំង។

លោកស្រីគ្រេស រចនី ហ្វុង នាយិការក្រុមហ៊ុន Century 21 ធ្លាប់បានបញ្ជាក់ថា តំបន់ផ្សារបែកចានអនាគតទៅ ជាតំបន់ទីប្រជុំជនមួយដ៏សំខាន់ នៅទីនេះសក្តានុពលនៃវិស័យអចលនទ្រព្យមានការកើនឡើង ជាពិសេសតម្រូវការលំនៅឋានតម្លៃមធ្យម ឬទាប ព្រោះតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ ងាយស្រួលអភិវឌ្ឍន៍។ ១០ឆ្នាំទៅមុនទៀត តំបន់ផ្សារបែកចាន និងក្លាយជាសហគមន៍រីកចម្រើនខាងវិស័យអចលនទ្រព្យ ព្រោះទីនោះជាទិសដៅសំខាន់នៃទំនោររស់នៅ និងអភិវឌ្ឍន៍ ជាពិសេសតំបន់ដីធ្លីបច្ចុប្បន្ននៅមានតម្លៃទាប ងាយស្រួលអភិវឌ្ឍន៍នៅពេលអនាគត។

ចំណែកលោកគីម ហ៊ាង បានបញ្ជាក់ទៀតថា តើតំបន់ផ្សារបែកចាននេះត្រូវការរយៈពេលប៉ុន្មានឆ្នាំក្នុងការរីកចម្រើន វាមិនសំខាន់ពេលវេលានោះទេ តែចំណុចស្នូលតើតំបន់នេះមានគម្រោងធំៗ ដែលគេចាប់អារម្មណ៍មាននៅពេលណា ពេលនោះហើយនិងមានការរីកមច្រើន។ ជាក់ស្តែងផ្លូវជាតិលេខ២ គ្រាន់តែរដ្ឋាភិបាលប្រកាសសង់ព្រលានយន្តថ្មី រយៈពេល១អាទិត្រធ្វើឲ្យដីធ្លីនៅទីនោះឡើងថ្លៃ១ ទ្វេជា២ ទៅ៣។ តាមពិតតំបន់ផ្សារបែកចាន មិនទាន់ឃើញអភិវឌ្ឍន៍ខ្លាំងក្លានោះទេ ភាគច្រើនមានសន្ទុះនៃការពុះដីឡូត៍ និងផ្ទះតម្លៃក្រោមមធម្យមតែប៉ុណ្ណោះ។ មានផ្សារ មានរោងចក្រ ពុះដីឡូត៍ និងផ្ទះល្វែងជា តែមានទាន់ដល់កម្រិតនៃការអភិវឌ្ឍន៍នោះទេ។

ទោះបីជាមិនទាន់មានគម្រោងធំៗណាក្តី តែអចលនទ្រព្យ ឬសក្តានុពលតំបន់ផ្លូវលេខ៤ តម្រូវឲ្យមានការកែលម្អផ្លូវជាតិលេខ៤ ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ហើយនឹងចាប់ផ្តើមដំណើរការពង្រីកបន្ថែមនៅដើមឆ្នាំ២០១៩ ខាងមុខ បន្ទាប់ពីរាជរដ្ឋាភិបាលទទួលបានកម្ចីពីធនាគារពិភពលោកចំនួន១១០លានដុល្លារ។

លោក នូ វឌ្ឍនៈ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ធ្លាប់មានប្រសាសន៍ថា ផ្លូវនេះ គឺជាផ្លូវសេដ្ឋកិច្ច និងជាសរសៃឈាមក្នុងការដឹកជញ្ជូន ហើយការកែលម្អផ្លូវជាតិលេខ៤នេះ គឺមិនប៉ះពាល់ដល់ការស្ថាបនាផ្លូវល្បឿនលឿននោះទេ ដោយសារតែផ្លូវល្បឿនលឿនជាការវិនិយោគរបស់ក្រុមហ៊ុនចិន ទៅលើខ្សែផ្លូវថ្មីផ្សេងមួយទៀត។

បន្ថែមពីលើនេះ សម្តេចហ៊ុន សែន មានប្រសាសន៍កន្លងមកថា«កាលពីទស្សវត្សឆ្នាំ៨០ នៅផ្លូវជាតិលេខ៤ គិតចាប់ពីពេទ្យលោកសង្ឃបច្ចុប្បន្នមកជាតំបន់ជនបទវាលស្រែ នៅខាងត្បូងផ្លូវ និងខាងជើងផ្លូវគ្មានផ្ទះសំណង់អគារនោះទេ ក៏ប៉ុន្តែឥលូវចាប់ពីផ្លូវជាតិលេខ៤រហូតដល់ទំប់កប់ស្រូវសុទ្ធតែមានសំណង់អស់ហើយ ហើយកុំទៅលុកដីឥលូវនេះថ្លៃជាងមាសទៅទៀត កន្លែងខ្លះ១ម៉ែត្រការ៉េ២០០០ដុល្លារ ៣០០០ដុល្លារឯណោះ»។

ត្រង់ចំណុចនេះ បញ្ជាក់ថា វិស័យអចលនទ្រព្យកាន់តែមានការរីកចម្រើនបន្តិចម្តងៗ តាមរយៈការលេចឡើងនៅរោងចក្រវាយភ័ណ្ឌ ផ្សារទំនើប តំបន់សេដ្ឋកិច្ច លំនៅឋានរាប់ពាន់ល្វែង និងកំណើនចេះតែច្រើនឡើងៗ រឹងរឺតធ្វើឲ្យតំបន់នេះកាន់តែទាក់ទាញការវិនិយោគបន្ថែមទៀត៕

Source From: https://business-cambodia.com/2018/11/29/real-estate-national-road-4-growth/

Leave a Reply

Your email address will not be published. Required fields are marked *