News

Check out real estate news updates

អចលនទ្រព្យដីធ្លីសង្ឃឹម កាន់តែខ្ពស់ជាមួយការ ចាប់ផ្តើមសាងសង់ផ្លូវ ក្រវាត់ក្រុងទី៣

ការប្រកាសបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ដែលតភ្ជាប់ពីផ្លូវជាតិលេខ០៤ឆ្ពោះទៅផ្លូវជាតិលេខ១គឺនឹងផ្តល់ក្តីសង្ឃឹមកាន់តែខ្ពស់ដល់វិស័យអចលនទ្រព្យដីធ្លីនៅតាមតំបន់ទាំងនោះ។

យោងតាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តម វ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីទទួលបានឥណទានសម្បទាន ពីធនាគារនីហរ័ណអាហរ័ណចិនចំនួន២៥៩លានដុល្លារអាមេរិករួចមក ផ្លូវក្រវាត់ក្រុងទី៣គឺនឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩ ខាងមុខនេះដែលនឹងត្រូវបេីកសម្ពោធក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមការគូសបញ្ជាក់របស់ ឯកឧត្តម វ៉ា ស៊ឹម សុរិយា ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះគឺមានគោលដៅសំខាន់ៗចំនួនបីរួមមាន៖ ១) ដើម្បីរំដោះការកកស្ទះចរាចរណ៍ ២) ភ្ជាប់ផ្លូវជាតិលេខ៥ មកផ្លូវជាតិលេខ១ដែលជាផ្លូវអាស៊ានហាយវេ ដើម្បីឲ្យរថយន្តដឹកទំនិញទាំងអស់អាចឆ្លងពីព្រំដែនកម្ពុជា-ថៃមកភ្នំពេញតាមផ្លូវជាតិលេខ ៥ និងអាចបន្តទៅព្រំដែនកម្ពុជា-វៀតណាមតាមផ្លូវជាតិលេខ១ និង ៣) ការរៀបចំឲ្យមានការបំលាស់ឃ្លាំងដឹកជញ្ជូនទំនិញពីតំបន់ក្នុងក្រុងឲ្យទៅនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣វិញ។

ទន្ទឹមនឹងមានសេចក្តីប្រកាសបើកការដ្ឋានសាងសង់ខាងលើនេះ អ្នកជំនាញផ្នែកអចលនទ្រព្យក៏បានធ្វើការសាទរនិងគាំទ្រចំពោះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះដែលនឹងដើរតួយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យដែលនេះគឺជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់វិស័យនេះ។

ស្ថាបនិកក្រុមហ៊ុនអចនលទ្រព្យ Key Real Estate លោក សន សៀប បានឲ្យដឹងថា បន្ទាប់ពីមានការប្រកាសអំពីគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងរយៈពេលប្រមាណមួយឆ្នាំ តម្លៃដីនៅតាមតំបន់បណ្តោយផ្លូវទាំងនោះ គឺមានការកើនឡើងយ៉ាងខ្លាំងពីចន្លោះ ១០ ទៅ ២០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉ែ ទៅ ៥០ ទៅ ៦០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េនាពេលបច្ចុប្បន្ន។

«កន្លែងនឹង [តំបន់តាមផ្លូវក្រវ៉ាត់ក្រុងទី៣] គឺជាផ្លូវថ្មីសុទ្ធអញ្ចឹងតម្លៃផ្ទះ មិនទាន់សូវមានច្រើនទេប៉ុន្តែយើងមានតម្លៃដី។ ធម្មតាដីស្រែវាប្រែជាផ្លូវវា ទៅជាថ្លៃ….វាឡើងច្រើន» លោក បានមានប្រសាសន៍យ៉ាងដូច្នេះ។

ការកើនឡើងនៃតម្លៃដីធ្លីនៅតំបន់ខាងលើនេះទៀតសោត គឺនៅតែមានការកើនឡើងជាបន្តបន្ទាប់ហើយជាពិសេសនៅពេលការសាងសង់ផ្លូវចាប់ផ្តើម លោក សន សៀប សង្កត់ធ្ងន់យ៉ាងដូច្នេះ។

សូមបញ្ជាក់ជូនថា ផ្លូវក្រវាត់ក្រុងទី៣នេះគឺជាប្រភេទផ្លូវ ៤គន្លង ដែលមានប្រវែងសរុប ៤៧.៦គីឡូម៉ែត្រ និងទទឹងតួផ្លូវសរុប ២៥ម៉ែត្រ ដែលនឹងត្រូវតភ្ជាប់ពីផ្លូវជាតិលេខ៤  លេខ ៣ លេ២ និងលេខ ១ ក្រោមកិច្ចសន្យាសាងសង់រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសំណង់សៀងហៃចិន។ អានបន្ថែម

Source From: https://www.construction-property.com/khread-more-1578/

Leave a Reply

Your email address will not be published. Required fields are marked *