News

Check out real estate news updates

អគារស្នាក់នៅរួមអាចជំរុញដល់ការអភិវឌ្ឍទីក្រុងខណៈក្រសួងបរិស្ថានកំពុងគ្រាំទ្រ

បើយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានបានឱ្យដឹង នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋ​លេខា​​ធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់​លើរបាយការណ៍​វាយ​តម្លៃ​ហេតុប៉ះពាល់បរិស្ថាន និង សង្គមដំបូង(IESIA) សម្រាប់គម្រោងបង្កើតអគារស្នាក់នៅរួម (SKY TREE) នៅលើទំហំផ្ទៃដី ៨.០០០ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែល​វិនិយោគ​ដោយក្រុមហ៊ុន J & L Property Development Co., Ltd និងមានការសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា Prey Kdouch Development Co., Ltd.។

បន្ទាប់ពីកិច្ចពិភាក្សា និងការចូលរួមត្រួតពិនិត្យ និងផ្តល់យោបល់រួចមក កិច្ចប្រជុំសម្រេចបានលទ្ធផល​នូវ​ចំណុច​មួយ​ចំនួនដូចខាងក្រោម៖

១. គាំទ្រលើគម្រោងវិនិយោគនេះ ពីព្រោះគម្រោងចូលរួមចំណែកអភិវឌ្ឍន៍ទីក្រុង និងសេដ្ឋកិច្ច ប្រទេសជាតិ

២. ក្រុមហ៊ុនត្រូវពិនិត្យបច្ចេកទេសអាងប្រព្រឹត្តកម្មសំណល់ទឹកកខ្វក់សម្រោងនេះឡើងវិញ ដោយក្រុមហ៊ុន​ត្រូវរៀបចំ​ប្រព័ន្ធ​អាងប្រព្រឹត្តកម្មទឹកកខ្វក់រួមមួយមុននឹងបង្ហូរចូលទៅប្រព័ន្ធលូសាធារណៈ និងត្រូវធានា​ថាអាងប្រព្រឹត្ត​កម្មនេះ​មានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្តុក និងសម្អាតសំណល់ទឹកកខ្វក់ចេញពីគម្រោងទាំងអស់

៣. ការគ្រប់គ្រងសំណល់រឹង ក្រុមហ៊ុនត្រូវសហការជាមួយក្រុមហ៊ុនប្រមូលសំរាមដែលមានអាជ្ញាប័ណ្ណ ត្រឹមត្រូវ ព្រម​ទាំង​ទុកដាក់សំរាម និងសំណល់សំណង់គ្រប់ប្រភេទនៅក្នុងទីតាំងគម្រោង ចៀសវាងទុកដាក់តាមចិញ្ចើមផ្លូវ ឬទីសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់អនាម័យ និងសោភ័ណភាពទីក្រុង។

៤. ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ធលូឱ្យដាច់ដោយឡែកពីគ្នារវាងលូទឹកស្អុយ និងទឹកភ្លៀង ដោយកំណត់ពីទំហំ​មុខកាត់លូទៅ​តាមតម្រូវការនៅពេលអនាគតចៀសវាងការគាស់ដាក់ថ្មីឡើងវិញ

៥. ក្រុមហ៊ុនត្រូវពិនិត្យ និងកែសម្រួលរបាយការណ៍ IESIA នេះទៅតាមមតិយោបល់របស់មន្ត្រីជំនាញ​ជាសមាជិក​អង្គ​ប្រជុំ​ទាំងអស់។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួង​ពាក់​ព័ន្ធ​ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញ នាយកដ្ឋាន​វាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សា។

Source From: https://www.business-cambodia.com/public/article/residential-buildings-can-promote-urban-development

Leave a Reply

Your email address will not be published. Required fields are marked *