News

Check out real estate news updates

ឡូយមែន!ម៉ាឡេស៊ីនឹងសាងសង់ទីក្រុងវៃឆ្លាតដំបូងគេនៅអាស៊ីដែលប្រើប្រាស់លុយអេឡិចត្រូនិច

ម៉ាឡេស៊ី នឹងក្លាយជាប្រទេសដំបូងគេបំផុតនៅអាស៊ី ដែលបង្កើតឱ្យមានទីក្រុងប្រើប្រាស់បច្ចេកវិទ្យា Blockchain និងប្រើប្រាស់លុយឌីជីថលដែលគេហៅថា DMI Coin។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ។

ចំពោះការវិនិយោគលើបច្ចេកវិទ្យា រូបិយប័ណ្ណអេឡិចត្រូនិច គឺនឹងធ្វើឲ្យប្រទេសម៉ាឡេស៊ី មានទីក្រុងនៃបណ្ដុំ ពាណិជ្ជកម្ម​ថ្មីមួយ ទាក់ទាញទេសចរណ៍ទូទៅ និងទេសចរណ៍បែបជំនួញអេឡិចត្រូនិច ដែលមានការផ្ដោះប្ដូររូបិយប័ណ្ណ ផ្សារភាគហ៊ុន នៅលើប្រព័ន្ធ Blockchain ប្រកបដោយសុវត្ថិភាពខ្ពស់ និងគ្រប់គ្រង Server ដោយរដ្ឋាភិបាលម៉ាឡេស៊ីផ្ទាល់ ក្នុងកា​រធានា​សុវត្ថិភាពជូនពាណិជ្ជករទាំងអស់។

អ្វីដែលពិសេសនោះគឺនៅក្នុងគម្រោងសាងសង់ទីក្រុងថ្មី Melaka Straits City នៅប្រទេសម៉ាឡេស៊ី ដែលនឹងត្រូវវិនិយោគ​ទៅលើតំបន់ជ្រោយម៉ាឡាកា សាងសង់លើផ្ទៃដីទំហំ ៣៣៨ ហិចតា ត្រៀមអភិវឌ្ឍន៍ទៅជាទីក្រុងអេឡិចត្រូនិច ឬ​ Blockchain City។

គម្រោងនោះគឺមានគោលដៅ សម្រាប់ជំរុញដល់ពាណិជ្ជកម្មអេឡិចត្រូនិច ការប្រើប្រាស់បច្ចេកវិទ្យារូបិយប័ណ្ណថ្មីជាសកល ទាក់ទាញការវិនិយោគ និងទេសចរណ៍កាន់តែងាយស្រួល ហើយក៏ជួយពង្រឹងវិស័យបច្ចេកវិទ្យា និងវិស័យ​អប់រំនៅប្រទេស​ម៉ាឡេស៊ី។

គួរបញ្ជាក់ផងដែរថា ទីក្រុង Blockchain City គឺមានការសហការគាំទ្រពីសំណាក់ក្រុមហ៊ុនចិន រួមជាមួយរដ្ឋាភិបាលចិន ដែលគម្រោងសំណង់មួយនេះនឹងវិនិយោគលើដីនៅតំបន់ជ្រោយម៉ាឡាកា​ ដើម្បីសាងសង់ទៅជាសណ្ឋាគារ និងប៊ូទិច​ធំៗ​ចំនួន ៥ គម្រោង, វីឡាចំនួន ១០០ យូនីត, និងមានសួនទឹក និងសួនឧទ្យានខ្នាតធំៗជាច្រើនទៀត។

ម៉្យាងទៀតរូបិយប័ណ្ណ DMI Coin នឹងមានការប្រើប្រាស់ងាយស្រួល និងសេរីតែម្ដងនៅក្នុងទីក្រុងនោះ ដែលអ្នកទេសចរណ៍​ចូលមកគ្រាន់តែប្ដូររូបបិយប័ណ្ណរបស់គេ ទៅជា DMI Coin តាមរយៈទូរសព្ទដៃ ឬកុំព្យូទ័រ ហើយប្រើប្រាស់វាដើម្បី​ទូទាត់ការ​ចំណាយផ្សេងៗ នឹងគ្រាន់តែស្កេន QR Code ជាការស្រេច ដោយមិនបាច់មានប្រើប្រាស់លុយសុទ្ធ។

សូមជម្រាបផងដែរថា ទីក្រុង Melaka Straits City នេះគឺជាទីក្រុងវៃឆ្លាតដំបូងគេនៅអាស៊ី​ដែលត្រូវបង្កើតឡើង​ដោយមានការ​ប្រើប្រាស់បច្ចេកវិទ្យា Blockchain និងមានការប្រើប្រាស់លុយ​ឌីជីថលសម្រាប់ដំណើ​រកម្សាន្តដោយមិន​ចាំបាច់ប្រើប្រាស់​លុយ​សុទ្ធនៅក្នុងការចំណាយ។

Source From: https://www.business-cambodia.com/public/article/blockchain-city

Leave a Reply

Your email address will not be published. Required fields are marked *