News

Check out real estate news updates

ហ៊ីប៉ូតែក៖ ការដាក់បន្ទុកទៅលើអចលនទ្រព្យគឺជាវិធីដែលប្រើប្រាស់ទូទៅនៅកម្ពុជា

ចាប់តាំងពីការដាក់បញ្ចូលក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ ២០០៧ មក ហ៊ីប៉ូតែកត្រូវបានស្គាល់ថាជាវិធីដាក់បន្ទុកលើអចលនទ្រព្យដែលបានប្រើប្រាស់ទូទៅសម្រាប់ធានានូវការគោរពកាតព្វកិច្ចរបស់អ្នកជាប់បំណុល។ អត្ថបទសង្ខេបនេះ នឹងបង្ហាញពីទិដ្ឋភាពទូទៅនៃហ៊ីប៉ូតែក អំពីគុណសម្បត្តិរបស់វា ក៏ដូចជា វិធីដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងហ៊ីប៉ូតែកល្អបំផុតសម្រាប់ម្ចាស់បំណុល។

តើហ៊ីប៉ូតែកគឺជាអ្វី?
ហ៊ីប៉ូតែក គឺត្រូវបានកំណត់ថាជាកិច្ចព្រមព្រៀងរវាងម្ចាស់បំណុលនិងកូនបំណុល ឬភាគីទីបីដែលប្រគល់អចលនវត្ថុជាទ្រព្យសម្បត្ដិសម្រាប់ជាវត្ថុដាក់បញ្ចំាដើម្បីធានាលើកាតព្វកិច្ច។ ម្ចាស់បំណុលមានសិទ្ធិស្របច្បាប់ក្នុងការយកសិទ្ធិមកប្រើដើម្បីទទួលបានការបំពេញកាតព្វកិច្ចនៃការទាមទាររបស់គាត់មុនម្ចាស់បំណុលផ្សេងៗទៀត ពីការលក់អចលនទ្រព្យដែលកូនបំណុល ឬភាគីទីបី បានប្រគល់ជូនដើម្បីធានានូវកាតព្វកិច្ចរបស់ពួកគេ។ ការជួលអចិន្ត្រៃយ៍ ឬសិទ្ធិអាស្រ័យផលអាចត្រូវបានប្រើជាវត្ថុធានាសម្រាប់ហ៊ីប៉ូតែក។

តើគុណសម្បត្តិនៃហ៊ីប៉ូតែកគឺជាអ្វី?

គោលបំណងនៃហ៊ីប៉ូតែកគឺដើម្បីអនុញ្ញាតឱ្យម្ចាស់បំណុលអាចធានាការទាមទាររបស់ពួកគាត់ ក្នុងករណីដែលកូនបំណុលមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួន។ ក្នុងករណីដែលមិនមានលទ្ធភាពសងបំណុល ម្ចាស់បំណុលអាចដាក់ពាក្យសុំទៅតុលាការដើម្បីលក់អចលនទ្រព្យដោយបង្ខំនៃទ្រព្យសម្បត្តិដែលបានដាក់ក្នុងកិច្ចព្រមព្រៀមហ៊ីប៉ូតែក។ នៅពេលដែលកូនបំណុល ឬភាគីទីបីធ្វើការសង់អគារនៅលើដីក្រោយពេលដែលដីបានដាក់ហ៊ីប៉ូតែក ហើយកូនបំណុលជាម្ចាស់កម្មសិទ្ធិអគារនោះ ម្ចាស់បំណុលអាចបង្គាប់ឱ្យលក់អគារជាដាច់ខាតរួមជាមួយ និងដីដែលបានដាក់ហ៊ីប៉ូតែក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើតម្លៃដីរួមជាមួយអគារមានតម្លៃតិចជាងតម្លៃដីទំនេរ ម្ចាស់បំណុលអាចបង្គាប់ឱ្យកូនបំណុលយកអគារចេញមុនការបង្ខំឲ្យលក់ដី។ អ្នកទិញជាភាគីទីបីអាចទិញទ្រព្យសម្បត្តិពីការដាក់លក់ដោយបង្ខំ។

ការដាក់ហ៊ីប៉ូតែកវានឹងគ្របដណ្តប់រាល់វត្ថុទាំងអស់ដែលជាប់ទៅនឹងដី និងជាប់ទៅនឹងផ្នែកសណ្ឋាននៃដីដែលនឹងក្លាយជាកម្មវត្ថុរបស់ហ៊ីប៉ូតែកនៅពេលដែលកិច្ចព្រមព្រៀងហ៊ីប៉ូតែកត្រូវបានបង្កើតឡើង បូករួមទាំងអគារនៅទីនោះ។ វាក៏លាតសន្ធឹងទៅលើអ្វីដែលភ្ជាប់ទៅនឹងដីបន្ទាប់ពី ហ៊ីប៉ូតែក ត្រូវបានបង្កើត។ ទោះជាយ៉ាងណាក៏ដោយ វាមិនបានពង្រីកវិសាលភាពទៅអគារដែលជាកម្មសិទ្ធិរបស់ភាគីទីបីឬដែលសិទ្ធិត្រូវបានកាន់កាប់ដោយភាគីទីបីក្រោមការជួលអចិន្ត្រៃយ៍ សិទិ្ធអាស្រ័យផល ភតិសន្យាជួល។

ភាគីទីបីដែលបានទទួលកិច្ចសន្យាអចិន្ត្រៃយ៍ ឬសិទ្ធិអាស្រ័យផលលើអចលនទ្រព្យដែលជាប់ហ៊ីប៉ូតែក អាចបង់ថ្លៃឱ្យម្ចាស់បំណុលតាមសំណើរបស់អ្នកដែលបានដាក់ហ៊ីប៉ូតែក ហើយហ៊ីប៉ូតែកនេះនឹងត្រូវបានលុបចេញដើម្បីជាប្រយោជន៍ដល់ភាគីទីបីនោះ។ គ្មានហ៊ីប៉ូតែកណាអាចរលត់ដោយការបង្គាប់បញ្ជាក្នុងទំនាក់ទំនងជាមួយនឹងអ្នកជំពាក់បំណុល និងអ្នកជាម្ចាស់ហ៊ីប៉ូតែកទេ លុះត្រាតែ វាត្រូវបានរលត់ព្រមៗគ្នាជាមួយនឹងប្រកាសពីសុវត្ថិភាពរបស់ហ៊ីប៉ូតែក។ ក្នុងករណីដែលបុគ្គលម្នាក់ ដែលមិនមែនជាអ្នកជំពាក់បំណុលក្តី ឬអ្នកជាម្ចាស់ហ៊ីប៉ូតែកក្តី បានកាន់កាប់អចលនទ្រព្យដែលជាប់ហ៊ីប៉ូតែកដែលមានអចលនវត្ថុមិនអាចរុះរើចេញបាន គឺត្រូវបំពេញស្របតាមលក្ខខណ្ឌទាមទារក្នុងការទិញយកផ្តាច់ ដែលហ៊ីប៉ូតែកអាចត្រូវបានរលត់ដោយហេតុនេះ។ ទោះជាយ៉ាងណាក៏ដោយ វាមិនត្រូវអនុវត្តទេក្នុងករណីដែលភាគីទីបីដែលជាអ្នកទិញយកនៃអចលនទ្រព្យដែលជាប់បន្ទុកហ៊ីប៉ូតែក ហើយមានអចលនវត្ថុមិនអាចរុះរើចេញបាន ដែលទិញយកអចលនទ្រព្យ និងបានដឹងច្បាស់ថាមានអចលនវត្ថុដែលមិនអាចរុះរើចេញបាននៅក្នុងអចលនទ្រព្យដែលជាប់ហ៊ីប៉ូតែក។
បើគិតពីគុណសម្បត្តិចំពោះម្ចាស់កម្មសិទ្ធិអចលនវត្ថុនោះ ហ៊ីប៉ូតែកជាច្រើនក៏អាចត្រូវបានបង្កើតឡើងលើអចលនវត្ថុតែមួយដើម្បីធានាសុវត្ថិភាពបំណុលច្រើន។ ចំពោះហ៊ីប៉ូតែកប្រភេទនេះ សិទ្ធិរបស់ម្ចាស់បំណុលដើម្បីទទួលបានការទាមទារគួរអាចពឹងផ្អែកលើលំដាប់លំដោយនៃការចុះឈ្មោះរបស់ពួកវា។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់បំណុលអាចផ្ទេរ ឬបោះបង់ចោលសិទ្ធិរបស់គាត់លើហ៊ីប៉ូតែក ឬលំដាប់ជាអាទិភាពរបស់គាត់ដើម្បីជាប្រយោជន៍ដល់ម្ចាស់បំណុលផ្សេងទៀត។

ម្ចាស់បំណុលអាចចងសិទ្ធិរបស់គាត់នៃហ៊ីប៉ូតែកដើម្បីធានាបំណុលរបស់គាត់ទៅឱ្យភាគីទីបី។ ប្រភេទនៃហ៊ីប៉ូតែក នេះត្រូវបានគេស្គាល់ថាជា «ហ៊ីប៉ូតែកតគ្នា»។

តើត្រូវរៀបចំកិច្ចព្រមព្រៀងហ៊ីប៉ូតែកឲ្យល្អដោយរបៀបណា?

កិច្ចព្រមព្រៀងហ៊ីប៉ូតែកមួយអាចត្រូវបានបង្កើតឡើងដោយមានការព្រមព្រៀងពីភាគីម្ចាស់បំណុល និងកូនបំណុល ឬម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុដែលត្រូវបានដាក់ជាការធានាសុវត្ថិភាព។ ពីលើការព្រមព្រៀងដោយស្ម័គ្រចិត្តរបស់ភាគីពាក់ពន្ធ័ កិច្ចព្រមព្រៀងហ៊ីប៉ូតែកមួយត្រូវបង្កើតជាទម្រង់ឯកសារត្រឹមត្រូវតាមច្បាប់ហើយចុះបញ្ជីជាមួយការិយាល័យសុរិយោដី។ កម្រៃសេវាជាផ្លូវការមានតម្លៃ ២០០.០០០ រៀលក្នុងមួយបណ្ណ ហើយវាចំណាយពេលពី ៣ ទៅ ៥ ថ្ងៃដើម្បីធ្វើការចុះឈ្មោះ។

វិញ្ញាបនបត្រនៃកិច្ចព្រមព្រៀងហ៊ីប៉ូតែក ត្រូវតែបញ្ជាក់ដោយប្រធានភូមិ/សង្កាត់ ស្របតាមប្រកាសលេខ ១៥៩ ចុះថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៦។ វិញ្ញាបនប័ត្រនៃកិច្ចព្រមព្រៀងហ៊ីប៉ូតែកត្រូវរាប់បញ្ចូល (i) អត្តសញ្ញាណនៃអចលនវត្ថុ និង (ii) អត្តសញ្ញាណប័ណ្ណរបស់ភាគីទាំងសងខាងក្នុងកិច្ចព្រមព្រៀង។

More information visit: https://www.construction-property.com/khread-news-1939/

Leave a Reply

Your email address will not be published. Required fields are marked *