News

Check out real estate news updates

ហេតុ​អី​ទីផ្សារ​ខុន​ដូ ងាក​មកកាន់​ប្រជាជនមាន​ជីវភាព​មធ្យម?

ភ្នំពេញ៖ ខុន​ដូ​ប្រណីត និង​មានតម្លៃ​ខ្ពស់​ទំនងជា​ចាប់ផ្តើម​ឆ្អែតបណ្តើរៗនៅក្នុង​ទីផ្សារ​ហើយ ខណៈ​ក្រុមហ៊ុន​មួយចំនួន​បានចាប់ផ្តើម​សម្លឹង​ចាប់យក​ទីផ្សារ​ថ្មី ដោយ​ផ្តោតលើ​ខុន​ដូ​មានតម្លៃ​មធ្យម។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធី​តា បានលើកឡើង​កាលពីពេលថ្មីៗនេះ​ថា នៅ​ឆ្នាំនេះ​មាន​គំរោង​ខុន​ដូ​ចំនួន៣ មានផ្ទះ​ជាង២០០០យូ​នី​ត បានប្រកាស​លក់​គំរោង​របស់​ពួកគេ ដោយ​ផ្តោតលើ​ប្រជាជនមាន​ជីវភាព​មធ្យម ដែលជា​ក្រុម​ប្រជាជនមាន​ចំនួន​ច្រើន និង​អាចមាន​ល​ទ្ឋ​ភាព​ទិញ​ខុន​ដូ​ទាំង​នោះបាន។ អ្នកនាង​បន្តថា ខុន​ដូ​ដែល​បានប្រកាស​លក់ និង​សាងសង់​នៅ​ដើម​ឆ្នាំនេះ​មានដូចជា​គំរោង ARAKAWA, Urban Village, ជាដើម។

អ្នកនាង​បន្តថា “ខ្ញុំ​គិតថា​ទីផ្សារ​ខុន​ដូ ដែល​ផ្តោតលើ​ប្រជាជនមាន​ជីវភាព​មធ្យម ពួកគេ​អាច​ទទួលបាន​ជោគជ័យ ដោយសារ​ប្រជាជន​ក្នុងស្រុក​អាចមាន​ល​ទ្ឋ​ភាព​ទិញ​បាន ហើយ​និន្នាការ​ប្រជាជន​ក្នុងស្រុក​ទិញ​ខុន​ដូ​ក៏​កើនឡើង​ផងដែរ។

ខុន​ដូ​តម្លៃ​មធ្យម​សំដៅ​ដល់​ខុន​ដូ ដែល​សាងសង់​លក់​ក្នុងតម្លៃ​ចន្លោះ​ពី ៣០,០០០ ទៅ៥០,០០០ដុល្លារ​អាមេរិក​ក្នុង​មួយ​យូ​នី​ត។

លោក ទុយ ប៊ុន ភាគហ៊ុន​និក​ទទួលបន្ទុក​ផ្នែក​បច្ចេកទេស នៃ​ក្រុមហ៊ុន​លំនៅដ្ឋាន L កម្ពុជា​ភ្នំពេញ ដែល​បាន​សាងសង់​ខុន​ដូ​ចំនួន៥គំរោង ដែលមាន​តម្លៃ​ចន្លោះ​ពី២៩០០០ដល់៥ម៉ឺន​ដុល្លារ ក្នុង​មួយ​យូ​នី​ត​បាន​ថ្លែងថា ប្រជាជន​ក្នុងស្រុក​កាន់តែច្រើន​បានចាប់ផ្តើម​ចាប់អារម្មណ៍​ទិញ​ខុន​ដូ​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ប៉ុន្តែ​នៅ​ឆ្នាំនេះ​មាន​ប្រជាជន​ចិន​កាន់តែច្រើន​បាន​ទិញ​ខុន​ដូ​របស់លោក ដោយ​ពួកគេ​បាន​ម៉ៅ​យក១០០យូ​នី​ត​ឬ​ច្រើនជាង​នេះ​ដើម្បី​លក់​បន្ត។

លោក​បន្តថា “ការសាងសង់​ដោយ​ផ្តោត​តម្លៃ​ចន្លោះ​ពី៩០០ ទៅ១២០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ជា​គោលដៅ​ត្រឹមត្រូវ ហើយ​ខ្ញុំ​មិន​បារម្ភ​ពី​ខុន​ដូ​របស់ខ្ញុំ​លក់​មិន​ចេញ​នោះទេ។លោក​បន្តថា “ហេតុផល​ដែល​យើង​សាងសង់​ខុន​ដូ​តម្លៃ​មធ្យម ដោយសារ​ប្រជា ជន​មាន​ជីវភាព​មធ្យម​មាន​ចំនួន​ច្រើន និង​ទីតាំង​គំរោង​របស់​យើង​មិន​សមស្រប​សម្រាប់​ខុន​ដូ​មានតម្លៃ​ថ្លៃ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក គីម ហ៊ាង បាន​ថ្លែងថា លោក​គិតថា​ការសាងសង់​ខុន​ដូ​តម្លៃ​មធ្យម នឹង​ទទួលបាន​ជោគជ័យ ពិសេស​តំបន់​ស្ថិតក្នុង​ខ័​ណ្ឌ​ចំការ​មក និង​ខ័​ណ្ឌ​ដូនពេញ ទីតាំង​ដែល​សំណង់​នានា​បាន​ដុះដាល​និង​ស្ទើរ​រក​ដី​សាងសង់​មិនបាន​រួចទៅហើយ។ លោក​បន្តថា បើ​សាងសង់​ខុន​ដូ​នៅ​តំបន់​នេះ​កំពស់១៥ទៅ២៥ជាន់ ហើយ​លក់​ក្នុងតម្លៃ​ចន្លោះ​ពី៨០០ទៅ១២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​នឹង​ទទួលបាន​ជោគជ័យ ព្រោះ​ប្រជាជន​ក្នុងស្រុក​ទោះបីជា​ចង់​ទិញ​ផ្ទះ​ក្នុងតម្លៃ​ចន្លោះ​ពី៤០,០០០ទៅ៦០,០០០ដុល្លារ ក៏​ទិញ​បាន​ផ្ទះ​នៅ​ជា​ន់ទី២ទៅ​ទី៤ដែរ ហើយ​វា​ជា​ផ្ទះ​ចាស់ និង​មិនមាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សមស្រប។

លោក​បន្តថា “បើសិន​ជាមាន​អ្នកវិនិយោគ​សាងសង់​ខុន​ដូ ក្នុងតម្លៃ​ខាងលើនេះ ខ្ញុំ​ជឿថា​នឹងមាន​ការគាំទ្រ​ពី​ប្រជាជន​ក្នុងស្រុក ព្រោះ​ខុន​ដូ​មិន​ដូច​ផ្ទះល្វែងចាស់ៗទេ ដោយសារ​ខុន​ដូ​មាន​ជណ្តើរយន្ត មាន​សេវាកម្ម​សន្តិសុខ និង​សេវាកម្ម​បំរើការ​រស់នៅ​ប្រសើរ​ជាង​ផ្ទះល្វែង។

លោក​ណា​រិ​ទ្ឋ ហៅ​ធូ​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ទិញ​ខុន​ដូ​តម្លៃ​មធ្យម​មួយ នៅ​តំបន់​បឹងត្របែក​បានលើកឡើង​ថា ការពិត​លោក​មានផ្ទះ​ផ្ទាល់ខ្លួន​រួចទៅហើយ តែ​លោក​បាន​ទិញ​ខុន​ដូ​មួយទៀត ដោយសារ​លោក​ចង់​ផ្លាស់ប្តូរ​បរិយាកាស​ក្នុងការ​រស់នៅ និង​ទុក​សម្រាប់កូនៗរបស់លោក​នាពេល​អនាគត។លោក​បន្តថា លោក​គិតថា​ការរស់នៅ​ខុន​ដូ​នឹងមាន​ភាព​ខុន​គ្នា​ពី​ផ្ទះល្វែង​ជាប់​ដី ដោយសារ​ខុន​ដូ​មាន​កំពស់​ខ្ពស់ និង​មាន​សេវាកម្ម​ដែល​ធ្វើ​ឲ្យ​ការ​ស្នាក់នៅ​របស់​យើង​មាន​ភាពកក់ក្តៅ និង​ផាសុខភាព។

លោក​បន្តថា “ខ្ញុំ​គិតថា​ប្រជាជន​នឹង​ជ្រើសរើស រស់នៅ​តាម​ខុន​ដូ​កាន់តែច្រើន​នាពេល​អនាគត ព្រោះ​បច្ចុប្បន្ន​មិត្ត​ភ័​ក្ត​ខ្ញុំ​មួយចំនួន​ក៏បាន​ទិញ​ខុន​ដូ​សម្រាប់​រស់នៅ​ដែរ ដោយសារ​វា​ជា Lifestyle ថ្មី​មួយ”៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *