News

Check out real estate news updates

ហេតុអ្វីប្រជាជនក្នុងខេត្តព្រះសីហនុសម្រុកខ្ចីប្រាក់ពីធនាគារក្រោយវត្តមានចិនពាសពេញទីក្រុង?

ទីក្រុងទេសចរណ៍ដ៏ស្រស់ស្អាតនាទិសនិរតីនៃប្រទេសកម្ពុជាបាននិងកំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជនដោយសារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តមួយនេះបានប្រែមុខមាត់យ៉ាងខ្លាំងជាមួយនឹងការរីកលូតលាស់នៃសំណង់អគារតូចធំស្ទើគ្រប់ទីកន្លែងព្រមទាំងលំហូរចូលនៃជនជាតិចិនជាច្រើននាក់។

ជាមួយនឹងការរីកលូតលាស់នៃសំណង់អគារដែលភាគច្រើនសុទ្ធសឹងតែជាសំណង់របស់ក្រុមហ៊ុនចិនព្រមទាំងការមកដល់នៃជនជាតិចិនផងនោះ តម្រូវការលំនៅដ្ឋានបាននិងកំពុងក្លាយជាទិសដៅសំខាន់សម្រាប់ប្រជាជនក្នុងស្រុកក្នុងការបង្កើនប្រាក់ចំណូលតាមរយៈការសាងសង់លំនៅដ្ឋានសម្រាប់លក់ឬជួលទៅឲ្យជនជាតិចិនក្នុងតម្លៃមួយខ្ពស់សមរម្យ។

ជាការកត់សម្គាល់ផ្ទាល់របស់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ  ក្រោយមានវត្តមានជនជាតិចិនពាសពេញខេត្តព្រះសីហនុបែបនេះ ប្រជាជនក្នុងតំបន់បានសម្រុកស្នើសុំប្រាក់កម្ចីពីធនាគារនានាដើម្បីយកមកវិនិយោគទៅលើអចលនទ្រព្យលំនៅដ្ឋាន។

ក្នុងន័យនេះ កញ្ញា ពៅ ចរិយា ដែលបច្ចុប្បន្នកំពុងប្រកបមុខរបរជាគ្រូបង្រៀនមួយរូបក្នុងខេត្តព្រះសីហនុបានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ ថា បច្ចុប្បន្នលំនៅដ្ឋាននៅតាមតំបន់អូរ២ របស់គ្រួសារកញ្ញាគឺត្រូវបានដាក់ជួលទៅឲ្យជាតិចិនបន្ទាប់ពីលំនៅដ្ឋាននេះត្រូវបានសាងសង់រួចរាល់នាពេលថ្មីៗនេះ។

តាមការបញ្ជាក់របស់កញ្ញា ដោយសារគ្រួសារកញ្ញាមើលឃើញថា ការជួលលំនៅដ្ឋានកំពុងតែមានសក្តានុពលខ្លាំងព្រមទាំងទទួលបានថ្លៃជួលខ្ពស់ទៀតនោះ គ្រួសារកញ្ញាក៏បានសម្រចចិត្តដាក់ផ្ទះកម្ពស់បីជាន់មួយនេះជួលទៅឲ្យជនជាតិចិនក្នុងតម្លៃ ២៥០០ដុល្លារអាមេរិកក្នុងមួយខែ ហើយគ្រួសារកញ្ញាសុខចិត្តចាក់ចេញពីលំនៅដ្ឋានទៅរស់នៅកន្លែងផ្សេងវិញ។

ទន្ទឹមនឹងនេះដែរ ប្រាក់សម្រាប់សាងសង់លំនៅដ្ឋានថ្មីនេះទៀតសោតគឺបានមកពីកម្ចីពីធនាគារយៈពេលយូរអង្វែងជាមួយនឹងអត្រានៃការបង់ប្រាក់រំលស់ក្នុងកម្រិតមួយដែលគ្រួសារកញ្ញាអាចមានសមត្ថភាពបង់ដោយមិនចាំបាច់ពឹងទៅលើកំរៃពីការជួលលំនៅដ្ឋាននេះឡើយ។

កញ្ញាបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «តាមពិតទៅដំបូងយើងសង់ផ្ទះសម្រាប់នៅជាលក្ខណៈគ្រួសារដែលមានត្រឹម៤បន្ទប់ប៉ុណ្ណោះ…. តែដោយសារគេគ្រប់គ្នាជួលឲ្យចិនបានថ្លៃយើងក៏ដាក់ជួលដែរទៅ»។

ជាការពិតណាស់ អាជីវកម្មលក់ឬជួលលំនៅដ្ឋានគឺពិតជាមានសក្តានុពលខ្លាំងក្នុងខេត្តព្រះសីហនុដែលជាហេតុធ្វើ់ឲ្យប្រជាជនខ្លះទៀតបែរមករកការប្រកបអាជីវកម្មមួយនេះ។

ជាក់ស្តែង ប្រជាជនក្នុងតំបន់មួយរូបទៀតសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់អំពីដំណើរការនៃការខ្ចីប្រាក់ពីធនាគារដើម្បីធ្វើជាដើមទុនក្នុងការធ្វើជាភ្នាក់ងារកណ្តាលសម្រាប់ប្រតិបត្តិការអាជីវកម្មជួលលំនៅដ្ឋាន។

តាមការបកស្រាយ កញ្ញាបានខ្ចីប្រាក់ពីធនាគារប្រមាណជាង ១ម៉ឺនដុល្លាអាមេរិក។ ភាគច្រើននៃប្រាក់កម្ចីនេះគឺទុកសម្រាប់បង់ថ្លៃជួលផ្ទះមួយខ្នងដែលកញ្ញាបានជួលក្នុងគោលបំណងដាក់ជួលបន្តទៅឲ្យជនជាតិចិនក្នុងតម្លៃលើសពីតម្លៃដែលកញ្ញាបានជួល។ ប៉ុន្តែមកទល់នឹងពេលបច្ចុប្បន្ននេះ ផ្ទះមួយខ្នងដែលកញ្ញាបានជួលក្នុងតម្លៃប្រមាណជា ៧០០ ដុល្លារអាមេរិកក្នុងមួយខែនេះ គឺនៅមិនទាន់មានជនជាតិចិនណាមួយជួលនៅឡើយទេ។

សរុបសេចក្តីមក ប្រជាជនក្នុងខេត្តព្រះសីហនុបានសម្រុកខ្ចីប្រាក់ពីធនាគាក្នុងគោលបំណងដើម្បីសាងសង់លំនៅដ្ឋានសម្រាប់ដាក់ជួលទៅឲ្យជនជាតិចិនដែលបានមករស់នៅយ៉ាងច្រើនកុះករក្នុងតំបន់នេះ។

សកម្មភាពនៃការសាងសង់អគារក្នុងខេត្តព្រះសីហនុហាក់មិនមានសញ្ញានៃការថមថយណាមួយនៅឡើយទេ ហើយបើលំហូរនៃជនជាតិចិននៅតែបន្តទៀតនោះ តើវាសនានៃអាជីវកម្មជួលឬលក់លំនៅដ្ឋាននៅតែបន្តមានសក្តានុពលឬយ៉ាងណា? ជាលទ្ធផលយ៉ាងណានោះ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ នឹងបន្តតាមដានរឿងរាវមួយនេះនាពេលខាងមុខទៀត។

Source From: https://www.construction-property.com/khread-more-1519/

Leave a Reply

Your email address will not be published. Required fields are marked *