News

Check out real estate news updates

ស្ពានចំនួន៥ នៅខេត្តបាត់ដំបងដែលទើបដាក់ដំណើរការ នឹងជួយឲ្យអចលនទ្រព្យខេត្តនេះរីកចម្រើន

កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៥ នៅខេត្តបាត់ដំបង ដែលស្ពានទាំងអស់នេះ នឹងអាចជួយអចលនទ្រព្យរបស់ខេត្តមួយនេះរីចម្រើន តាមរូបភាពផ្សេងៗ។

ស្ពានទាំង៥ នេះ រួមមាន ស្ពានច្រាំងចោត ដែលស្ថិតនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ និងស្ពានចំនួន៤ទៀត នៅស្រុកសំឡូត ស្រុកបវិល ស្រុកឯកភ្នំ និងស្រុកកំរៀង ដែលឆ្លងកាត់ស្ទឹងសង្កែ និងស្ទឹងផ្សេងៗទៀត ក្នុងភូមិសាស្ត្រទឹកដីខេត្តបាត់ដំបង។

ចំពោះ ស្ពានច្រំាងចោត គឺមានប្រវែងសរុប ១៦២ម៉ែត្រ ទទឹង០៨ម៉ែត្រ ដែលចំណាយពេលសាងសង់ចំនួន០២ឆ្នាំ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៧ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ និងចំណាយថវិកា រាជរដ្ឋាភិបាលសរុប ប្រមាណជា ១,២ លានដុល្លារ (៤ ៩៧១ លានរៀល)។

ចំណែកស្ពានចំនួន ៤ ផ្សេងទៀតរួមមាន៖ ១) ស្ពានប្រវែង ៤៥ ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវិល ២) ស្ពានប្រវែង៧២ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ៣) ស្ពានប្រវែង៥៤ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង និង ៤) ស្ពាន ប្រវែង១០២ ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត។

ស្ពានទាំង ៥ នេះ ត្រូវបានសាងសង់ឡើងដោយបញ្ជាការដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ និងត្រូវបានត្រួតពិនិត្យការសាងសង់ដោយក្រសួងសាធារណការនិងដឹកជញ្ជូន។

គួរជម្រាបថា ពិធីបើកសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំនៃមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

More information visit: https://www.business-cambodia.com/public/article/new-5-bridge-at-batambong

Leave a Reply

Your email address will not be published. Required fields are marked *