News

Check out real estate news updates

ស្ត្រី​ម្នាក់​បាន​ដួលសន្លប់​​ ខណៈ​មាន​ការ​រារាំង​​មិន​ឱ្យ​មក​តវ៉ា​រឿង​ដី​នៅ​​ភូមិគ្រឹះ​នាយករដ្ឋមន្ត្រី

ភ្នំពេញ: ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ប្រមាណ​ជិត​ ៨០០ ​នាក់​តំណាង​ឲ្យ​ ១៦៤២ ​គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី​មកពី​ឃុំ​ ២ ​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​បាន​ដួលសន្លប់​នៅ​តាម​ផ្លូវ​ជិត​ស្ថានទូត​វៀតណាម​កាលពី​ម្សិលមិញ ខណៈ​រូបគាត់ និង​អ្នកផ្សេង​ព្យាយាម​​ដើរ​ទៅ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែងរក​ដំណោះស្រាយ តែ​ត្រូវ​សមត្ថកិច្ច​រារាំង​បង្ក​ឱ្យ​មាន​ការ​រុញច្រាន​គ្នា​។

នៅ​មុន​ពេល​មាន​ការ​ដួលសន្លប់​នេះ ពួកគាត់​បាន​ដើរ​ចេញ​ពី​ម្ដុំ​វត្ត​សាមគ្គី​រង្សី​កាត់​តាម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​​សំណង់​ក្នុង​បំណង​ឆ្ពោះ​ទៅ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ ប៉ុន្តែ​​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​នៅ​ជិត​​ស្ថានទូត​វៀតណាម​ដោយ​លើក​ហេតុផល​ថា ការដើរ​នេះ​ធ្វើឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​។ លុះ​​បន្ទាប់មក​ក៏​មាន​ការ​រុញច្រាន​គ្នា​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​បាន​ដួលសន្លប់​។

លោក តូច ឌុល ជា​តំណាង​ម្នាក់​ក្នុង​ចំណោម​ប្រមាណ​ជាង​ ៨០០ ​នាក់​នោះ​បាន​ថ្លែង​ថា ពួកគាត់​មក​ស្វែងរក​ដំណោះស្រាយ​នៅ​ភ្នំពេញ​ចំនួន​ ៧ ​លើក​រួច​មក​ហើយ តែ​មិន​ដែល​ទទួល​បាន​ផល​ទេ​ហើយ​ថា លើក​នេះ​បើ​មិន​ទទួល​បាន​ដំណោះស្រាយ​ទៀត​គឺ​ពួកគាត់​នឹង​មិន​វិល​ទៅ​ស្រុក​វិញ​ទេ​។
លោក​បន្ត​ថា​៖ «​ការលើក​គ្នា​មក​តវ៉ា​នៅ​តាម​ស្ថាប័ន​កំពូលៗ​នេះ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ និង​ប្រឆាំង​នឹង​ការបណ្ដេញ​​ពួកគាត់​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ដោយ​សុំ​ឲ្យ​អាជ្ញាធរ​បែងចែក​ដីជូន​ក្នុង​មួយ​គ្រួសារ​ចំនួន​ ២ ​ហិកតា​កន្លះ និង​កំណត់​ព្រំដី​ជាមួយ​ក្រុមហ៊ុន​មេមត់​ឲ្យ​ច្បាស់លាស់​»​។

ពលរដ្ឋ​ម្នាក់​មកពី​ឃុំ​ ២ ​ធ្នូ ស្រុក​ស្នួល លោក ម៉េត ធី អាយុ​ ៥០ ​ឆ្នាំ​​បាន​ឲ្យ​ដឹងថា​ពួកគាត់​បាន​កាន់កាប់​ដី​តំបន់​នេះ​ជិត​ ១០ ​ឆ្នាំ​មក​​ហើយ និង​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ការ​ឆ្វៀល​ដី​ពី​ក្រុមហ៊ុន​នេះ​បំប្លែង​ទៅ​ជា​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ​ដែល​គ្មាន​ដី​ដើម្បី​​បាន​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​។

លោក​បន្ត​ថា​៖ «​ពួកខ្ញុំ​បាន​តវ៉ា​ជាច្រើន​លើក​មក​ហើយ ប៉ុន្ដែ​​អាជ្ញាធរ​ដែនដី​មិន​បាន​ដោះស្រាយ​ជូន​ទេ តែ​ថែម​ទាំង​ឲ្យ​ពួក​ខ្ញុំ​ចាកចេញ​ពី​ដី​នេះ​ទៀត​។ កន្លង​មក​នេះ​អាជ្ញាធរ​បាន​តែ​សន្យា​ខ្យល់​ទេ តិច​ថា​ជួយ​ដោះស្រាយ​ថ្ងៃនេះ តិច​ថា ថ្ងៃ​នោះ និយាយ​មិន​ពិតប្រាកដ​សោះ​»​។

យ៉ាង​ណា​ក៏ដោយ​បន្ទាប់ពី​មាន​ការ​រារាំង​ដំណើរ​មិន​ឱ្យ​ទៅ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី​នេះ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​កោះហៅ​តំណាង​ពលរដ្ឋ​ ៣៥ ​នាក់​ឲ្យ​ចូល​ជួប​ពិភាក្សា និង​បាន​សន្យា​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​បំផុត​។

ទន្ទឹម​នឹង​នោះ​ក្រសួង​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​លើក​ឡើង​ថា​៖ «​តំណាង​ប្រជាពលរដ្ឋ​ទទួល​ស្គាល់​ថា​បាន​ចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដែល​បាន​ផ្ដល់​សិទ្ធិ​សម្បទាន​សេដ្ឋកិច្ច​ជូន​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ពិតប្រាកដ​មែន​ដោយសារ​ខ្វះ​ដី​បង្កបង្កើនផល​។ បន្ទាប់មក​ក៏​​បាន​យល់ព្រម​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​ដើម្បី​បន្ត​សហការ​ជាមួយ​​អាជ្ញាធរ​ខេត្ត​ក្រចេះ​សំដៅ​ពន្លឿន​ការធ្វើ​អត្តសញ្ញាណ​កម្ម​ពី​មូលដ្ឋាន​ដើម​ដែល​បងប្អូន​រស់នៅ​​អចិន្រៃ្តយ៍​ឲ្យ​បាន​ច្បាស់លាស់​ហើយ​យល់ព្រម​ទទួល​យក​ដី​​តាម​ទំហំ និង​ទីកន្លែង​តាម​ការរៀបចំ​របស់​អាជ្ញាធរ​ខេត្ត​ក្រចេះ​។

រាជរដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​ជូន​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​តវ៉ា​ដែល​ខ្វះ​ដី​​លំនៅ និង​ដី​បង្កបង្កើនផល​ពិតប្រាកដ​ដោយ​ត្រូវ​ដាក់​សំណើ​តាមរយៈ​សាមី​អាជ្ញាធរ​ដែនដី​ស្រប​តាម​​នីតិវិធី​សម្បទាន​ដី​សង្គមកិច្ច​»​។

លោក ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​បាន​ថ្លែង​ថា ពលរដ្ឋ​​មាន​សិទ្ធិ​តវ៉ា​រាល់​ការបំពាន​ណា​មួយ​ហើយ​រដ្ឋាភិបាល​ក៏ត្រូវ​ជំរុញ​ការដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់​ផង​ដែរ​។

លោក​បន្ត​ថា​កន្លង​មក​អាជ្ញាធរ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​ធ្វើឲ្យ​មាន​ការតវ៉ា​ស្ទើរ​គ្រប់​ស្ថាប័ន​កំពូលៗ​របស់​រដ្ឋ​។

លោក​ថា​៖ «​ប្រសិន​បើ​មាន​ការជួបជុំ​រវាង​ពលរដ្ឋ និង​រដ្ឋមន្ត្រី​បែប​នេះ​គឺ​វា​បង្ហាញ​ពី​លទ្ធផល​វិជ្ជមាន​ច្រើន​បើ​ទោះ​ជា​មិន​បាន​ដោះស្រាយ​ឲ្យ​ពួកគាត់​ក៏ដោយ ព្រោះ​គាត់​មាន​ឋានៈ​ខ្ពស់ តែ​គាត់​ហ៊ាន​និយាយ​គឺ​នឹង​មាន​ដំណោះស្រាយ​ខ្ញុំ​មាន​សង្ឃឹម​ច្រើន​»​។

ទាក់ទង​នឹង​បញ្ហា​នេះ​លោក ប៉ឹង វិន មេឃុំ​ ២ ​ធ្នូ​ធ្លាប់​បាន​ឲ្យ​ដឹង​កាលពី​ខែ​កុម្ភៈ​ថា ពលរដ្ឋ​ដែល​រស់ក្នុង​ដី​ក្រុមហ៊ុន​នោះ​មាន​ ៤១៨ គ្រួសារ​ក្នុង​នោះ​អ្នក​ចំណាកស្រុក​មាន​ប្រហែល ៧០ ភាគរយ​។

លោក​ថា​៖ «​បើ​យើង​វាយតម្លៃ​តាម​ច្បាប់​ពួកគាត់​មាន​កំហុស​…​ប៉ុន្ដែ​អាជ្ញាធរ​ស្រុក​ ឬ​ខេត្ត​ថា​នឹង​ជួយ​ដោះស្រាយ​…​ខាង​ខ្ញុំ​អាជ្ញាធរ​​ឃុំ​មិន​មាន​អ្វី​អារកាត់​ទេ​»៕

Source From: https://www.postkhmer.com/

Leave a Reply

Your email address will not be published. Required fields are marked *