News

Check out real estate news updates

ស្ដាប់​អ្នកជំនាញ​ប្រាប់​ពី​លក្ខណៈពិសេស ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ជោគជ័យ

នៅពេលដែល​វិស័យ​អចលនទ្រព្យ​កំពុងមាន​សក្តានុពល​ខ្លាំង មនុស្ស​ជាច្រើន​បាន​ងាក​មក​ចាប់អារម្មណ៍​ជាមួយ​វិស័យនេះ ដើម្បី​ស្វែងរក​ផលចំណេញ ដែល​ក្នុងនោះ​រួមមាន​ទាំង​ការបោះ​ទុនវិនិយោគ ការ​បង្កើតជា​ក្រុមហ៊ុន​អចលនទ្រព្យ ជាពិសេស ការតាំង​ខ្លួន​ជា​ភ្នាក់ងារ​អចលនទ្រព្យ ដើម្បី​ទទួលបាន​កម្រៃជើងសារ ។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា លក្ខណៈសម្បត្តិ​ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ដ៏​ជោគជ័យ​ម្នាក់ មាន​កត្តា​រួមផ្សំ​ជាច្រើន ដូច​ជាទី1 ត្រូវមាន​ភាពស្មោះត្រង់​ចំពោះ​ខ្លួនឯង អតិថិជន ដៃគូ​អាជីវកម្ម និង​សង្គមជាតិ។ ទី2 ត្រូវមាន​ចំណេះដឹង​ជ្រៅជ្រះ​ទាក់ទង​នឹង​តម្លៃ​អចលនទ្រព្យ​ទៅតាម​តំបន់ និង​ប្រភេទ​នៃ​អចលនទ្រព្យនីមួយៗ ព្រមទាំង​ចំណេះដឹង​ផ្នែក​ភាសាបរទេស សេដ្ឋកិច្ច ច្បាប់ សង្គម និង​នយោបាយ។

ទី៣ ត្រូវ​ស្គាល់​អតិថិជន​ដែលមាន​តម្រូវ​ការចង់​លក់​ជួល និង​ទិញ​អចលនទ្រព្យ​ដោយផ្ទាល់ ពិសេស​ត្រូវមាន​ទំនាក់ទំនង​យ៉ាង​ទូលំទូលាយ​ក្នុងសង្គម ពិសេស​វណ្ណៈ​កណ្តាល និង​វណ្ណៈ​ខ្ពស់ ដោយ​ត្រូវ​ស្គាល់​ឲ្យ​បាន​ច្បាស់​ថា Who is Who? ទី4 ត្រូវតែ​ស្រឡាញ់ និង​ចូលចិត្ត​អាជីព​ផ្នែក​ដីធ្លី ព្រោះ​វា​មិនមែនជា​ការងារ​ទេ តែ​ជា​អាជីព​ដែល​ត្រូវការ​ពេលវេលា និង​ភាព​អត់ធ្មត់​ខ្លាំងណាស់ ប្រៀបដូចជា​ការដាំ​ដើមត្នោត​ដែរ និង​ទី5 ត្រូវមាន​ទេពកោសល្យ និង​ឧបនិស្ស័យ​នឹង​ការងារ​ដីធ្លី​ថា តើ​ព្រហ្ម​លិខិត​ព្រម​អនុញ្ញាត​ឲ្យ​លោកអ្នក​ក្លាយជា​អ្នកមាន​ដោយសារ​ដីធ្លី​ដែរឬទេ?

ស្រដៀង​គ្នា​នេះ នាយិកា​ក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ ដែល​ទទួលបាន​ជោគជ័យ។ អ្នកដើរ​តួនាទី​ជា​ភ្នាក់ងារ​អចលនទ្រព្យ ត្រូវមាន​គុណសម្បត្តិ​ចំនួន៦ចំណុច ដូចជា សុច្ច​រឹត​ភាព ភាពស្មោះត្រង់ ចំណេះដឹង ជំនាញ​ជាក់លាក់ ការប្តេជ្ញាចិត្ត និង​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោយ​ឆ្លាត​វៃ។

អ្នកនាង​បន្តថា អ្វី​សំខាន់​បន្ថែមទៀត គឺ​អ្នក​ចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ ត្រូវខិតខំ​បង្វឹក​ខ្លួនឯង ប៉ុន្តែ​សំខាន់បំផុត​គឺមាន​សុច្ច​រឹត​ភាព និង​ភាពស្មោះត្រង់ ទើប​ទទួលបាន​នូវ​គុណ​តម្លៃ និង​ទទួលជោគជ័យ​ក្នុង​អាជីព​នេះ។ អ្នកនាង​បន្តថា “អតិថិជន​នឹង​ជឿជាក់​លើ​គាត់ ប្រសិនជា​គាត់​មាន​សុច្ច​រឹត​ភាព និង​ភាពស្មោះត្រង់ ប៉ុន្តែ​អ្នកមាន​ចំណុច​ពីរ​នេះ ពិបាក​រក​ណាស់ ហេតុនេះ​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​អ្នក​ចង់​ប្រឡូក​ក្នុង​វិស័យនេះ ត្រូវ​គិតពី​ផល​រយៈពេល​វែង។

អ្នកនាង​បន្តថា “ ក្រៅពី​ចំណុច​ទាំងពីរ​ខាងលើ ចំណេះដឹង​ផ្សេងទៀត គឺ​យើង​អាច​បង្វឹក​បាន ប៉ុន្តែ​សុច្ច​រឹត​ភាព និង​ភាពស្មោះត្រង់​ត្រូវ​ចេញពី​ខ្លួន​របស់គាត់ ។ ការ​មានចំណេះ​ដឹងជាតិ អន្តរជាតិ យល់ដឹង​ទាក់ទង​ពី​ទីផ្សារ ច្បាប់ ប្លង់​អចលនទ្រព្យ​ច្បាស់លាស់ នឹងធ្វើ​ឲ្យ​អតិថិជន​ជឿជាក់​លើ​គាត់ ព្រោះ​នៅពេល​អតិថិជន​ជឿជាក់​លើ​គាត់ ពួកគេ​នឹងមាន​ទំនុកចិត្ត និង​មាន​ទំនាក់ទំនង​ល្អ ហើយ​ពេលណា​ម្ចាស់​អចលនទ្រព្យ​ជឿជាក់​លើ​គាត់ ពួកគេ​នឹង​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​នេះ” ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *