News

Check out real estate news updates

ស៊ុន ចាន់ថុល៖ ខ្ញុំមិនចង់បានអាវដែលពាក់ប៉ះមិនចេះឈប់នោះទេ ផ្លូវថ្នល់ត្រូវធ្វើឲ្យមាំ

ថ្លែងនៅក្នុងពិធី ចុះហត្ថលេខា កិច្ចសន្យាសាងសង់គម្រោងធ្វើឲ្យប្រសើឡើងផ្លូវជាតិលេខ២ និង២២ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធរណការ និងដឹកជញ្ជូន បានលើកឡើងនៅឃ្លា ប្រៀបធៀបថា <<ខ្ញុំអត់​ចង់បាន​អាវ​ប៉ះមុខ​ប៉ះក្រោយ​ទេ ខ្ញុំចង់បាន​អាវ​ថ្មី​ ហើយ​ខ្ញុំ​ចង់​ពាក់អាវថ្មីបាន​ប្រាំ​បួន​ឆ្នាំ Acបាន​ប្រាំ​បួន​ឆ្នាំ… >>។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា «ខ្ញុំបានឱ្យក្រុមហ៊ុនកាត់អាវឱ្យខ្ញុំ (ជួសជុលកែលម្អផ្លូវ) ក្នុងតម្លៃរហូតជាង៤៥លានដុល្លារ ប៉ុន្តែខ្ញុំមិនទាន់បានពាក់មួយឆ្នាំផង រហែកនេះរហែកនោះ ខ្ញុំមិនចង់បានអញ្ចឹងនោះទេ ខ្ញុំចង់បានអាចពាក់បាន៩ ទៅ១០ ឆ្នាំហើយ មិនមានស្នាមប៉ះនោះទេទើបវាល្អ ហើយដូចគ្នានេះដែរ ខ្ញុំសុំឱ្យក្រុមហ៊ុនធ្វើផ្លូវនេះឱ្យបានជាប់ យ៉ាងតិច៩ឆ្នាំ ប៉ុន្តែ៩ឆ្នាំនេះ ទាល់តែយើងគោរពច្បាប់ចររាចរណ៍ផង គោរពច្បាប់ដឹកទំនិញផង កុំគេឱ្យដឹក៣០តោន ដឹករហូតដល់៥០តោន ៦០តោន ចង់ធ្វើផ្លូវយ៉ាងមិចក៏មិនជាប់ដែរ មិនបានយូរទេ តែយ៉ាងណាចូលរួមទាំងអស់គ្នា ដើម្បីឱ្យអាវថ្មីនេះ បានពាក់យូរទាំងអស់គ្នា ផ្លូវបានធ្វើដំណើរទាំងអស់គ្នា» ។

កន្លងមក ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសផងដែរថា “ឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើមាំ” ប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណត់ឲ្យក្រុមហ៊ុនជួសជុល និងសាងសង់កំណាត់ផ្លូវ ជាតិលេខ៣ ពីទីរួមខេត្តកំពតទៅរង្វង់មូលវាលរេញ ពិនិត្យនិងកែតម្រូវឡើងវិញឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ទើបក្រសួងអាចទទួលយកបាន។”

គួរឲ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ២ និងលេខ២២ គឺជាគម្រោង ក្រោមឥណទានសម្បទាន ពីធនាគារនីហរ័ណអាហរ័ណកូរ៉េ (Export-Import Bank of Korea) នៃមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដែលមានចំនួនទឹកប្រាក់ សរុប ៥៦,១០០.០០០ ដុល្លារ ក្នុងនោះថវិកាគ្រោង សម្រាប់ការសាងសង់ (Civil Works) មានចំនួន ៤៣.៦០១.០០០ដុល្លារ និងថវិកាបម្រុង (Cortingencies) មានចំនួន ៨.០៩១.០០០ ដុល្លារ។

គម្រោងផ្លូវជាតិលេខ២ ចាប់ផ្តើមពីរង្វង់មូលតាខ្មៅ (ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល) ដល់រង្វង់មូលអូរចំបក់ (ស្ថិតក្នុងក្រុងដូនកែវខេត្តតាកែវ) និងផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ ដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង្គតាសោម។

គម្រោងបានបែងចែកជា ៣កំណាត់ផ្លូវធំៗ មានដូចជា៖ កំណាត់ទី១, ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរស្រូវ ដែលមានប្រវែង ៨,៧៤ គ.ម។ កំណាត់ទី២, ចាប់ផ្តើមចេញពី រង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមានប្រវែង ៥៣,៨១៩ គ.ម ស្ថិតក្នុងតំបន់ជនបទ។

និងកំណាត់ទី៣ ,ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម (ផ្លូវជាតិលេខ២២) ដែលមានប្រវែង ៩,៦១១ គ.ម ស្ថិតក្នុងតំបន់ជនបទ។

Source From: https://www.business-cambodia.com/public/article/sun-chanthol-i-do-not-want-to-have-a-t-shirt-that-does-not-stop-the-road-must-be-strong

Leave a Reply

Your email address will not be published. Required fields are marked *