News

Check out real estate news updates

ស៊ុន ចាន់ថុល៖ កម្ពុជា កំពុងចរចាខ្ចីប្រាក់ពីចិន មកសង់ផ្លូវពីបាត់ដំបង ទៅកោះកុង តម្លៃ១៨៣លាន$

ថ្លែងនៅក្នុងឱកាសចុះពិនិត្យផ្លូវជាតិលេខ៥ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានឲ្យដឹងថា កម្ពុជាកំពុងចចារខ្ចីប្រាក់ពីមិត្តចិន ដើម្បីយកមកសាងសង់ផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង ដែលផ្លូវនេះមានតម្លៃប្រមាណ ១៨៣លានដុល្លារអាមេរិក។

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជា នឹងសាងសង់ផ្លូវជាតិលេខ១០ មួយខ្សែបន្ថែមទៀត ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ទៅខេត្តកោះកុង ដែលមានប្រវែង១៩៣គីឡូម៉ែត្រ ដែលការបើកការដ្ឋានសាងសងផ្លូវការនោះ នឹងធ្វើព្រមគ្នាជាមួយការដាក់សម្ពោធឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ ដែលអាចនៅអំឡុងចុងឆ្នាំ២០១៩។

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បន្ថែមទៀតថា ក្រៅពីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក៏មានបើកការដ្ឋានសាងសង់ផ្លូវលេខ១០ ចាប់ពីសំឡូត ចុះមកវាលវែង ទៅដល់កោះកុងតែម្ដង ចឹងកម្មវិធីធ្វើរួមគ្នា។ ផ្លូវលេខ១០នេះ គឺទទួលបានប្រាក់កម្ចីសម្បទានពីប្រទេសចិនដែរ ហើយថ្ងៃនេះ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកធ្វើដំណើរទៅប្រទេសចិន ដើម្បីពិភាក្សាលើប្រាក់កម្ចីនេះ។

យ៉ាងណាក៏ដោយ សម្រាប់ពេលវេលាជាក់លាក់ នៃកម្មវិធីទាំងពីរនេះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មិនទាន់អាចបញ្ជាក់ឲ្យច្បាស់នៅឡើយទេ ដោយគ្រាន់តែបង្ហើបថា នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយសម្ដេចជាអ្នកសម្រេចកំណត់យកថ្ងៃ សម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០។

ការខ្ចីលុយពីបរទេសមកធ្វើហេដ្ឋារចនាសម្ពន្ធ័នៅកម្ពុជា ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការកម្ចីពីបរទេសនេះមិនមែនបញ្ជាក់ថា ប្រទេសកម្ពុជាខ្លូនឯងមិនមានលុយនោះទេ ប៉ុន្ដែកម្ពុជាត្រូវការថវិកាដើម្បីបែងចែកទៅផ្នែកផ្សេងៗ នៅក្នុងប្រទេស ខណៈដែលការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវការថវិកាច្រើន ហើយទើបដៃគូអភិវឌ្ឍន៍របស់កម្ពុជាបានអនុញ្ញាតឲ្យខ្ចី ក្នុងអត្រាការប្រាក់ទាប។ ចំពោះការខ្ចីលុយនេះ ទេសរដ្ឋមន្ដ្រីបានអះអាងថា កម្ពុជាបានគ្រប់គ្រងថវិកាទាំងអស់នេះ បានយ៉ាងល្អដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

More information visit: https://www.business-cambodia.com/public/article/sun-chanthol-cambodia-is-negotiating-a-loan-from-china-to-build-a-road-from-battambang-to-koh-kong-for-183-million

Leave a Reply

Your email address will not be published. Required fields are marked *