News

Check out real estate news updates

សំណង់អគារចំនួន ១៤អគារ ក្នុងខេត្តព្រះសីហនុនឹងត្រូវរុះរើក្រោយត្រួតពិនិត្យរួច

អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថាសំណង់អគារចំនួន ១៤អគារ ក្នុងខេត្តព្រះសីហនុ នឹងត្រូវរុះរើបន្ទាប់ពីមន្ត្រីរដ្ឋបាលខេត្ត និងក្រុមការងាររបស់គណៈកម្មាធិការត្រួតពិនិត្យសំណង់បានធ្វើការត្រួតពិនិត្យរួចមក។

គណៈកម្មាធិការត្រួតពិនិត្យសំណង់នៅខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងក្រោយពីមានការបាក់រលំអគារកម្ពស់ ៧ជាន់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាង ៤០នាក់ នៅខេត្តព្រះសីហនុ កាលពីខែមិថុនា កន្លងមកនេះ។ (អានបន្ថែម)

តាមការបញ្ជាក់តាមទូរសព្ទកាលពីថ្ងៃទី ២៦ ខែ សីហា លោក ឃាង ភារម្យ បានឲ្យដឹងថា ក្រុមការងារត្រួតពិនិត្យសំណង់ទាំង ២៣ក្រុម របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កន្លងមក បានត្រួតពិនិត្យសំណង់អគារប្រមាណជាង ៥០០ កន្លែង។

លោកថ្លែងថា៖ «ព័ត៌មានដែលខ្ញុំទទួលបានពីមន្ទីដែនដីខេត្ត គឺលោក [ក្រុមការងារ] បានចុះធ្វើការត្រួតពិនិត្យបានជាង ៥០០សំណង់ ហើយក្នុងនោះ ជំហានទី១ គឺលោក [ក្រុមការងារ] បានសម្រេចរុះរើសំណង់ចំនួន១៤ទីតាំង នៅក្នុងចំណោមសំណង់ដែលបានត្រួតពិនិត្យ»។

ជាងនេះទៀត កន្លងមកក្រុមការងារក៏បានរកឃើញសំណង់ដែលមានបញ្ហាចំនួន២២ ពោលគឺសាងសង់មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃការសាងសង់អគារនៅកម្ពុជា។

លោក ឃាង ភារម្យ បានបន្ថែមទៀតថា៖ «ដោយឡែក នៅក្នុងនោះផងដែរ លោក [ក្រុមការងារ] ក៏នៅបន្តពិនិត្យលំអិតទៀតនៅក្នុងជាង ៥០០សំណង់ហ្នឹង ហើយយើងមិនទាន់ដឹងទេថា តើនឹងមានទីតាំងប៉ុន្មានផ្សេងទៀតទេដែលនឹងត្រូវធ្វើការរុះរើ ប្រសិនថាពិនិត្យទៅឃើញថាខុសបច្ចេកទេស ឬបទដ្ឋានផ្សេងៗ»។

ជាការកត់សម្គាល់ ខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍន៍យ៉ាងខ្លាំងហើយអគារតូចធំ ខ្ពស់ទាប បាននិងកំពុងរីកលូតលាស់ដូចផ្សិតស្ទើពាស់ពេញទីក្រុង។

ជាក់ស្តែង តាមការឲ្យដឹងរបស់លោក ឃាង ភារម្យ គិតមកត្រឹមដើមឆ្នាំ ២០១៩នេះ សំណង់ដែលបានសុំច្បាប់សាងសង់ក្នុងខេត្តព្រះសីហនុមានចំនួនរហូតដល់ទៅ ៨១៩ សំណង់។

More information visit: https://www.construction-property.com/km/14-construction-sites-in-sihanoukville-to-be-demolished/

Leave a Reply

Your email address will not be published. Required fields are marked *