News

Check out real estate news updates

សេវាកក់បន្ទប់ អនឡាញ ទាញប្រយោជន៍ពីភាពប្រហោងផ្នែកច្បាប់

ក្រុងបាងកកៈ ភាពចន្លោះប្រហោងផ្នែកច្បាប់ និងបទប្បញ្ញត្តិធូររលុងនៃអាជីវកម្មសណ្ឋាគារ បានធ្វើឲ្យមានការកើនឡើងប្រតិបត្តិករសណ្ឋាគារដែលមិនចុះបញ្ជី និងភ្ញៀវដែលមិនចុះឈ្មោះជាច្រើនក្នុងតំបន់ទិសដៅទេសចរណ៍សំខាន់ៗក្នុងប្រទេសថៃ។ នេះបើយោងតាមមន្រ្តីរដ្ឋាភិបាល និងមន្រ្តីវិស័យឯកជន។

ជាងនេះទៀត វិស័យកក់កន្លែងស្នាក់នៅតាមអនឡាញដែលមានប្រជាប្រិយភាពខ្លាំង បានជំរុញឲ្យម្ចាស់អចលនទ្រព្យ អ្នកប្រើប្រាស់ និងអ្នកដើរលេងជំនាន់ថ្មីប្រើប្រាស់កម្មវិធីអនឡាញ និងកម្មវិធីទូរស័ព្ទដើម្បីជួល ឬកក់បន្ទប់សម្រាប់ការសម្រាកដើរលេង និងទម្រង់ដទៃៗទៀតនៃការស្នាក់នៅ។

លោកស្រី Supawan Tanomkieatipume ប្រធានសមាគមសណ្ឋាគារថៃ បានឲ្យដឹងកាលពីសប្តាហ៍មុនថា វិស័យកក់តាមអនឡាញមិនអាចបញ្ឈប់បានទេ ដោយសារអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗចូលចិត្តប្រើកម្មវិធីទាំងនេះជាងសេវារបស់សណ្ឋាគារបែបប្រពៃណី។

ទោះយ៉ាងណាក្តី លោកស្រីថ្លែងថា ប្រតិបត្តិករសណ្ឋាគារជាច្រើនក៏បានប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះផងដែរ ដើម្បីសម្របសម្រួលទៅតាមការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់។ លោកស្រី Supawan បានថ្លែងថា៖ «យើងមិនមែនរើសអើងសេវាកក់តាមអនឡាញ និងកម្មវិធីដទៃៗទៀតទេ ប៉ុន្តែយើងសង្ឃឹមថា ភាគីទាំងអស់ដែលពាក់ព័ន្ធនឹងគោរពច្បាប់»។

លោកស្រីបានថ្លែងថា រដ្ឋាភិបាលត្រូវធានាថា ម្ចាស់កន្លែងស្នាក់នៅនឹងចុះឈ្មោះភ្ញៀវរបស់ពួកគេឲ្យបានត្រឹមត្រូវ និងគោរពទៅតាមបទប្បញ្ញត្តិផ្សេងៗស្តីពីសុវត្ថិភាព ព្រមទាំងបញ្ជូនអត្តសញ្ញាណភ្ញៀវទៅអាជ្ញាធរអន្តោប្រវេសន៍។ ជាងនេះទៀត ពួកគេត្រូវបង់ពន្ធនៅតាមមូលដ្ឋាន និងពន្ធដទៃៗទៀតដូចដែលប្រតិបត្តិករសណ្ឋាគារដែលមានអាជ្ញាប័ណ្ណបង់ដែរ។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលមានភាពធូររលុងក្នុងការអនុវត្តបទប្បញ្ញត្តិទាំងនេះ ខណៈចំនួនខុនដូនិងកន្លែងស្នាក់នៅដែលជាកម្មសិទ្ធិឯកជនដទៃៗទៀតដែលបម្រើភ្ញៀវទេសចរ និងភ្ញៀវដទៃៗទៀត បន្តកើនឡើងខ្លាំង។

បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃថៃ និងទីភ្នាក់ងាររដ្ឋាភិបាលមូលដ្ឋានមានសមត្ថកិច្ចទៅលើប្រតិបត្តិករសណ្ឋាគារ និងប្រតិបត្តិករទីតាំងជួលស្នាក់នៅដទៃៗទៀត។

លោក Weerasak Kowsurat រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃបានថ្លែងថា ច្បាប់សណ្ឋាគារថៃបច្ចុប្បន្នអនុញ្ញាតឲ្យម្ចាស់អចលនទ្រព្យជួលបន្ទប់យ៉ាងច្រើនបំផុត៤ដែលអាចឲ្យភ្ញៀវស្នាក់នៅយ៉ាងច្រើនបំផុត ២០ នាក់។ ពួកគេអាចប្រតិបត្តិ ការដូចសណ្ឋាគារឬអ្នកផ្តល់កន្លែងស្នាក់ដទៃៗទៀតដោយមិនចាំបាច់ចុះបញ្ជីជាប្រតិបត្តិករ។

ការណ៍នេះត្រូវបានមើលឃើញថាជាភាពចន្លោះប្រហោងនៃច្បាប់ ហើយបាននាំឲ្យមានការកើនឡើងយ៉ាងលឿននូវចំនួនខុនដូ និងអាផាតមិនដែលជួលទៅឲ្យភ្ញៀវទេសចរ ជាពិសេសក្នុងទីក្រុងបាងកក និងនៅទិសដៅទេសចរណ៍ដែលមានប្រជាប្រិយភាពដទៃៗទៀត ខណៈការកក់តាមអនឡាញ និងកម្មវិធីកក់តាមអនឡាញ ដូចជា Airbnb, Booking.com និង Agoda មានការរីកចម្រើនយ៉ាងខ្លាំង។

តំណាងរបស់ក្រុមហ៊ុន Airbnb និងក្រុមហ៊ុន Booking.com មិនអាចទាក់ទងសុំអត្ថាធិប្បាយបាន។

ក្រុមអ្នករិះគន់បាននិយាយថា ប្រតិបត្តិករកន្លែងស្នាក់នៅដែលគ្មានការ គ្រប់គ្រង បានរួមចំណែកដល់ការកើនឡើងនៃចំនួនអ្នកស្នាក់នៅហួសទិដ្ឋាការ និងឧក្រិដ្ឋជនឆ្លងដែនដែលប្រើប្រទេសនេះជាកន្លែងលាក់ខ្លួន។

បើយោងតាមលោកស្រី Supawan ប្រទេស ថៃ មានបន្ទប់សណ្ឋាគារដែលមានអាជ្ញាប័ណ្ណប្រហែលពី ៣ ទៅ ៤ សែនបន្ទប់ ប៉ុន្តែចំនួនជាក់ស្តែង នៃបន្ទប់សណ្ឋាគារ និងទីតាំងជួលដទៃទៀត ត្រូវបានគេគិតថាមានចំនួនទ្វេដងនៃតួលេខទាំងនេះ។

លោកស្រី Supawan បានថ្លែងថា ចំនួនសណ្ឋាគារ និងកន្លែងស្នាក់នៅជាច្រើន មិនបានចុះបញ្ជី និងមិនបានបង់ពន្ធត្រឹមត្រូវ។

ការណ៍នេះបានប៉ះពាល់ជាអវិជ្ជមានលើម្ចាស់សណ្ឋាគារដែលគោរពច្បាប់ ដោយសារតែការប្រកួតប្រជែងមិនស្មើភាពដែលកាន់តែរីករាលដាល។ លោកស្រីថ្លែងថា៖ «យើងបានរាយការណ៍ស្ថានភាពនេះទៅរដ្ឋាភិបាលដែលកំពុងបាត់បង់ចំណូលពន្ធជា ច្រើនពីសណ្ឋាគារនិងកន្លែងស្នាក់នៅដែលមិនចុះបញ្ជីទាំងនេះ»។

ចំពោះវិស័យកក់តាមអនឡាញវិញ លោករដ្ឋមន្ត្រី Weerasak បានថ្លែងថា និន្នាការកើនឡើងយ៉ាងលឿនក្នុងចំណោមភ្ញៀវទេសចរដែលប្រើប្រាស់កម្មវិធីតាមអនឡាញដូចជា Airbnb សម្រាប់ការកក់កន្លែងស្នាក់នៅ បង្កឲ្យមានផលវិបាកជាច្រើន។ លោកក៏ទទួលស្គាល់ពីភាពចន្លោះប្រហោងផ្នែកច្បាប់នេះផងដែរ៕ ANN/PS

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *