News

Check out real estate news updates

សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៧,២ភាគរយក្នុងឆ្នាំ២០១៨ដែលគាំងទ្រដោយភាពរឹងមាំនៃសកម្មភាពសំណង់

អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ ឬ ASEAN+3 Macroeconomic Research Office (AMRO) បានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងកើនឡើង ៧,២ភាគរយ ក្នុងឆ្នាំ២០១៨ ដែលនឹងគាំទ្រដោយភាពរឹងមាំនៃសកម្មភាពសំណង់ក៏ដូចជាវិស័យសំខាន់ៗមួយចំនួនទៀតរួមមានឧស្សាហកម្មកាត់ដេរនឹងសេវាកម្មទាក់ទងនឹងវិស័យទេសចរណ៍ជាដើម។

ការព្យាករណ៍នេះបានធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃបឋមនៅពេលដែលអង្គភាពស្រាវជ្រាវ AMRO បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីថ្ងៃទី៤ ដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងក្នុងការព្យាករណ៍របស់ AMRO លោកបណ្ឌិត Seung Hyun Hong អ្នកឯកទេសដឹកនាំរបស់ AMRO បានមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាគឺរំពឹងថានឹងកើនឡើង ៧,២ភាគរយ នៅឆ្នាំ២០១៨ ខណៈអត្រាអតិផរណានៅមានកម្រិតទាបនិងមានស្ថិរភាពល្អ។ អត្រាកើនឡើងនៃសេដ្ឋកិច្ចនៅឆ្នាំ ២០១៨ នេះគឺខ្ពស់ជាងឆ្នាំំ២០១៧ ដែលមានអត្រា ៧ភាគរយ»។

របាយការណ៍នេះក៏បានឲ្យដឹងបន្ថែមថា ការកើនឡើងខ្ពស់នៃសេដ្ឋកិច្ចកម្ពុជាគឺក៏ដោយសារការចំណាយរបស់រដ្ឋាភិបាលមានអត្រាខ្ពស់ទៅលើការវិនិយោគសាធារណៈនិងប្រាក់ឈ្នួលក្នុងវិស័យសាធារណៈមានការកើនឡើង។

ដោយឡែក ទាក់ទងទៅនឹងជំហរក្រៅប្រទេសវិញ គឺនឹងនៅមានភាពល្អដោយបានឆ្លុះបញ្ចាំងពីរំហូរចូលនៃវិនិយោគផ្ទាល់ពីបរទេសដ៏រឹងមាំដែលទុនវិនិយោគនេះគឹមានចំនួនច្រើនលើសពីតម្រូវការសម្រាប់គ្របដណ្តប់ឱនភាពគណនីចរន្ត (current account deficit) បាន។ ជាលទ្ធផល តុល្យភាពសរុបគឺនៅមានអតិរេក ឬផលលើស (surplus) នាំឱ្យមានការដាក់ទុនបម្រុងបរទេសពី ៦,៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៦ រហូតដល់ ៨,៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧។

ទោះបីជាយ៉ាងនេះក្តី ដើម្បីធានាឲ្យបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំលោកបណ្ឌិត Seung Hyun Hong បានមានប្រសាសន៍ថា៖ «អាជ្ញាធរត្រូវតែពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកគោលនយោបាយរបស់ខ្លួនដើម្បីពន្លឿនកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រង វិធានការប្រុងប្រយ័ត្នស្ថិរភាពហិរញ្ញវត្ថុ និងការផ្តល់អាទិភាពជាថ្មីនូវធនធានសារពើពន្ធឆ្ពោះទៅរកការកើនឡើងដើម្បីទ្រទ្រង់ដល់ការចំណាយ»។

សូមបញ្ជាក់ផងដែរថា វិស័យសំណង់មានការកើនឡើង គឺដោយសារគម្រោងវិនិយោគដែលបានកើនឡើងរហូតដល់ទៅ ១៤ភាគរយ ឬស្មើនឹង ១៧៤២គម្រោង ដែលក្នុងនោះ គម្រោងលំនៅដ្ឋានបានរួមចំណែកជាង ៨០ភាគរយនៃគម្រោងសរុប។

Source From: http://www.construction-property.com/khread-news-1403/

Leave a Reply

Your email address will not be published. Required fields are marked *