News

Check out real estate news updates

សាលាឧទ្ធរណ៍បដិសេធការសុំនៅក្រៅឃុំ របស់ជនជាប់ចោទ ហែម វណ្ណសឿន ពាក់ព័ន្ធក្លែងបន្លំឯកសាររំលោភយកដីប្រជាជន នៅស្រុកកំពង់ត្រឡាច ខណៈអ្នកពាក់ព័ន្ធឈ្មោះ យិន ដារ៉ាភួង ត្រូវ អ.ហ ចាប់ខ្លួនយកទៅអនុវត្តទោស

(ភ្នំពេញ)៖ បណ្ដឹងសុំនៅក្រៅឃុំរបស់ជនជាប់ចោទឈ្មោះ ហែម វណ្ណសឿន ត្រូវបានសាលាឧទ្ធរណ៏ធ្វើការបដិសេធ ចោលពាក់ព័ន្ធបទល្មើសក្លែងបន្លំឯកសារសា ធារណៈរំលោភយកដីប្រជាពលរដ្ឋ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈដែលសាលាឧទ្ធរណ៍ បានបើកសវនាការនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នេះ។

ដោយឡែកអ្នកពាក់ព័ន្ធក្លែងបន្លំ ឯកសារសាធរណៈនេះម្នាក់ទៀតមានឈ្មោះ យិន ដារ៉ាភួង ដែលតុលាការខេត្តកំពង់ឆ្នាំង បានកាត់ក្ដីកំបាំងមុខដាក់ជាប់គុករយៈ ពេល៥ឆ្នាំនាពេលកន្លងមក ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ អនុវត្តតាមដីកាចាប់ខ្លួនបញ្ជូនទៅអនុវត្តទោស នៅពន្ធនាគារខេត្តកំពង់ឆ្នាំងរួចហើយ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។
ការមិនអនុញ្ញាតអោយជនជាប់ចោទ ហែម វណ្ណសឿន នៅក្រៅឃុំ បានធ្វើអោយភាគីតំណាងដើមបណ្ដឹង និងប្រជាពលរដ្ឋរងគ្រោះចំនួន៣៤គ្រួសារ អបអរសាទរ ព្រោះបើអោយជននេះ បាននៅក្រៅឃុំ រូបគេអាចមានឱកាសបំផ្លាញភស្តុតាង ពាក់ព័ន្ធសំណុំរឿងក្លែងឯកសារសាធារណៈខាងលើ។

សូមបញ្ជាក់ថា អ្នកផ្ដើមគំនិតជាប់ចោទនៅក្នុងរឿងក្ដីក្លែង ឯកសារសាធារណៈរំលោភយកដីប្រជាពលរដ្ឋចំនួន៣៤គ្រួសារ ដែលគេស្គាល់ឈ្មោះ ហែម វណ្ណសឿន មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ៣៦៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន អតីតជាមន្ត្រីភូមិបាលនៅរាជធានីភ្នំពេញ និងធ្លាប់ជាទីប្រឹក្សាថ្នាក់ដឹកនាំជាន់ខ្ពស់ផងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីកា និងកំពុងស្ថិតនៅក្នុងការឃុំខ្លួន ដើម្បីធ្វើការស៊ើបអង្កេត របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។

ដោយឡែក ការឃាត់ខ្លួនស្ត្រីឈ្មោះ យិន ដារ៉ាភួង ដោយយោងតាមសាលក្រមផ្តន្ទាទោសរបស់តុលាការខេត្តកំពង់ឆ្នាំង ចេញកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ដែលសំរេចផ្តន្ទាទោសឈ្មោះ យិន ដារ៉ាភួង ភេទស្រី មានទីលំនៅផ្ទះលេខ១៥៣អឺ០ ក្រុមទី៩ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ពីបទក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅភូមិ លាជ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយសំរេចដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ។

សូមបញ្ជាក់ថា នៅមុនឆ្នាំ១៩៩៧ មានជនជាតិចិនចំនួន២នាក់ បាននាំគ្នាទៅប្រមូលទិញដីពីប្រជាពលរដ្ឋនៅភូមិលាជ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានមន្ត្រីអាជ្ញាធរស្រុកជាអ្នកដើរប្រមូលទិញអោយបានសរុបចំនួន២៦ហិកតា ដោយម្នាក់ឈ្មោះ ស៊ី លេម៉េង មានជាង១០ហិកតា និងម្នាក់ទៀតមានជាង ១៥ហិកតា។ កាលណោះ ក្រោយត្រូវថ្លៃគ្នា ជនជាតិចិនខាងលើ តាមរយៈមន្ត្រីអាជ្ញាធរដែលជាអ្នកគួកជេរបានកក់លុយក្នុង១គ្រួសារចំនួន១០០ដុល្លារ ដោយពួកគាត់ មានគ្នាសរុបចំនួន៣៤គ្រួសារ ហើយម្ចាស់ដីបានប្រគល់ឯកសារទៅអោយអ្នកគួកជេរ ដើម្បីយកទៅរត់ការធ្វើបណ្ណកម្មសិទ្ធិ តែតាំងពីពេលនោះមកក៏បាត់មុខជនជាតិ ចិនខាងលើនេះរហូតមក ទោះបីជាបណ្ណកម្មសិទ្ធិចេញមកអោយជនជាតិចិន ខាងលើជាម្ចាស់កម្មសិទ្ធិរួចហើយក៏ដោយ។

ក្រោយមក ប្រជាពលរដ្ឋម្ចាស់ដីបានប្ដឹងទៅ មន្ត្រីអាជ្ញាធរដើម្បីយកដីរបស់ខ្លួនមកវិញ ស្រាប់តែលិចឈ្មោះហែម វណ្ណសឿន និងឈ្មោះយិន ដារ៉ាភួង ចេញមុខមកអះអាងថាដីខាងលើជាដីរបស់ពួកខ្លួនមាន បណ្ណកម្មសិទ្ធិស្របច្បាប់ទាំង២៦ហិកតាទៅវិញ។

ក្រោយមកទើបគេដឹងថា ឈ្មោះយិន ដារ៉ាភួង បានអះអាងថា រូបគេជាប្រពន្ធរបស់ជនជាតិចិនឈ្មោះ ស៊ី លេម៉េង តាមរយៈសំបុត្រអាពាហ៏ពិពាហ៏ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ដែលចេញដោយសាលាខណ្ឌឬស្សីកែវ។ ក្នុងនោះ ក្រោយឈ្មោះ ស៊ី លេម៉េង បាត់ខ្លួន ឈ្មោះ យិន ដារ៉ាភួង ក៏បានប្ដឹងតាមនីតិវិធី ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិរបស់ឈ្មោះ ស៊ី លេម៉េង ដោយរួមមានទាំងដីនៅភូមិលាជ ទិញពីប្រជាពលរដ្ឋមិនទាន់អោយលុយគ្រប់ផងដែរ តែឈ្មោះ យិន ដារ៉ាភួង មិនត្រឹមយកតែដីកម្មសិទ្ធិរបស់ឈ្មោះ ស៊ី ឡេម៉េង ជាង១០ហិកតាប៉ុណ្ណោះទេ គេថែមទាំងយកដី ជាង១៥ហិកតារបស់ជនជាតិចិនម្នាក់ទៀត ហើយដីនេះត្រូវបានឈ្មោះ យិន ដារ៉ាភួង ធ្វើលិខិតមិនប្រក្រតីលក់ទៅអោយឈ្មោះ ហែម វណ្ណសឿន ចូលគ្រប់គ្រងហើយការប្ដឹងផ្ដល់គ្នាក៏កើតមានរហូតមក។

កាលណោះ ឈ្មោះហែម វណ្ណសឿន ក្នុងនាមជាមន្ត្រីជំនាញសុរិយោដីស្រាប់ និងជាទីប្រឹក្សាថ្នាក់ដឹកនាំមួយរូបនៅរដ្ឋសភាផងនោះ បានប្រើជំនាញ និងឥទ្ធិពលទីប្រឹក្សា បញ្ចា គំរាមប្រជាពលរដ្ឋ និងមន្ត្រីនៅមូលដ្ឋានអោយធ្វើសាក្សី និងរៀបចំឯកសារផ្សេងៗ ដើម្បីធ្វើមិចអោយដីខាងលើក្លាយជាដីស្របច្បាប់របស់ខ្លួន តាមរយៈសំអាងថា ខ្លួនទិញពីឈ្មោះយិន ដារ៉ាភួង ដែលបានទទួលមរតកពីប្ដីឈ្មោះ ស៊ី លេម៉េង តាមរយៈសាលដីការរបស់តុលាការត្រឹមត្រូវ។

ប៉ុន្តែក្រោយមក ទើបគេស្រាវជ្រាវដឹងថាសំបុត្រអាពាហ៍ពិពាហ៍របស់ឈ្មោះ ស៊ី លេម៉េង និងឈ្មោះ យិន ដារ៉ាភួង ចេញដោយសាលាខណ្ឌឬស្សីកែវ ជាឯកសារក្លែងក្លាយដោយសារតែអាជ្ញាធរបានបញ្ជាក់ថា សំបុត្រអាពាហ៏ពិពាហ៏នេះ មិនមានគល់បញ្ជីនោះទេ។ ក្រោយដឹងថា លិខិតអាពាហ៏ពិពាហ៏ក្លែងក្លាយ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តកំពង់ឆ្នាំងពីករណីក្លែងនេះ ហើយត្រូវបានតុលារកាត់ក្ដីផ្ដន្ទាទោសឈ្មោះ ស៊ី លេម៉េង និងឈ្មោះយិន ដារ៉ាភួង ដាក់គុកម្នាក់ៗ ចំនួន៥ឆ្នាំពីបទក្លែងបន្លំឯកសារសាធារណៈ។

ដោយឡែកឈ្មោះ ហែម វណ្ណសឿន ក៏ត្រូវបានតំណាងប្រជាពលរដ្ឋជាម្ចាស់ដីដាក់ពាក្យបណ្ដឹង មកសាលាដំបូងរាជធានីភ្នំពេញ ពីបទផ្ដើមគំនិតក្លែងបន្លំឯកសារសាធារណៈផងដែរ ហើយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លោកសេង រិទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់អោយចាប់ខ្លួនលេខ២៦២ ដ.ច.ន ដើម្បីយកទៅដាក់ពន្ធនាគាររងចាំការស៊ើបអង្កេតបន្ត។ លុះថ្ងៃទី២៥ ខែ៥ ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួន លោក ហែម វណ្ណសឿន តាមដីកាយកទៅឃុំខ្លួនបណ្ដោះអាសន្ន តែឈ្មោះនេះមិនបានឆ្លើយសារភាពពីទង្វើរបស់ខ្លួនឡើយ ហើយបានប្ដឹងសុំនៅក្រៅឃុំ តែត្រូវចៅក្រមសាលាដំបូងបដិសេធ ក៏បន្តប្ដឹងទៅសាលាឧទ្ធរណ៍ទៀតដើម្បីសុំនៅក្រៅឃុំដដែល។

អ្នកដឹងរឿងបានអះអាងថា មេក្លោងក្នុងការក្លែងឯកសាររំលោភយកដីប្រជាពលរដ្ឋ២៦ហិកតា ស្មើរនឹង៣៤គ្រួសារ គឺឈ្មោះ ហែម វណ្ណសឿន ខាងលើនេះតែម្ដង។ ចំណែកឈ្មោះ យិន ដារ៉ាភួង គ្រាន់តែជាអ្នកចូលរួមឃុបឃិត ដើម្បីបានផលប្រយោជន៏តែប៉ុណ្ណោះ ។

ឥឡូវនៅពេលដែលសមត្ថកិច្ចចាប់ខ្លួន ឈ្មោះ យិន ដារ៉ាភួង បាន អ្វីៗអាចនឹងលាតត្រដាងច្បាស់ជាក់ជាមិនខាន នៅពេលដែល យិន ដារ៉ាភួង ផ្ដល់ចម្លើយនៅចំពោះមុខតុលាការ ៕

Leave a Reply

Your email address will not be published. Required fields are marked *