News

Check out real estate news updates

សាលាក្រុងភ្នំពេញអនុញ្ញាតសំណើសិក្សាលទ្ធភាពសាងសង់ផ្លូវក្រោមដីនៅលើផ្លូវជាតិលេខ១

សាលារាជធានីបានអនុញ្ញាតជាគោលការណ៍ ឲ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន បុរី ប៉េង ហ៊ួត ចាប់ផ្តើមសិក្សាលទ្ធភាពសាងសង់ផ្លូវក្រោមដីដែលមានទីតាំងស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

លោក មាស ម៉េតភក្តី មន្រ្តីនាំពាក្យនៃសាលារាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងនេះ ទទួលបានការឯកភាពជាគោលការណ៍រួចហើយ ដើម្បីឲ្យក្រុមហ៊ុនដែលបានដាក់ស្នើគម្រោងសាងសង់នេះ ចាប់ផ្តើមសិក្សាពីលទ្ធភាពនៃការសាងសង់ផ្លូវក្រោមដីនេះ។

«យើងមានកិច្ចប្រជុំ ការពិនិត្យលទ្ធភាពចំពោះគម្រោងសាងសង់ផ្លូវក្រោមដីកាត់ទទឹងក្រោមផ្លូវជាតិលេខ១ តែលម្អិតយ៉ាងណា ខ្ញុំកំពុងឲ្យ [អ្នក] ជំនាញបំភ្លឺរឿងនឹងទៀតៗ»នេះជាការបញ្ជាក់របស់លោក ម៉េតភក្តី។

ទោះជាយ៉ាងណា លោក ម៉េតភក្តី មិនបានបញ្ជាក់ ពីកាលបរិច្ឆេទនៃចាប់ផ្តើមសិក្សាពីលទ្ធភាពនៃការសាងសង់ផ្លូវក្រោមដីនេះឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ០២ ខែមេសា កន្លងទៅនេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំបច្ចេកទេសលើសំណើសុំគោលការណ៍ស្ថាបនាផ្លូវក្រោមដីដោយតភ្ជាប់ពីទីតាំងផ្លូវចូលផ្សារទំនើប ភីអេច អេកូ ម៉ល ភ្ជាប់ទៅផ្លូវជាតិលេខ១ ផ្នែកក្រោមដី ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងតំបន់នោះ។

លោក សន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអីស្ទេត សាទរចំពោះសំណើនៃគម្រោងសាងសង់ផ្លូវក្រោមដីនៅលើកំណាត់ផ្លូវជាតិលេខ១នេះ។ លោកបន្តថា គម្រោងនេះជាការទទួលខុសត្រូវផ្នែកសង្គម របស់អ្នកវិនិយោគ ជាពិសេស ការសាងសង់ផ្លូវក្រោមដីនេះ ជាការសម្រួលដល់ចរាចរណ៍មិនឲ្យមានការកកស្ទះ ដោយសារតំបន់ខាងលើនេះ កំពុងមានការអភិវឌ្ឍន៍ ធ្វើឲ្យចរាចរណ៍មានសភាពមមាញឺកខ្លាំង។

លោកថ្លែងថា៖ «វាជាការទទួលខុសត្រូវមួយ និង រួមចំណែកក្នុងសង្គមនៅក្នុងវិស័យអចលនទ្រព្យ ក៏ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ម្យ៉ាងទៀតបើសិន គាត់រង់ចាំរដ្ឋាភិបាលក៏ពិបាកដែរ ព្រោះវាផលប្រយោជន៍របស់គាត់ដែរ។ ចឹងគាត់ធ្វើហ្នឹងដើម្បី បានពីរផ្លូវ ទីមួយដើម្បីបានផលប្រយោជន៍រួមនៅតំបន់អភិវឌ្ឍន៍របស់គាត់ និងមួយទៀត គាត់បានចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសង្គមដែរ»៕

Source From: https://www.construction-property.com/khread-news-1759/

Leave a Reply

Your email address will not be published. Required fields are marked *