News

Check out real estate news updates

សម្តេចហ៊ុន សែន៖ ពេលរកស៊ីខាតកុំបន្ទោសរដ្ឋ ត្រូវបន្ទោសខ្លួនឯងមិនចេះរកស៊ី

កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅនៅសណ្ឋាសុខាភ្នំពេញថា ការទាក់ទាញភ្ញៀវទេសចរតាមរយៈប្រព័ន្ធផ្សព្វផ្សាយជារឿងសំខាន់ ហើយការផ្សព្វផ្សាយផ្ទាល់តាមរយៈអ្នកមកលេងកម្សាន្ត រឺតតែសំខាន់ទៀត ដូច្នេះអ្នករកស៊ីលក់ដូរត្រូវមានឥរិយាបថជាអ្នករកស៊ី មិនមែនរកស៊ីតែមួយភ្លេចនោះទេ។

សម្តេចហ៊ុន សែន បានបញ្ជាក់ថា «អ្នករកស៊ីលក់ដូរ ត្រូវចាំ ការរកអតិថិជនមកទិញជាការលំបាក តែត្រូវធ្វើយ៉ាងណាគេទិញយើងម្តងហើយ គេវិលត្រឡប់មកទិញរបស់យើងទៀត នាំទាំងក្រុមគ្រួសារ មិត្តភក្តមកជួយទិញរបស់យើងទៀត ទើបជាជោគជ័យនៃអ្នកធ្វើជំនួញ បើទិញយើងម្តងរាងចាល មុនគេមិនមើល សម្តីកំរោះ កំរើយ មុខក្រញូវ លក់កាប់ភ្ញៀវ លើកក្រោយគេលែងទិញហើយ។ ទិញម្តងរាង ២ដង គេលែងទិញខាត រហូតបិទទ្វារតែម្តង។ ហើយពេលរកស៊ីខាតកុំបន្ទោសរដ្ឋ ត្រូវបន្ទោសខ្លួនឯងដែលមិនចេះរកស៊ី។ ក្នុងនាមជាអ្នកលក់ត្រូវចេះធ្វើទឹកមុខញញឺម ហើយកុំកាត់ថ្លៃគេខ្លាំងពេក បើចង់ជោគជ័យ»

សម្តេចបានបន្តថា កាលពីចាប់ផ្តើមកម្រែទម្រង់សេដ្ឋកិច្ច មានទម្រង់សេដ្ឋកិច្ចទីផ្សារ និងសេដ្ឋកិច្ចផែនការរួមគ្នា។ យើងមានហាងរបស់រដ្ឋ និងឯកជននៅទន្ទឹមគ្នា  ហាងកម្មសិទ្ធិឯកជនហាងគ្មានធូលី ហើយអ្នកទទួលភ្ញៀវរាក់ទាក់ ចំណែកហាងរដ្ឋវិញតុសុទ្ធតែដី ហើយមុខអ្នកលក់ដូចចបជីក។ ការប្រកួតប្រជែងគឺនៅកន្លែងនឹង ភាពរាក់ទាក់ ស្រស់ស្រាយ អនាម័យគឺជាចំណុចសំខាន់។

សម្តេចធ្លាប់មានប្រសាសន៍ថា «សម្រាប់ការឡើងថ្លៃក្នុងពេលបុណ្យសមុទ្រ ឬដាច់ឆ្នាំនៅខេត្តកោះកុង កំពត ព្រះសីហនុ និងខេត្តកែប បានខិតខំថែរក្សានូវតម្លៃសណ្ឋាគារ និងផ្ទះសំណាក់ ក៏ប៉ុន្តែការផ្គត់ផ្គង់ និងសេចក្តីត្រូវការតែងមានចំណុចខុសគ្នា។ នៅពេលតម្រូវការមានតិច ការផ្គត់ផ្គង់មានច្រើនតម្លៃនៅទាប តែផ្ទុយមកវិញ បើការផ្គត់ផ្គង់មានតិច តម្រូវការមានច្រើននោះតម្លៃនឹងឡើងថ្លៃមិនខាន។ ក៏ប៉ុន្តែកុំឲ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់កាប់ឆៅ ឃើញខ្វះកន្លែងស្នាក់នៅ ទុកជាសាច់ជ្រូកបីជាន់ ក៏វាមិនត្រូវដែរ»

Source From: https://business-cambodia.com/2019/02/25/when-business-fail-it-from-us/

Leave a Reply

Your email address will not be published. Required fields are marked *