News

Check out real estate news updates

សម្តេចហ៊ុនសែនបញ្ជាឲ្យលុបចោលគម្រោងបង្កើតខេត្តពីរបន្ថែមទៀត

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឲ្យលុបចោលគម្រោងបង្កើតខេត្តពីរបន្ថែមទៀតដែលក្រសួងមហាផ្ទៃបានធ្វើការសិក្សាកាលពីខែសីហាកន្លងមក នេះបើយោងតាមការផ្សាយផ្ទាល់តាមរយៈវិដេអូក្នុងទំព័រហ្វ៊េសប៊ុករបស់សម្តេច។

កាលពីថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨ សម្តេច ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីចេញសេចក្តីជូនដំណឹង ស.ជ.ណ ស្តីពីការបញ្ឈប់ការសិក្សាស្រាវជ្រាវអំពីគម្រោងបំបែកខេត្តពីរថ្មីទៀតចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូចច្នេះថា៖ «បានហើយមហាផ្ទៃបិទកុំព្យូទ័រចោលឲ្យអស់កុំធ្វើអីទៀតថ្ងៃនេះរួចហើយទីស្តីការគណៈរដ្ឋមន្ត្រីយកសេចក្តីប្រកាសរបស់ខ្ញុំថ្ងៃនេះចេញស.ជ.ណមួយបញ្ចប់តែម្តងទៅ»។

សេចក្តីប្រកាសខាងលើគឺធ្វើឡើងបន្ទាប់ពីមានបញ្ហាមួយចំនួនបានកើតឡើងពាក់ព័ន្ធទៅនឹងដំណឹងបែងចែកខេត្តនេះដោយមានមន្ត្រីខ្លះបានធ្វើការដណ្តើមគ្នាធ្វើជាអភិបាលខេត្តហើយមានក្រុមខិលខូចមួយចំនួនចាប់ផ្តើមផ្គូរផ្គងឲ្យយកលុយគ្នា។

សូមបញ្ជាក់ជូនថា សេចក្តីប្រកាសរបស់សម្តេច ហ៊ុន សែនគឺធ្វើឡើង ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនដែលបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំកាលពីព្រឹកថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨ ។

ជាការកត់សម្គាល់ បន្ទាប់ពីមានដំណឹងបំបែកខេត្តលេចលឺមក ការទិញនិងលក់ដីធ្លីនៅតំបន់ភូមិសាស្រ្តក្បែតំបន់ខេត្តដែលគ្រោងបង្កើតកន្លងមក គឺបានមានសកម្មភាពយ៉ាងសកម្មដែលបានធ្វើឲ្យតម្លៃដីមានការប្រែប្រួលផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *