News

Check out real estate news updates

សង្គម​ស៊ីវិល ថា​ពលរដ្ឋ​ជាង​ ២ ​ម៉ឺន​គ្រួសារ​រង​ផលប៉ះពាល់​បញ្ហា​ដីធ្លី

ភ្នំពេញៈ រឿង​ដីធ្លី​គឺ​មាន​បញ្ហា​ស្មុគស្មាញ ហើយ​ប្រៀប​បាន​នឹង​ជំងឺ​មហារីក​ដ៏កាច​សាហាវ​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០ ០០០ ​គ្រួសារ​នៅ​​ទូទាំង​ប្រទេស ដោយសារ​តែ​ឈ្មួញ​ ឬ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា​។

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា​ថ្លែង​ពី​ម្សិលមិញ​ថា ចាប់​តាំងពី​ឆ្នាំ​ ២០១៣ ដល់​ឆ្នាំ​ ២០១៧ ប្រជាពលរដ្ឋ​មាន​ចំនួន​ជាង​ ២ ​ម៉ឺន​គ្រួសារ​នៅ​ខេត្ត​ចំនួន ៩ ​បាន​រង​ផលប៉ះពាល់​ដោយ​បញ្ហាដីធ្លី​ទាំង​ផ្ទាល់ និង​ប្រយោល​ដោយសារ​តែ​ក្រុមហ៊ុន​មួយ​ចំនួន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​។

លោក​ ថេង សាវឿន ថ្លែង​ថា​កសិករ​រស់នៅ​ពឹង​ដី បើ​គ្មាន​ដី ពួកគាត់​មិន​អាច​រស់នៅ​បាន​ទេ​។ ក្នុង​សិក្ខាសាលា​សហគមន៍​ថ្នាក់​ជាតិ​ស្តីពី​បញ្ហា​ដីធ្លី​ និង​ការតស៊ូ​មតិ​របស់​សហគមន៍​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ដាយកូនៀ រាជធានី​ភ្នំពេញ​មាន​រយៈពេល ២ ​ថ្ងៃ​ចាប់​ពីថ្ងៃ​​ទី​ ២២-២៣ ខែ​តុលា​គឺ​មាន​តំណាង​សហគមន៍​ដីធ្លី​មកពី​ ៩ ​រាជធានី-ខេត្ត ដូចជា រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ កោះកុង កណ្តាល ត្បូងឃ្មុំ ស្វាយរៀង ព្រះវិហារ និង​ខេត្ត​បន្ទាយមានជ័យ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​គាំទ្រ​សហគមន៍​ដីធ្លី​។

លោក​ ថេង សាវឿន បញ្ជាក់​ក្រោយ​សិក្ខាសាលា​ថា​៖ «​បញ្ហា​ទី​ ១ ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​សំណាក់​រដ្ឋាភិបាល​ដល់​ក្រុមហ៊ុន​ឯកជន​ដែល​មិន​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ ឬ​ក៏​មិន​មាន​ការពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​។ គាត់​ធ្វើការ​ឈូសឆាយ​យក​តែ​ម្តង​ដោយ​មិន​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។ ទី​ ២ នៅពេល​ដី​ឡើង​ថ្លៃ ឈ្មួញ​កណ្តាល​ ឬ​អ្នក​មាន​អំណាច​បង្កើត​ប្លង់ និង​បង្កើត​ឯកសារ និង​ឲ្យ​កម្មករ​ចូល​ឈូសឆាយ​តំបន់​ដីធ្លី និង​ការឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​ថ្នាក់​ក្រោម​មួយ​ចំនួន​ដែល​ធ្វើការ​រឹបអូស​យក​ដី​ដើម្បី​លក់​ឲ្យ​ឈ្មួញ​»​។

លោក​បន្ត​ថា​សិក្ខាសាលា​នេះ​ក្នុង​គោលបំណង​ចែករំលែក​បញ្ហា​ប្រឈម​ផលប៉ះពាល់ ក្តីកង្វល់​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​វិវាទ​ដីធ្លី ការរំលោភ​សិទ្ធិមនុស្ស និង​ការបាត់បង់​ធនធាន​ធម្មជាតិ តាម​សហគមន៍ និង​ខេត្ត​នីមួយៗ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ចែក​រំលែក​បទពិសោធ និង​កិច្ចអន្តរាគមន៍​ក្នុង​ដំណើរការ​ដោះស្រាយ​បញ្ហា​ដីធ្លី​។

បើ​តាម​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​វិនិយោគ​កម្ពុជា​មាន​ចំនួន​ ១១៤ ​កន្លែង និង​មាន​ផ្ទៃដី​ចំនួន​ ៩២៤ ៨៩៦ ​ហិកតា​ក្រុមហ៊ុន​វៀតណាម​មាន​ចំនួន​ ៥៥ ​កន្លែង​មាន​ផ្ទៃដី​ចំនួន​ ៣៥៦ ៥៦០ ​ហិកតា ក្រុមហ៊ុន​ចិន​មាន​ចំនួន​ ៤២ ​កន្លែង​មាន​ផ្ទៃដី​ ៣៦៩ ១០៧ ​ហិកតា​។

ប៉ុន្តែ​លោក​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ច្រាន​ចោល​ការលើក​ឡើង​របស់​លោក​ ថេង សាវឿន ដែល​ថា​បញ្ហា​ដីធ្លី​ជា​ជំងឺ​មហារីក​ដ៏កាចសាហាវ និង​មាន​ការ​ឃុបឃិត​ពី​អាជ្ញាធរ​នោះ​ដោយ​លោក​ សុផារ៉ា ចាត់ទុក​ការអះអាង​នេះ​មិនមាន​មូលដ្ឋាន និង​ភ័ស្តុតាង​ច្បាស់លាស់​។

លោក​បញ្ជាក់​ថា​៖ «​ទៅ​យក​អ្វី​ដែល​គេ​ចេះ​តែ​ថា​ [​មក​សរសេរ​ហ្នឹង​] តើ​បាន​ការ​អីហ្នឹង​? គេ​និយាយ​ហើយ​ [​យើង​] យក​មក​សរសេរ​នាំ​តែ​ថោក​ហ្នឹង​។ យក​ឯកសារ​យក​ភ័ស្តុតាង​ដែល​ថា​ប៉ះពាល់​នៅ​ទី​ណា​បាន​គេ​និយាយ​កើត​។ ឥឡូវ​ទីតាំង​នៅ​ទីណា​ផលប៉ះពាល់​នៅ​កន្លែង​ណា ហើយ​តើ​អ្នក​នោះ​ជា​អ្នករងគ្រោះ ឬ​ជា​អ្នក​រំលោភ​យក​ដី​គេ ឬ​ដី​រដ្ឋ?»​។

លោក​ ហ៊ី រ៉ា ដែល​ជា​ប្រជាពលរដ្ឋ​មួយ​រូប​ក្នុង​ចំណោម​ ១០៤ ​នាក់​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​សហគមន៍​ខាង​លើ​បាន​ថ្លែង​ស្រដៀង​គ្នា​ដែរ​ថា បញ្ហា​ដីធ្លី​គឺជា​ជំងឺមហារីក​ដ៏កាចសាហាវ​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដោយសារ​តែ​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​ឈ្មួញ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ជាមួយ​អាជ្ញាធរ​បាន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​។

លោក​ថា​៖ «​ដោយសារ​តែ​អាជ្ញាធរ​បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ជា​ប្រព័ន្ធ​វា​ធ្វើ​ឲ្យ​យើង​ពិបាក​ប្តឹង​ផ្ដល់​ហើយ​ទទួល​បាន​យុត្តិធម៌ ដូច្នេះ​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​យើង​។ ដោយសារ​លំហូរ​ចូល​នៃ​ជនជាតិ​ចិន​យ៉ាងគំហុក និង​ដី​ឡើង​ថ្លៃ​ធ្វើឲ្យ​អ្នកមាន​លុយ និង​អំណាច​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​»​។

ដោយឡែក​លោក​ ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក មាន​ប្រសាសន៍​ថា​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​របាយការណ៍​អង្គការ​សង្គម​ស៊ីវិល ពីព្រោះ​ថា​ការវិនិច្ឆ័យ​លក្ខណៈ​នៃ​បញ្ហា​ដីធ្លី និង​ម្យ៉ាង​ទៀត​ដោយសារ​ខ្លួន​មិន​ចង់​ទទួល​យក​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល និង​រក​ដំណោះស្រាយ​នោះ​។

លោក​ថ្លែង​ថា​៖ «​ខាង​សង្គម​ស៊ីវិល​យើង​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ចុះសម្រង់​ទិន្នន័យ​ជាមួយ​ប្រជាពលរដ្ឋ ប៉ុន្តែ​ខាង​អាជ្ញាធរ​ករណី​មួយ​ចំនួន​មិន​បាន​ចូល​ឲ្យ​ដិតដល់​ពលរដ្ឋ​ទេ ហើយ​ពលរដ្ឋ​ក៏​មិន​មាន​ទំនុក​ចិត្ត​ជាមួយ​អាជ្ញាធរ ដូច្នេះ​ហើយ​បាន​ជា​មាន​ករណី​មួយ​ចំនួន​ពុំ​បាន​ទៅ​ដល់​អាជ្ញាធរ​»​។

លោក​ ករុណា បន្ថែម​ថា​អាជ្ញាធរ​បាន​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ឯកជន និង​ឈ្មួញ ឬ​អ្នក​មាន​អំណាច ដោយសារ​តែ​ខ្លួន​បាន​ផ្តល់​ការអនុញ្ញាត និង​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន ឈ្មួញ ឬ​អ្នក​មាន​អំណាច​ក្នុង​ការធ្វើ​វិនិយោគ ពីព្រោះ​ខ្លួន​ទទួល​បាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​ឯកជន ឈ្មួញ ឬ​អ្នក​មាន​អំណាច​៕

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *