News

Check out real estate news updates

វៀត​ណាម ផ្តល់​ឱ​កាស​ល្អ​សម្រាប់់​ការ​​វិ​និ​យោគ​លើ​អ​ច​ល​ន​ទ្រព្យ​

ក្រុង​ហា​ណូយៈ ​​វៀត​ណាម​នឹង​ក្លាយ​ជា​ទិស​ដៅ​ដ៏​គួរ​​ឲ្យ​ទាក់​ទាញ​មួយ​សម្រាប់​ការ​វិ​និ​យោគ​ និង​អា​ជី​វកម្ម​អចល​ន​​ទ្រព្យ ដោយ​សារ​តែ​តម្រូវ​ការ​ខ្ពស់​​ខាង​ផ្នែក​លំ​នៅ​ឋាន ​ហេ​ដ្ឋា​​​រច​នា​សម្ព័ន្ធ​សួន​ឧស្សាហ​កម្ម ​ផ្សារ​ទំ​នើប​ និង​អចល​ន​ទ្រព្យ​ទេស​ចរណ៍​។​

ក្នុង​សន្និ​សីទ​អចល​ន​ទ្រព្យ​​អន្តរ​ជាតិ​ឆ្នាំ ២០១៨ (IREC)​ ដែល​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ ហា​​ណូយ​ កាល​ពី​ដើម​ខែ​នេះ​ លោក Pham Hong Ha រដ្ឋ​មន្ដ្រី​​ក្រ​សួង​សំ​ណង់​​​​ឲ្យ​ដឹង​ថា កំ​ណើន​ថ្មី​ៗ​នៃ​ទី​ផ្សារ​អចលន​ទ្រព្យ​​បាន​រួម​ចំ​ណែក​ដល់​ការ​អភិ​វឌ្ឍ​យ៉ាង​រហ័ស និង​ប្រ​កប​​ដោយ​ស្ថិរ​ភាព​របស់​ប្រ​ទេស​ វៀត​ណាម​។​

លោក​ថ្លែង​​ថា​៖ «​វា​ចូល​​រួម​ចំ​ណែក​ដល់​ការ​អភិ​វឌ្ឍ​ដ៏​រឹង​មាំ​​របស់​វិ​ស័យ​ហិរញ្ញ​វត្ថុ មូល​បត្រ ការ​ងារ ​និង​ទី​ផ្សារ​សេ​វា និង​ឧស្សាហ​កម្ម​ដែល​ជាប់​ទាក់​ទង​ជា​ច្រើន​ទៀត ដូច​ជា​សម្ភារ​សំ​ណង់​ និង​ការ​សាង​សង់​ផង​ដែរ​​»​។​

​លោក​បាន​កត់​សម្គាល់​​ថា រដ្ឋា​ភិ​បាល​វៀត​ណាម​​វាយ​តម្លៃ​យ៉ាង​ខ្ពស់​ ចំ​ពោះ​​តួ​នា​ទី​ដ៏​ស​កម្ម​ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​​​ក្រុម​ហ៊ុន​​ក្នុង​ស្រុក និង​បរ​ទេស​​ក្នុង​ទី​ផ្សារ​អចល​ន​ទ្រព្យ​របស់​​ប្រ​ទេស​នេះ​។​

​លោក​បន្ថែម​ថា​៖ «​អចលន​ទ្រព្យ​ស្ថិត​នៅ​លើ​កំ​ពូល​គេ​​​ក្នុង​វិ​ស័យ​ពា​ណិជ្ជ​កម្ម​ ទាក់​ទង​​នឹង​ប្រាក់​ចំ​ណូល​​នៅ​វៀត​ណាម​។​ ឧស្សាហ​កម្ម​អចល​ន​ទ្រព្យ​របស់​​វៀត​ណាម​ គឺ​ជា​បណ្ដាញ​ការ​វិ​និ​យោគ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ ដោយ​សារ​មាន​លទ្ធ​ភាព​ផ្តល់​​​ប្រាក់​ចំ​ណេញ​ខ្ពស់​នៅ​ក្នុង​តំ​បន់​អា​ស៊ី​អា​គ្នេយ៍»។​

​លោក Nguyen Van Sinh ​អនុ​រដ្ឋ​មន្ដ្រី​ក្រ​សួង​​សំ​ណង់​ឲ្យ​ដឹង​ថា ទោះ​ទី​ផ្សារ​អច​លន​ទ្រព្យ ​​ក្នុង​ស្រុក​​នៅ​មាន​ភាព​ក្មេង​​ខ្ចី នៅ​ឡើយ​ក្តី ក៏​ទី​ផ្សារ​នេះ​​បាន​កត់​ត្រា​ការ​អភិ​វឌ្ឍ​​វិជ្ជ​មាន​​ជា​ច្រើន​ ដោយ​ផ្ដល់​ការ​កែ​លម្អ​ដល់​ទី​ក្រុង​ និង​លើក​កម្ពស់​ជីវ​ភាព​​រស់​នៅ​របស់​ប្រ​ជា​ជន។

លោក​ថ្លែង​បន្ត​ថា ក្នុង​វិ​ស័យ​លំ​នៅ​ឋាន​ លំ​នៅ​ឋាន​មាន​​ទំ​ហំ​ជាង ៧០ ​​លាន​ម៉ែត្រ​កា​រ៉េ​ ត្រូវ​បាន​អភិ​វឌ្ឍ​ជា​រៀង​រាល់​ឆ្នាំ​​ចាប់​តាំង​ពី​ឆ្នាំ​ ១​៩៩៩ មក។

លោក​បន្ថែម​ថា នៅ​ពេល​នេះ​ វៀត​ណាម ​​​​មាន​លំ​នៅ​ឋាន​ប្រ​ហែល ២,១ ​ពាន់​លាន​ម៉ែត្រ​កា​រ៉េ​ ដោយ​ផ្ទៃ​ក្រ​ឡា​​​ម៉ែត្រ​កា​រ៉េ​ក្នុង​មនុស្ស​ម្នាក់​បាន​កើន​ឡើង​​​​ពី ៩,៧ ម៉ែត្រ​កា​រ៉េ​កាល​ពី​ឆ្នាំ ១​៩៩៩ ដល់ ​២៣,​៧ ម៉ែត្រ​កា​រ៉េ​​ក្នុង​​ឆ្នាំ ​២០១៨​។

​ក្រុម​អ្នក​ជំ​នាញ​​បាន​ឲ្យ​ដឹង​ថា កំ​ណើន​ទេស​ចរណ៍​ដ៏​រឹង​មាំ​របស់​ប្រ​ទេស​នេះ​ត្រូវ​បាន​រំ​ពឹង​ថា​នឹង​ជា​កត្តា​ដ៏​សំ​ខាន់​ក្នុង​ការ​ជំ​រុញ​ទី​ផ្សារ​​​អចល​ន​ទ្រព្យ​​ផ្នែក​រម​ណីយ​ដ្ឋាន​របស់​ប្រ​ទេស​នេះ និង​ទាក់​ទាញ​ចំ​ណាប់​អា​រម្មណ៍​ពី​​​ក្រុម​វិ​និ​យោ​គិន​ក្នុង​ស្រុក និង​វិ​និ​យោ​គិន​​បរ​ទេស​។​

​កាល​ពី​ឆ្នាំ​មុន ប្រ​ទេស​នេះ​​បាន​​ជាប់​ចំ​ណាត់​ថ្នាក់​ទី ៦​ ក្នុង​ចំ​ណោម​​ប្រ​ទេស​ចំ​នួន ១០ ដែល​​​មាន​អត្រា​កំ​ណើន​ទេស​​ចរ​ខ្ពស់​បំ​ផុត​​នៅ​លើ​ពិ​ភព​លោក​ ពោល​គឺ​មាន​អត្រា​កំ​ណើន​ ៣០ ​ភាគ​រយ​ ដែល​​ធ្វើ​​ឲ្យ​ទេស​ចរណ៍​​ក្លាយ​ជា​វិ​ស័យ​ដ៏​សំ​ខាន់​មួយ​ក្នុង​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​សង្គម​របស់​ខ្លួន​​។​

ចំ​នួន​ភ្ញៀវ​ទេស​ចរ​​ក្នុង​ស្រុក​​បាន​កើន​ពី​ ៧២​ លាន​នាក់​​​កាល​ពី​ឆ្នាំ​ ២០១៦ ដល់ ៨៦​ លាន​នាក់​កាល​ពី​ឆ្នាំ​ ២០​១៧ ហើយ​​មាន​ការ​​​រំ​ពឹង​ថា ចំ​នួន​ភ្ញៀវ​ទេស​ចរ​បរ​ទេស​ដែល​​ចូល​មក​ទស្សនា​ប្រ​ទេស​ ​វៀតណាម​ នឹង​កើន​ឡើង​ ដែល​បង្កើត​លក្ខ​ខណ្ឌ​ល្អ​សម្រាប់​អច​លន​ទ្រព្យ​រម​ណីយ​ដ្ឋាន​តម្លៃ​ខ្ពស់​។​

លោក Tran Dao Duc អគ្គ​នា​យក​រង​​​ក្រុម​ហ៊ុន CEO Group ដែល​ជា​​​ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​​អចល​ន​ទ្រព្យ​មួយ​ក្នុង​ចំ​ណោម​ក្រុម​ហ៊ុន​​ល្បី​ឈ្មោះ​​​​ធំ​​​ទាំង​ ១០ នៅ​​​ប្រ​ទេស​ វៀត​ណាម​ ឲ្យ​ដឹង​ថា​ ឧស្សាហ​កម្ម​ទេស​ចរណ៍​​​​វៀត​ណាម​​​នៅ​តែ​មា​ន​ឱ​កាស​សម្រាប់​ការ​អភិ​វឌ្ឍ ​បន្ថែម​ទៀត​។

​លោក​​បាន​មាន​ប្រ​សាសន៍​​​ថា​៖ «​វៀត​ណាម​​មាន​ភាព​ទាក់​ទាញ​ចំ​ពោះ​​​​ក្រុម​វិ​និ​យោ​គិន​អចល​ន​ទ្រព្យ ដោយ​​សារ​តែ​ស្ថិរ​ភាព​នយោ​​បាយ​​ សេដ្ឋ​កិច្ច​ និង​សង្គម​របស់​ប្រ​ទេស​នេះ​ ព្រម​ទាំង​​​ប្រ​ជា​ជន​វ័យ​ក្មេង​​ដែ​ល​​​មាន​ត​ម្រូវ​ការ​​​អចល​ន​ទ្រព្យ​​​ខ្ពស់»៕

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *