News

Check out real estate news updates

វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍​ គាំទ្រ​ការសាងសង់​ព្រលានយន្តហោះ​នៅ​ក្រុង​ប៉ោយប៉ែត

ភ្នំពេញ៖ ក្រុមការងារ​ឯកជន​ផ្នែក​វិស័យ​ទេសចរណ៍ បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការវិនិយោគ​សាងសង់​ព្រលានយន្តហោះ ជា​លើកដំបូង​នៅ​ទីក្រុង​ប៉ោយប៉ែត ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Poipet Airport Investment។

លោកស្រី ឧកញ៉ា ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២២ តុលា​នេះ​ថា ការវិនិយោគ​គំរោង​នេះ​ពិតជា​ល្អ​ម្យ៉ាង ព្រោះ​វា​ផ្តល់​ជម្រើស​ការធ្វើដំណើរ​ច្រើន សម្រាប់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍ ដោយសារ​ការធ្វើដំណើរ​តាមផ្លូវ​គោក​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ប៉ោយប៉ែត​ចំណាយពេល៥ទៅ៦ម៉ោង ហេតុនេះ​ប្រសិន​ជាមាន​ព្រលានយន្តហោះ​នេះ នឹង​កាត់បន្ថយ​ពេលវេលា​សំរាប់​ការធ្វើដំណើរ ដោយ​ប្រជាជន​អាច​ចេញពី​ប៉ោយប៉ែត តាម​រថយន្ត​ទៅ​ក្រុង​បាងកក​បរទេស​ថៃ ចំណាយពេល​ត្រឹមតែ៣ទៅ៤ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ធ្វើដំណើរ​តាម​រថយន្ត​ពី​ក្រុងភ្នំពេញ ពួកគេ​អាច​ចំណាយពេល​ពេញ​មួយថ្ងៃ។

លោកស្រី​បន្តថា “ក្រៅពី​ភ្ញៀវ​ក្នុងស្រុក ព្រលាន​នេះ​អា​ចត​ភ្ជាប់​ជាមួយ​ព្រលាន​ខេត្តសៀមរាប ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដែល​អាច​ផ្តល់​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មាន​ជម្រើស​ច្រើន និង​ចំណាយ​ពេលវេលា​តិច ទៅកាន់​គោលដៅ​នានា។លោកស្រី​បន្តថា “បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មានតែ​សណ្ឋាគារ និង​កាស៊ីណូ ហេតុនេះ​ភ្ញៀវ​អាច​ទទួលបាន​ផលិតផល​ពីរ គឺ​ការកម្សាន្ត​បែប​ស៊ី​វិ​ល័យ និង​វប្ប​ធ៌​ម តាមរយៈ​ការកាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ។

លើកឡើង​ស្រដៀង​គ្នា​ផងដែរ លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​នេះ និង​ជាទី​ប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍ថា ព្រលាន​នេះ​ពិតជា​ល្អ វា​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ ដែល​អា​ចត​ភ្ជាប់​ជាមួយ​ព្រលានយន្តហោះ​ក្នុងស្រុក ពិសេស​អាចជួយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើដំនើរ​ទៅ​ប្រទេស​ថៃ ដោយ​មិន​ចំណាយពេល​ច្រើន ព្រោះ​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា ជាង១លាន​នាក់​បានចេញ​ដើរ​កំសាន្ត ទៅពិនិត្យ​សុខភាព និង​ទៅធ្វើ​ជំនួញ​នៅ​ប្រទេស​ថៃ​ក្នុង​មួយឆ្នាំ។

លោក​បន្តថា “ប្រសិនជា​ព្រលាន​នេះ​មាន​សមត្ថភាព អា​ចត​ភ្ជាប់​ជាមួយ​ព្រលាន​ក្នុងស្រុក​ដទៃទៀត ពិតជា​ប្រសើរ​ណាស់ ដើម្បី​ផ្តល់​ជម្រើស​ធ្វើដំណើរ ក៏ដូចជា​គោលដៅ​ដើរ​កំសាន្ត​របស់​ភ្ញៀវ​អន្តរជាតិ​បន្ថែមទៀត។

បើតាម​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​ត​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សិរី​វុត្ថា​បាន​ឲ្យ​ដឹងថា ព្រលាន​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់​វិនិយោគ​ចន្លោះ​ពី៤០ ទៅ៥០លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់ឡើង ដែល​ព្រលាន​នេះ​បាន​សាងសង់​លើកដំបូង​នៅ​កំឡុង​ឆ្នាំ២០០៧ ប៉ុន្តែ​បាន​ពន្យា​ពេល​រហូត​មកទល់ពេលនេះ។ លោក​បន្តថា តាម​គំរោង​ព្រលាន​នេះ​នឹង​សាងសង់​ឡើងវិញ​នៅពេលឆាប់ៗនេះ ដែល​ទំហំ​ព្រលាន​នេះ​មាន​ប្រមា ណ​ជាង១០០ហិកតា។

លោក​បន្តថា “ព្រលាន​នេះ​បានទទួល​ការឯកភាព​ជាគោលការណ៍ ពី​រដ្ឋាភិបាល​អនុ​ញ្ញា​ត្ត​ឲ្យ​សាងសង់​ឡើងវិញ​រួចហើយ។

បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត មាន​មនុស្ស​រស់នៅ​ជាង ២០ម៉ឺន​នាក់ ដែល​រួមបញ្ចូល​ជាមួយ​ជនបរទេស ពិសេស​អ្នកវិនិយោគ​និង​ប្រជាជន​ចិន បាន​ចូល​ទៅកាន់​ទីក្រុង​នេះ​ច្រើន ដែល​បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លី និង​អចលនទ្រព្យ​ក្នុង​ទីក្រុង​នេះ​កើនឡើង​យ៉ាងគំហុក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *