News

Check out real estate news updates

វិស័យ​សំណង់​កើនឡើង​ខ្ពស់​នាំ​ឲ្យ​កម្មករ​សំណង់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​បរទេស​ទទួល​បាន​កម្រៃ​ខ្ពស់​ជាង​ក្រុមហ៊ុន​ក្នុងស្រុក

​រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​បរិបទ​វិស័យ​សំណង់​មានការ​រីក​ចម្រើន​ស្ទើរ​ទូ​ទាំង​ប្រទេស​ជា​ពិសេស​កំណើន​វិនិយោគិន​ពី​ប្រទេស​ចិន​លើ​វិស័យ​សំណង់​និង​អចល​ទ្រព្យ គឺ​កត់សម្គាល់​ឃើញ​ថា​វិស័យ​នេះ​កំពុង​ជំរុញ​ឱ្យ​ទីផ្សារ​និង​តម្រូវការ​កម្មករ​មាន​កាន់តែ​ច្រើន​ខ្ពស់​ផង​ដែរ ជា​ពិសេស​គឺ​នៅ​ខេត្ត​ព្រះ​សីហ​នុ​តែ​ម្តង ។

ទន្ទឹម​នឹង​តម្រូវ​កម្មករ​សំណង់​នៅ​តាម​ការដ្ឋាន​នានា​មានការ​កើនឡើង​នេះ គេ​សង្កេត​ឃើញ​កម្មករ​កំពុងធ្វើការ​នៅ​ក្រុមហ៊ុន​បរទេស​ទាំង​អ្នក​គ្មាន​ជំនាញ និង​មាន​ជំនាញ គឺ​ទទួល​បាន​ប្រាក់​កម្រៃ​ពលកម្ម​ខ្ពស់​ជាង​កម្មករ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ខណៈ​ដែល​ការងារ​កម្មករ​សំណង់​ប្រឈម​មុខ​ទៅ​នឹង​ការ​កើត​ជំងឺ​មហា​សួត​ក្នុង​ពេល​ណាមួយ​តាម​រយៈ​គ្រឿងសំណង់​ខ្លះ​មាន​ផ្ទុក​នូវ​សា​ធាតុ​អា​បេស​ស្តុ​ស​ក៏​ដោយ ។

តាម​កម្មករ​សំណង់​មក​ពី​ខេត្ត​ព្រៃ​វេ​ង លោក ឈួ​ន រតនា បន្ទាប់​ពី​បាន​ចូល​ធ្វើ​ការងារ​ជា​កម្មករ​សំណង់​ផ្នែក​រៀប​ឥដ្ឋ​រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ​ជីវភាព​គ្រួសារ​មាន​លក្ខណៈ​ប្រសើរ​ជាង​ពេល​មុន ដោយសារ​ប្រាក់​កម្រៃ​ពលកម្ម​ធ្វើការ​ពី​ក្រុមហ៊ុន​បរទេស​ទទួល​បាន​ខ្ពស់​ជាង​មុន ពោល​ក្នុង​មួយ​ថ្ងៃ​លោក​ទទួល​បាន​ជិត​៥​ម៉ឺន​រៀល ហើយ​ប្រពន្ធ​របស់​លោក​វិញ​ក៏​ទទួល​បាន​ជាង​៣​ម៉ឺន​រៀល ឬ​ស្មើនឹង​៩​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​កម្មករ​ធ្វើការ​នៅ​ក្រុមហ៊ុន​ក្នុងស្រុក​បាន​តែ​២៧០០០ រៀល​ទៅ​ជាង ៣​ម៉ឺន​រៀល សម្រាប់​អ្នកមាន​ជំនាញ​នោះ ។

​លោក ឈួ​ន រតនា បានឱ្យ​ដឹង​ថា «​ខ្ញុំ​ចូល​ធ្វើការ​ក្នុង​វិស័យ​សំណង់​នេះ​មាន​រយៈពេល​២​ទៅ​៣​ឆ្នាំ​ហើយ ជាង​អ្នក​រៀបចំ​ឥដ្ឋ​និង​បូក​ស៊ីម៉ង់ត៍​។ សព្វ​ថ្ងៃនេះ​ទទួល​បាន​ចំណូល​ពី​ការងារ​ប្រចាំ​ថ្ងៃ​បាន​ជិត ៦​ម៉ឺន​រៀល ឬ​ស្មើ​ប្រមាណ​១៤ ទៅ ១៥​ដុល្លារ​អា​មេ​រិ​ក ខណៈ​ពេល​ចូល​ធ្វើការ​ដំបូង​បាន​១២​ដុល្លារ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ »​។

ទន្ទឹម​នឹង​ការ​ទទួល​បាន​ប្រាក់​កម្រៃ​ពលកម្ម​ក្នុង​មួយ​ថ្ងៃ​ជិត​៦​ម៉ឺន​រៀល​នេះ​លោក ឈួ​ន​រតនា​ក៏​មាន​ភាព​រអ៊ូរទាំ​ខ្លះ​ដែរ ព្រោះ​រយៈពេល​ធ្វើការ​ច្រើន​ម៉ោងជាង កម្មករ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ក្នុងស្រុក​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​បើ​មើលទៅ​ជីវភាព​របស់​គ្រួសារ​លោក​គឺ​មាន​ភាព​ប្រសើរ​ជាង​មុន​។ ​លោក​បាន​បញ្ជាក់​ថា «​ក្នុង​មួយ​ខែ ក្រៅពី​កាត់​ចំណាយ​ហើយ ពីរ​នាក់​ប្តី​ប្រពន្ធ​អាច​សន្សំ​បាន​ប្រាក់​ពី​៣០០​ទៅ​៤០០​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ផ្គត់ផ្គង់​ដល់​ក្រុម​គ្រួសារ​»​។

ចំណែក​លោក ញឹ​ម ណា​ក់ ជា​កម្មករ​សំណង់​មក​ពី​ខេត្តកំពង់ស្ពឺ ជា​កម្មករ​ធម្មតា​ធ្វើ​ការងារ​ចល័ត​រយៈពេល​ច្រើន​ឆ្នាំ​បានឱ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​ទទួល​បាន​ប្រាក់​កម្រៃ​ពលកម្ម ទទួល​បាន​សព្វ​ថ្ងៃនេះ ច្រើន​ជាង​ឆ្នាំ​មុន គឺថា​បច្ចុប្បន្ន​ទទួល​បាន​កម្រៃ ចំនួន ៣២០០០ រៀល​ក្នុង​មួយ​ថ្ងៃ ខណៈ ឆ្នាំ​មុន​បាន​តែ​ប្រមាណ​២ ៧០០០ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ។ លោក​បាន​លើក​ឡើង​ថា ប្រាក់​ចំណូល​ទទួល​បាន​សព្វ​ថ្ងៃនេះ​វា​បាន​ត្រឹមតែ​ទប់ទល់​ការ​នឹង​ការ​ហូប​ចុក ហើយ​សល់​បាន​តិចតួច ព្រោះ​ថ្លៃ​ទំនិញ​ក៏​វា​ឡើងថ្លៃ​ជា​ប្រចាំ​។

​បើ​តាម​កម្មករ​សំណង់​មក​ពី​ខេត្តកំពង់ស្ពឺ​ដដែល​បាន​ឲ្យ​ដឹង​ថា «​កម្មករ​គ្មាន​ជំនាញ​ធ្វើការ​នៅ​ក្រុមហ៊ុន​បរទេស​ទទួល​បាន​ចំណូល​ពី​ការងារ​ប្រហែល​៤​ម៉ឺន​រៀល អ្នកជំនាញ​ពី​១៥​ដុល្លារ​ទៅ​២០​ដុល្លារ​។ តែ​សម្រាប់​កម្មករ​ធ្វើការ​នៅ​ក្រុមហ៊ុន​ក្នុងស្រុក​ខ្លះ​ផ្តល់​ប្រាក់​កម្រៃ​ឲ្យ​កម្មករ តែ​២៧០០០ រៀល និង​អ្នកជំនាញ​អាច​បាន​ជាង​៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​»​។ ​តាម​យុវជន​ម្នាក់​មក​ពី​ខេត្តកំពង់ចាម លោក ផាត់​សុ​ផា​ន់​ណា ត្រៀម​ធ្វើការ​ផ្នែក​ទឹក​និង​ភ្លើង​នៅ​ក្នុង​បុរី​ធំ​មួយ​បានឱ្យ​ដឹង​ថា ខ្ញុំ​មក​ធ្វើការ​នៅ​ក្នុង​វិស័យ​សំណង់​នេះ​តាម​រយៈ​បងប្អូន​របស់​លោក ក្នុង​ដំណាក់កាល​ដំបូង​នេះ​ទទួល​បាន​ប្រាក់​កម្រៃ​ពលកម្ម​បាន​៣​ម៉ឺន​រៀល ហើយ​ប្រាក់​កម្រៃ​ទទួល​បាន​វា​សម​ស្រប​អាច​ទទួលយក​បាន​សម្រាប់​យើង​មិន​ទាន់​មាន​ជំនាញ »​។ ​លោក​បាន​លើក​ឡើង​ថា «​បើ​ខ្ញុំ​ចេះ​ជំនាញ ឬ​បាន​យល់​ដឹង​បាន​តិចតួច​ថែម​ទៀត នោះ​ប្រាក់​កម្រៃ​អាច​ឡើង​ខ្លះ​ទៀត​។ បើ​គេ​មាន​ជំនាញ​គេ​ទទួល​បាន​ពី​៤៥០០០ រៀល​ទៅ ៤៦០០០ រៀល​ក្នុង​មួយ​ថ្ងៃ​»​។

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​១៩​ឆ្នាំ​មាន​ជាង​៤​ម៉ឺន​លាន​ដុល្លារ​អា​មេ​រិ​ក
​ថ្នាក់ដឹកនាំ​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់​ធ្លាប់​បានឱ្យ​ដឹង​ថា ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈពេល​១៩​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០០០​ដល់​២០១៩​នេះ​មាន​ទុន​វិនិយោគ​ប៉ាន់ស្មាន​ជាង​៤​លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក​ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី ៤ ខែកក្កដា​កន្លង​មក​ថា «​ចាប់ពី​ឆ្នាំ​២០០០​រហូត​ដល់​មក​ដល់​ឆ្នាំ​២០១៩ នេះ​មាន​គម្រោង​វិនិយោគ​ប្រមាណ​ជាង​៤៥.២៦៥​គម្រោង មាន​តម្លៃ​ទុន​វិនិយោគ​ប៉ាន់ស្មាន​ប្រមាណ​៤៤.៥៧៦​លាន​ដុល្លារ​អា​មេ​រិ​ក​។ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ឆ្នាំ​២០១៨​មាន​៥.២៥៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ធ្វើ​ប្រចាំ​ថ្ងៃ​មាន​ប្រមាណ​២០​ម៉ឺន​នាក់​» ៕ កែសម្រួលដោយ ៖ សុឃាក់

More information visit: https://kohsantepheapdaily.com.kh/article/885876.html

Leave a Reply

Your email address will not be published. Required fields are marked *