News

Check out real estate news updates

វិស័យ​ខុន​ដូ​ចាប់ផ្តើម​ផ្តោតលើ​តម្លៃ​ក្រោម ៥ ម៉ឺន​ដុល្លារ​ជាទី​ផ្សារ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​

នៅពេល​វិស័យ​ខុន​ដូ បានចាប់កំណើត​ដំបូង​នៅ​កម្ពុជា​កាលពី​ចុង​ទស​វ​ត្យ​រ៍​ឆ្នាំ ២០០០ មាន​គម្រោង​តែ​ពីរ ទៅ​បី​ប៉ុណ្ណោះ ត្រូវបាន​សាងសង់​នៅ​ភ្នំពេញ ហើយ​សុទ្ធសឹង​ធ្វើឡើង ដើម្បី​ឆ្លើយតប​តម្រូវការ​អតិថិជន ជា​ជនបរទេស​។ ប៉ុន្តែ​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ ស្ថានភាព​ទីផ្សារ​បាន​ផ្លាស់ប្តូរ​។ និន្នាការ​ថ្មី​មួយ​បាន​លេចឡើង ដោយសារ​កំណើនប្រជាជន​កម្ពុជា វណ្ណៈ​កណ្តាល ហើយ​ពួកគេ កំពុង​ត្រូវការ​លំនៅឋាន​ផ្ទាល់ខ្លួន ដែលមាន​បែបបទ​រស់នៅ​ស៊ី​វិ​ល័យ​។​
​លោក អ៊ុក ច័ន្ទ​ដារ៉ាវុធ នាយក​ផ្នែក​លក់​និង​ទីផ្សារ​នៃ​ក្រុមហ៊ុន Seven Residence Co Ltd បាន​សង្កេតឃើញថា តម្រូវការ​ខុន​ដូ​ដែល​សាងសង់ ស្របតាម​តម្រូវការ​ប្រជាជន​ក្នុងស្រុក​ចាប់ផ្តើម​កើនឡើង ប៉ុន្តែ​ក៏​នៅមាន​ភាពមិន​ស៊ីចង្វាក់​គ្នា រវាង​តម្រូវការ និង​ការផ្គត់ផ្គង់​ខុន​ដូ សម្រាប់​ប្រជាជន​ក្នុងស្រុក​។ ដូច្នេះហើយ​បានជា​ក្រុម​ហ៊ុ Seven Residence សម្រេច​សាងសង់​អគារ​ខុន​ដូ The Seven Residence Condominium ដែល​ប្រភេទ​ខុន​ដូ​តម្លៃ​សមរម្យ ស្ថិតនៅ​ខណ្ឌ​សែន​សុខ​។​
​លោក​អ៊ុក ច័ន្ទ​ដារ៉ាវុធ ថ្លែងថា​៖«​ពេលនេះ ប្រជាជន​កម្ពុជា​កាន់តែ​ច្រើនឡើង ចាប់អារម្មណ៍​ទិញ​ខុន​ដូ តែ​គ្រាន់តែ​ថា​ពួកគេ ចង់បាន​តម្លៃ​សមរម្យ​ជាង គម្រោង​ខុន​ដូ​មុនៗ​»​។ លោក​បន្តថា ក្រុមហ៊ុន The Seven Residence បាន​លក់​ចេញ ៣០​ភាគរយ ចាប់តាំងពី​បើក​លក់​គម្រោង​ខុន​ដូ​តម្លៃ​សមរម្យ​នេះ កាលពី​ខែមករា​។ ជាង ៩០ ភាគរយ នៃ​អ្នកបញ្ជា​ទិញ គឺជា​អតិថិជន​កម្ពុជា​។​
​លោក​បន្តថា​៖«​ក្នុង​រយៈពេល ៥​ឆ្នាំ​ទៀត ប្រជាជន​កម្ពុជា នឹង​លែង​សូវ​ទិញ​ផ្ទះល្វែង​ទៀតហើយ ដោយសារ​តម្លៃ​កាន់តែ​ថ្លៃ ហើយ​មាន​ទីតាំង​ឆ្ងាយ ពី​កណ្តាល​ក្រុង​។ ពួកគេ នឹង​ងាក​មក​ទិញ​ខុន​ដូ ដែលមាន​តម្លៃ​សមរម្យ​វិញ ដែល​ស្ថិតនៅ​ជិត​តំបន់​ទីប្រជុំជន​»​។​
​វា​ជា​និន្នាការ​ថ្មី​មួយ នៅក្នុង​វិស័យ​ខុន​ដូ​នៅ​កម្ពុជា​។ អ្នក​អភិវឌ្ឍន៍​ជាច្រើន កំពុង​ផ្លាស់ប្តូរ​ការយកចិត្តទុកដាក់​របស់​ពួកគេ មករក​អ្នកទិញ​ក្នុងស្រុក​។​
​ជាទូទៅ ខុន​ដូ​តម្លៃ​សមរម្យ​នាពេលនេះ មានតម្លៃ​ប្រហែល ៥ ម៉ឺន​ដុល្លារ ក្នុង​មួយ​យូ​នី​ត ឬ ស្មើនឹង ១,៤០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។​
​យោងតាម​របាយការណ៍​ថ្មី​មួយ របស់​ក្រុមហ៊ុន​គ្រប់គ្រង​សេវា​អចលនទ្រព្យ CBRE គម្រោង​ខុន​ដូ​ចំនួន ១៣ គម្រោង បានបញ្ចប់​ការសាងសង់ ហើយ​ដាក់លក់​នៅលើ​ទីផ្សារ​ផ្ទះសម្បែង​ក្នុងអំឡុង​ឆមាស​ទីមួយ ឆ្នាំនេះ​។ របាយការណ៍​នេះ បានឱ្យដឹងថា ជិត ៧០​ភាគរយ នៃ​គម្រោង​ទាំងនេះ គឺជា​ខុន​ដូ​តម្លៃ​សមរម្យ​។​
​ខុន​ដូ​តម្លៃ​សមរម្យ​កំពុងមាន​កំណើន​នៅក្នុង​ទីផ្សារ​

​តួលេខ​របស់ CBRE បាន​បង្ហាញថា គិត​ត្រឹម​ដំណាច់ខែ​មិថុនា ការផ្គត់ផ្គង់​ខុន​ដូ​សរុប​នៅ​ភ្នំពេញ មាន​ចំនួន ១៦,៦៥៧ យូ​នី​ត​។ ក្នុងនោះ​ខុន​ដូ​តម្លៃ​មធ្យម មាន​ប្រហែល​ពាក់កណ្តាល ខណៈ​គម្រោង​ខុន​ដូ​តម្លៃ​សមរម្យ និង​តម្លៃ​ខ្ពស់ មាន​ជាង ២០ ភាគរយ​ដូចគ្នា​។ CBRE បាន​ចាត់ថ្នាក់​ខុន​ដូ​តម្លៃ​មធ្យម ដោយ​គិត​ក្នុង​មួយ​ម៉ែត្រការ៉េ ស្មើ​តម្លៃ ៣,២៥៤​ដុល្លារ ចំណែក​ខុន​ដូ​តម្លៃ​មធ្យម ២,៥៦៨​ដុល្លារ និង​ខុន​ដូ​តម្លៃ​សមរម្យ ១,៥០១​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។​
​លោក James Hewson អ្នកគ្រប់គ្រង​ការស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​របស់ CBRE បាន​ថ្លែងថា ការអភិវឌ្ឍ​ខុន​ដូ​ដែលមាន​តម្លៃ​សមរម្យ នៅមាន​ចំណែក​តូច​នៅឡើយ ធៀប​នឹង​ចំនួន​ខុន​ដូ​សរុប តែ​វា​កំពុងមាន​កំណើន​ខ្លាំង នៅ​មួយឆ្នាំ​ចុងក្រោយ​។ លោក​បាន​មានប្រសាសន៍ថា​៖«​ឥឡូវនេះ មានការ​ផ្គត់ផ្គង់​ខុន​ដូ​តម្លៃ​ខ្ពស់​នៅក្នុង​ទីផ្សារ តែ​ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពុង​ចាប់ផ្តើម​សាងសង់​ខុន​ដូ​តម្លៃ​សមរម្យ ដើម្បី​កាត់បន្ថយ​ហានិភ័យ លើ​ការពឹង​តែ​ខុន​ដូ​តម្លៃ​ខ្ពស់​មួយ​មុខ ដែល​ហាក់​មាន​ភាពឆ្អែត​រួចទៅហើយ​»​។ លោក​បន្តថា​៖«​មានការ​ព្យាករ​ថា ខុន​ដូ​តម្លៃ​សមរម្យ នឹងមាន​ការកើនឡើង​ការផ្គត់ផ្គង់​យ៉ាងខ្លាំង ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខនេះ​»​។​
​លោក​បាន​បន្ថែមថា កំណើន​ភាគច្រើន​នៃ​ខុន​ដូ គឺ​អាស្រ័យ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​លទ្ធភាព​ប្រើប្រាស់​។ នេះ​ជាការ​ព្រួយបារម្ភ​ចម្បង សម្រាប់​គម្រោង​ដែលមាន​តម្លៃ​សមរម្យ ដែលជា​ញឹកញាប់ ជ្រើសរើស​ទីតាំង ចុះ​ពី​ទីប្រជុំជន​ដើម្បី​រក្សា​តម្លៃ​ទាប​។​
​យោងតាម​របាយការណ៍​របស់ CBRE នៅ​ឆ្នាំ​ក្រោយនេះ ខុន​ដូ​ដែល​បញ្ចប់​ការសាងសង់​ហើយ​ដាក់​នៅលើ​ទីផ្សារ នឹង​កើន​ដល់ ៤០,០០០ យូ​នី​ត​នៅ​ភ្នំពេញ​។ ក្នុងនោះ​ជាង​មួយ​ភាគ​បួន ជា​ប្រភេទ​ខុន​ដូ​តម្លៃ​សមរម្យ​៕

Leave a Reply

Your email address will not be published. Required fields are marked *