News

Check out real estate news updates

វិស័យ៣ ដែល​ជួយ​ឱ្យ​កម្ពុជា បន្ត​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច ៧,១% នៅឆ្នាំ​២០១៩

លោក​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា កំណើន​នៃ​វិស័យ​សំខាន់ៗ​ចំនួន​៣ ដែល​ជួយ​ឱ្យកម្ពុជា បន្ត​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា ៧,១% ប្រហាក់​ប្រហែល​នឹង​អត្រា​កំណើន​សេដ្ឋកិច្ច​ឆ្នាំ២០១៨​នេះ​រួមមាន៖

​ទី​១. កំណើន​នៃ​វិស័យ​ឧស្សាហកម្ម នៅ​បន្ត​រក្សា​ភាពរឹងមាំ​ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ​ ក្នុង​រង្វង់​១០% ដែលមាន​ជាអាទិ៍​សំខាន់ៗ​ដូចជា វិស័យ​សំណង់​, វិស័យ​កាត់ដេរ​, វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​ ទាំង​សម្រាប់​នាំចេញ និង​បម្រើ​ក្នុងស្រុក​ជាដើម​។​ល​។

ទី​២. វិស័យ​សេ​វា​កម្ម នៅ​បន្ត​កំណើន​ក្នុង​អត្រា​៧%

និង​ទី​៣. វិស័យ​កសិកម្ម ដែល​អាច​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ១,៨%។

ការ​លើកឡើង​របស់​លោក អូន ព័ន្ធមុនីរ័ត្ន ខាងលើនេះ ធ្វើឡើងក្នុង​ជំនួប​ពិភាក្សា​ជាមួយលោក Phillippe Baudry ទីប្រឹក្សា​សេដ្ឋកិច្ច នៃ​ស្ថានទូត​សាធារណរដ្ឋបារាំង ប្រចាំ​នៅកម្ពុជា កាលពី​ព្រឹកថ្ងៃទី៣១ ខែ​តុលា ឆ្នាំ​២០១៨ នៅទីស្តីការ​ក្រសួង​សេដ្ឋកិច្ច។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច។

លោក​ឧប​នាយករដ្ឋមន្រ្តី បញ្ជាក់​បន្ថែម​ថា ផ្អែក​តាម​សូចនាករ​ម៉ាក្រូ​សេដ្ឋកិច្ច កម្ពុជា​នៅតែ​អាច​បន្ត​សម្រេច​បាននូវ​កំណើនសេដ្ឋកិច្ចក្នុង​រង្វង់ ៧% ទៅ ៧,២% ក្នុងមួយ​ឆ្នាំ នៅក្នុង​រយៈពេល​ខ្លី និង​មធ្យម​ខាងមុខ។

ក្នុងជំនួប​ពិភាក្សា​នេះ លោក Phillippe Baudry បាន​គូសបញ្ជាក់​ថា នឹង​បន្ត​ខិតខំ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើគ្រប់​គោលនយោបាយ និង​វិស័យ​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

ទីប្រឹក្សា​រូបនេះ ក៏បាន​សន្យាដែរ​ថា នឹង​ប្រឹងប្រែង​ចែក​រំលែក​នូវ​បទពិសោធនានាពីឆាក​អន្តរជាតិ បន្ត​ការគាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​បច្ចេកទេស ដើម្បី​ជួយ​ជំរុញដល់ការ​អភិវឌ្ឍ និង​វិនិយោគ ទាំងលើ​វិស័យ​សាធារណៈ ក៏ដូចជា វិស័យ​ឯកជន​ឱ្យកាន់តែ​រីកចម្រើន​បន្ថែមទៀត​នៅកម្ពុជា៕

Source From: http://kleykley.sabay.com.kh/article/1099751#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *