News

Check out real estate news updates

វិស័យអចលនទ្រព្យស្រួលរកស៊ី បានជាយុវជនខ្មែរសម្រុករកស៊ីច្រើនបែបនេះ?

រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញយុវជនខ្មែរជាច្រើន កំពុងប្រឡូករកស៊ី ឬធ្វើជាភ្នាក់ងារអចលនទ្រព្យ ដែលជាវិស័យដ៏ថ្មីនេះយ៉ាងផុសផុល។ កំណើនកើនលឿនរហ័យបែបនេះ អាចមកពីកត្តាសក្តានុពលវិស័យនេះអាចជំរុញឲ្យយុវជនឆាប់ជោគជ័យ ឬងាយស្រួលរកស៊ី តែគេមិនអាចមើលស្រាលលើអាជីវកម្មណាមួយនោះទេ ព្រោះភាពជោគជ័យនីមួយៗ តែងកើតចេញពីការខិតខំប្រឹងប្រែងខ្លាំងណាស់ ទម្រាំទទួលបានជោគជ័យ។

លោកគង់ ឌីណា ជាប្រធានផ្នែកលក់ក្រុមហ៊ុន First Property បានថ្លែងប្រាប់ Business Cambodia ថា បានជាយុវជនខ្មែរយើង បច្ចុប្បន្នមានកំណើនខ្លាំងលើការរកស៊ីវិស័យអលចនទ្រព្យនេះ យើងអាចនិយាយបានថា មានងាយស្រួល ដោយសារ Business បែបសេវាកម្មនេះ យើងអាចប្រើប្រាស់ការចរចា និងណែនាំភ្ញៀវ ហើយអាចទទួលបានចំណូលមួយខ្ពស់ មិនចាំបាច់ចំណាយដើមទុនខ្ពស់។ សម្រាប់វិស័យអចលនទ្រព្យខុសពីអាជីវកម្មផ្សេងដាក់ទុនច្រើន បានផលចំណេញ តែវិស័យនេះផ្ទុយគ្នា ទុនស្ទើរតែមិនដាក់ សហគ្រិនប្រើតែកម្លាំង និងពេលវេលា តែចំណូលបានច្រើន ដែលជាកត្តាទាក់ទាញយុវជនខ្មែររកស៊ីវិស័យនេះច្រើន។

ក៏ប៉ុន្តែ ខ្លះក៏ជោគជ័យ និងបរាជ័យផងដែរ ដោយសារតែវិស័យនេះមិនចេះតែជោគជ័យងាយៗនោះទេ វាទាមទារឲ្យយើងចេះច្រើនទាក់ទងច្បាប់ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ភូមិសាស្ត្រ ភាសាបរទេស និងចំណេះដឹងអចលនទ្រព្យជាដើម ដូច្នេះមិនមែនចេះលែងៗនោះទេ បើចង់ជោគជ័យនោះ។ នេះបើតាមការបញ្ជាក់ប្រធានផ្នែកលក់ខាងលើនេះ។

លោកបន្ថែមថា បើយើងចេះវិស័យអចលនទ្រព្យច្បាស់លុយមិនពិបាករកនោះទេ ព្រោះយើងអាចរកអចលនទ្រព្យដែលមានទីតាំងល្អ និងតម្លៃក្រោមទីផ្សារឲ្យភ្ញៀវ ហើយនិងចេះចរចាធ្វើយ៉ាងណាចំណេញទាំងអ្នកទិញ និងអ្នកលក់ ជាពិសេសបើយើងស្គាល់អ្នកទិញ និងអ្នកលក់ច្បាស់ ភាពជោគជ័យរបស់យើងកាន់តែមានច្រើន។ តែអ្វីៗទាំងប៉ុន្មាន ត្រូវការបទពិសោធន៍ និងការខិតខំប្រឹងប្រែង ព្រោះក៏មានយុវជនមួយចំនួនផងដែរ តែសម្រេចចិត្តបោះបង់វិស័យនេះក្រោយប្រឡូកបានមួយរយៈតែមិនឃើញបានផ្លែផ្កាអ្វីសោះ។ ព្រោះវិស័យនេះក៏ទាមទារឲ្យមានការអត់ហ្មត់ ព្យាយាម និងការរងចាំផងដែរ មិនអាចធ្វើភ្លាម បានផលភ្លាមៗនោះទេ។

ស្រដៀងគ្នានេះ លោកខាត់ សុវណ្ណ ស្ថាបនិកCamtop Property Group បានលើកឡើងថា កំណើនអ្នករកស៊ីច្រើនលើវិស័យនេះ ដោយសារតែងាយស្រួលចាប់ផ្តើម ចំណាយទុនតិច និងឆាប់មានធៀបនឹងវិស័យផ្សេង។ តែយុវជនត្រូវដឹងថា ខ្លួនពិតជាមានចំណង់ចំណូលចិត្តខ្ពស់ឬទេ គ្រាន់តែឃើញគេមានបាន ចង់ធ្វើដូចគេ ព្រោះកន្លងមកក៏មានក្រុមហ៊ុនដួលច្រើនដែល ដោយសារតែមានគ្មានភាពច្បាស់លាស់លើវិស័យនេះ។

លោកបន្ថែមថា បើទោះបីជាមានអ្នកប្រឡូកក្នុងវិស័យនេះច្រើន តែយើងនៅខ្វះធនធានជំនាញច្រើន ដោយសារតែអ្នកថ្មីៗមិនសូវបានហ្វឹកហាត់ជំនាញលើវិស័យអចលនទ្រព្យឲ្យបានច្បាស់ ដូចជាខាងវាយតម្លៃ គ្រប់គ្រងអចលនទ្រព្យ ស្រាវជ្រាវ ដែលជំនាញសំខាន់ៗត្រូវបានបរទេសក្តោបក្តាប់យក។ ដូច្នេះយុវជនត្រូវមានទស្សនវិស័យឲ្យច្បាស់មុននឹងចូលប្រឡូក កុំចេះតែធ្វើតាមគ្នីគ្នាឲ្យសោះ ព្រោះអាចនឹងបរាជ័យខាតពេលវេលា និងលុយកាក់។

ចំណែកលោកភិន សុផល ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យបញ្ញាវ័ន្តលែន បានយល់ថា ការរកស៉ីវិស័យអចលនទ្រព្យដូចជាមិនងាយស្រួលពេកទេ បើធ្វើដោយត្រឹមត្រូវ ដោយស្របច្បាប់ និងដោយវិជ្ជាជីវៈ ព្រោះមុខរបរនេះមួយត្រូវប្រឈមមុខជាមួយច្បាប់ច្រើន ដូចជាត្រូវមានក្រុមហ៊ុនចុះបញ្ជីត្រឹមត្រូវ បង់ពន្ធជូនរដ្ឋប្រចាំខែ ពន្ធប្រចាំឆ្នាំ បង់ពន្ធប្រថាប់ត្រា មានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសជាងនេះទៅទៀតអ្នកអភិវឌ្ឍត្រូវចេះច្បាប់ភូមិបាលពីក្រសួងដែនដីនគររូបនីយកម្មផងដែរ៕

Source From: https://business-cambodia.com/2018/11/26/young-businessman-start-up-real-estate/

Leave a Reply

Your email address will not be published. Required fields are marked *