News

Check out real estate news updates

វិស័យសំណង់នឹងរងផលប៉ះពាល់ដោយសារវត្តមាននៃបច្ចេកវិទ្យា AI

វិស័យសំណង់នឹងរងផលប៉ះពាល់ដោយសារវត្តមាននៃបច្ចេកវិទ្យា AI។ យោងតាមរបាយការណ៍ថ្មីដែលចងក្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិកឈ្មោះថា CISCO និងក្រុមហ៊ុនវិភាគទិន្នន័យ Oxford Economics បានបង្ហាញថាវិស័យសំណង់ស្ថិតក្នុងចំណោមវិស័យធំៗដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេដោយបច្ចេកវិទ្យាសិប្បនិម្មិត AI។

របាយការណ៍ឈ្មោះថា «Technology and the future of ASEAN jobs» បានបង្ហាញថានៅក្នុងឆ្នាំ២០១៨ទីផ្សារការងារក្នុងប្រទេសទាំង៦ក្នុងតំបន់អាស៊ាននឹងកាត់បន្ថយកម្លាំងពលកម្មរហូតដល់ទៅ ២៨ លាននាក់ ដែលស្មើទៅនឹង១០ ភាគរយនៃកម្លាំងពលកម្មបច្ចុប្បន្នក្នុងប្រទេសទាំង៦នោះ។របាយការណ៍នេះធ្វើឡើងដោយសារការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា AI តាមរយៈកម្មវិធី software និង hardware ព្រមទាំងមនុស្សយន្តដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរលទ្ធភាពនៃការធ្វើអាជីវកម្មក្នុងតំបន់។ លទ្ធផលនៃរបាយការណ៍នេះគឺបានមកពីការវិភាគទិន្នន័យដែលក្រុមហ៊ុនបានសិក្សាលើផលប៉ះពាល់នៃបច្ចេកវិទ្យាទៅលើមុខរបរចំនួន ៤៣៣ ប្រភេទក្នុងឧស្សាហកម្មទាំង ២១។

ដូចដែលបានបង្ហាញនៅក្នុងក្រាហ្វិច ផលប៉ះពាល់អវិជ្ជមានរបស់វត្តមាននៃបច្ចេកវិទ្យា ទៅលើវិស័យសំណង់គឺស្មើទៅនឹង -៩,៤ភាគរយ ខណៈពេលដែលអត្រាបច្ចេកវិទ្យានឹងជំនួសកម្លាំងពលកម្មការងារគឺមានចំនួន (-២,០)ភាគរយ។ ទោះជាមានផលប៉ះពាល់អវិជ្ជមានយ៉ាងនេះក្តី របាយការណ៍នេះបានបន្ថែមថា វិស័យសំណង់តែមួយគត់នឹងមានតម្រូវការកើនឡើងនៃកម្លាំងពលកម្មថ្មីរហូតដល់ទៅ ០,៩ លាននាក់ក្នុងចន្លោះឆ្នាំ២០១៨ ដល់ ២០២៨ ដោយសារចង្វាក់ផលិតកម្មមានការកើនឡើងខ្ពស់ដែលជាហេតុធ្វើឲ្យការចំណាយផ្សេងៗមានការកើនឡើងដូចគ្នា។

កំណើននៃតម្រូវការកម្លាំងពលកម្មថ្មីនេះគឺដោយសារភាពជឿនលឿនរបស់វិស័យសំណង់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកូនយន្ដហោះ Drone ម៉ាស៊ីនឆ្លាតវៃ នឹងកម្មវិធី software សម្រាប់ប្រតិបត្តិការផ្សេងៗដែលទាំងនេះនឹងបង្កើនផលិតកម្មដែលនឹងបន្ថែមចំណូលសម្រាប់វិស័យមួយនេះ។ ជាមួយនឹងការកើនឡើងនៃចំណូលនេះ ការចំណាយលើការសាងសង់ក៏នឹងកើនឡើងផងដែរដែលចំណាយនេះគឺគ្រប់គ្រាន់ដើម្បីទូទាត់ផលប៉ះពាល់នៃការកាត់បន្ថយកម្លាំងពលកម្មដោយសារបច្ចេកវិទ្យា។

ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននៃការផ្លាស់ប្តូរបច្ចេកវិទ្យារបាយការណ៍នេះបានឲ្យដឹងថារាជរដ្ឋាភិបាលត្រូវឲ្យមានការផ្លាស់ប្តូរគោលនយោបាយក្នុងស្ថាប័នពាក់ព័ន្ធមួយចំនួនរួមមាន៖ ក្រុមហ៊ុនអាជីវកម្ម ស្ថាប័នអប់រំ អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងក្រុមកម្មករ។ស្ថាប័នទាំងនោះត្រូវរួមគ្នាផ្តល់ឧបករណ៍និងសម្ភារចាំបាច់ក៏ដូចជាជំនាញផ្សេងៗដើម្បីឲ្យកម្មករទាំងនោះត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរដែលបណ្តាលមកពីវត្តមាននៃបច្ចេកវិទ្យា។

Leave a Reply

Your email address will not be published. Required fields are marked *