News

Check out real estate news updates

វិស័យសំណង់និងអចលនទ្រព្យបន្តបង្កហានិភ័យក្នុងវិស័យហិញ្ញវត្ថុនៅកម្ពុជា

ស្របពេលដែលសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនរហូតដល់ទៅ ៧,១ ភាគរយក្នុងឆ្នាំ២០១៨នេះ វិស័យសំណង់និងអចលនទ្រព្យគឺបន្តបង្កហានិភ័យដល់វិស័យហិញ្ញវត្ថុ នេះបើយោងតាមការព្យាករណ៍របស់ធនាគាពិភពលោក។

ក្នុង«របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា»ចេញកាលពីព្រឹកថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ធនាគាពិភពលោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ហានិភ័យនានាក្នុងវិស័យហិរញ្ញវត្ថុបន្តកើនឡើងវានឹងពាក់ពន្ធ័ច្រើនទៅលើវិស័យសំណង់និងអចលនទ្រព្យ»។

តាមការបញ្ជាក់ក្នុងរបាយការណ៍ដដែលបានឲ្យដឹងថា ក្នុងរយៈពេល១២ ឆ្នាំចុងក្រោយនេះកំណើនឥណទានក្នុងស្រុករបស់ប្រទេសកម្ពុជាគឺមានល្បឿនលឿនជាងបណ្តាប្រទេសក្នុងតំបន់អាស៊ីខាងកើត។ ក្នុងនោះផងដែរ ការកើនឡើងនៃឥណទានក្នុងស្រុកសម្រាប់ផ្គត់ផ្គង់ចំណាយទៅលើវិស័យសំណង់និងអចលនទ្រព្យគឺបានបង្កឲ្យវិស័យហិញ្ញវត្ថុងាយនឹងទទួលភាពងាយរងគ្រោះ។ ម៉្យាងវិញទៀត វិស័យទាំងពីរនេះគឺបានទទួលកំណើនខ្លាំងក្នុងរយៈកាលយូរមកហើយចាប់តាំងពីចុងឆ្នាំ២០០៩មកម្ល៉េះ។

បន្ថែមជាងនេះទៅទៀត របាយការណ៍នេះក៏បានធ្វើការកត់សម្គាល់ផងដែរថា នាពេលថ្មីៗនេះ វិស័យអចលនទ្រព្យមានការផ្លាស់ប្ដូរទៅជាលក្ខណៈ«ការប៉ាន់ស្មាន»ដែលក្នុងនោះមានការកើនឡើងនៃនិន្នាការទិញនិងលក់ដីព្រមទាំងការអភិវឌ្ឍន៍ដីឡូតិ៍ជាមួយនឹងភាពមិនច្បាស់លាស់សម្រាប់ការវិនិយោគត្រឡប់មកវិញនាពេលអនាគត។

ទោះជាយ៉ាងនេះក្តី ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក លោក លី សុដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថាកម្ពុជាអាចចេញវិធានការណ៍ដើម្បីទប់ស្កាត់ហានិភ័យទាំងនេះបានតាមរយៈការអនុវត្តគោលនយោបាយមួយចំនួនដូចជាការការពារវិស័យហិរញ្ញវត្ថុឲ្យបានល្អ។

ដើម្បីកាត់បន្ថយសកម្មភាព«ការប៉ាន់ស្មាន»គោលនយោបាយសមស្របមួយចំនួនរួមមាន៖ ១) គោលការណ៍ណែនាំកម្ចី ២) ការដាក់ពន្ធបន្ថែមទៅលើការទិញនិងលក់អចលនទ្រព្យជាពិសេសកម្មភាពដែលមានគោលបំណងជា«ការប៉ាន់ស្មាន» ៣) ការធ្វើចំណាត់ថ្នាក់ប្រភេទឥណទានមិនដំណើរការរួមទាំងគោលនយោបាយហិរញ្ញវត្ថុផ្សេងទៀតផងដែរ។
Source From: https://www.construction-property.com/khread-more-1521/

Leave a Reply

Your email address will not be published. Required fields are marked *