News

Check out real estate news updates

វិស័យសំខាន់ៗ៤ សហភាពអារ៉ាប់រួមអាចនឹងបោះទុនវិនិយោគនៅកម្ពុជា

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញសហភាពអារ៉ាប់រួម វិនិយោគលើវិស័យសំខាន់ៗចំនួន៤ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញសហភាពអារ៉ាប់រួម ធ្វើការវិនិយោគនៅកម្ពុជា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ហើយវិស័យសំខាន់ៗចំនួន ៤ រួមមាន កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ។

ឯកឧត្តម បានលើកសំណើនេះឡើង នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ រីម អាល់ ហាស្ហីមី (REEM Al Hashimy) រដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានរៀបចំពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ នៃប្រទេសសហភាពអារ៉ាប់រួម ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានជម្រាបជូនលោកជំទាវ រីម អាល់ ហាស្ហីមី អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គោលនយោបាយគាំពារវិនិយោគ និងគោលការណ៍លើកទឹកចិត្តផ្សេងៗ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនវិនិយោគិនបរទេស ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី រីម អាល់ ហាស្ហីមី បានថ្លែងអំណរគុណដល់ ឯកឧត្តម ប៉ាន សូរស័ក្តិ ដែលបានចែករំលែកព័ត៌មានល្អៗ ទាក់ទងនឹងឱកាសវិនិយោគនៅកម្ពុជា និងបានសន្យាជួយជំរុញវិស័យឯកជនប្រទេសសហភាពអារ៉ាប់រួម ចូលមកសិក្សាអំពីលទ្ធភាពវិនិយោគនៅកម្ពុជា ក៏ដូចជាចូលរួមពិព័រណ៍ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម។

លើសពីនោះទៀត លោកជំទាវ រីម អាល់ ហាស្ហីមី បានបង្ហាញចេតនា មកបំពេញទស្សនកិច្ចនៅ កម្ពុជាក្នុងពេលឆាប់ៗខាងមុខ ដើម្បីស្វែងយល់កាន់តែច្បាស់ពីសក្តានុពលនៃវិស័យទេសចរណ៍ និងវប្បធម៌ដ៏សំបូរបែបរបស់កម្ពុជា សំដៅពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

Source From: https://business-cambodia.com/2018/11/28/saudi-arabia-may-invest-in-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *